ព័ត៌មាន
ADB មានមោទនភាពចំពោះភាពជាដៃគូជាមួយក្រសួងអប់រំ ក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ (USESDP-II) ដោយសម្រេចបានសមិទ្ធផលជាច្រើន
តំណាងធនាគារអភិវឌ្ឍន៍អាស៊ី ADB បានថ្លែងអបអរសាទរចំពោះការបិទបញ្ចប់គម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ (USESDP-II) ដោយជោគជ័យ និងបានគូសបញ្ជាក់នូវមោទនភាពក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡាគាំទ្រលើគម្រោងនេះ ដែលសម្រេចបានសមិទ្ធផលជាច្រើន។

នារសៀលថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី ADB ដឹកនាំដោយ លោកជំទាវ Ayako Inagaki នាយិកាជាន់ខ្ពស់ ការិយាល័យអភិវឌ្ឍន៍ធនធានមនុស្ស និងសង្គម (Senior Director, Human & Social Development Office) ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។

ក្នុងឱកាសនៃជំនួបនេះ តំណាង ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានអបអរសាទរចំពោះការបិទបញ្ចប់គម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ (USESDP-II) ដោយជោគជ័យ និងបានគូសបញ្ជាក់នូវមោទនភាពក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡាគាំទ្រលើគម្រោងនេះ ដែលសម្រេចបានសមិទ្ធផលជាច្រើន ព្រមទាំងបានថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា ចំពោះការផ្តល់កិច្ចសហប្រតិបត្តិការប្រកបដោយការយកចិត្តទុកដាក់ និងបានពិភាក្សាអំពីគម្រោងអភិវឌ្ឍវិស័យអប់រំ និងអាទិភាពថ្មីៗ ដូចជា៖ (១) វឌ្ឍនភាពនៃការអនុវត្តគម្រោង STEP UP និង SE4HC (២) ការពង្រឹងគន្លងអប់រំ (ផ្នែកវិទ្យាសាស្ត្រ វិទ្យាសាស្ត្រសង្គម និងការបណ្ដុះបណ្ដាលបច្ចេកទេសក្នុងការអប់រំកម្រិតមធ្យមសិក្សា) ដែលនឹងជំរុញការអប់រំ STEM និងកែលម្អការផ្លាស់ប្តូរពីសាលារៀនទៅការងារ (school-to-work transition) (៣) ការសិក្សាដែលកំពុងបន្តធ្វើការជាមួយ UNICEF និង ធនាគារពិភពលោក ស្តីពីផលប៉ះពាល់រយៈពេលខ្លី និងរយៈពេលវែងនៃការប៉ះពាល់នឹងកម្តៅខ្លាំងទៅលើលទ្ធផលនៃការសិក្សា និងវេទិកាជំនាញអន្តរជាតិ ADB (ADB International Skills Forum) នៅដើមខែធ្នូ ក្នុងទីក្រុងម៉ានីល។
ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ដែលបានគាំទ្រដល់គម្រោងកែលម្អគុណភាពអប់រំនៅកម្ពុជា និងបានលើកឡើងអំពីវឌ្ឍនភាពនៃកំណែទម្រង់វិស័យអប់រំ ដែលកំពុងផ្តោតយកចិត្តទុកដាក់លើ កំណែទម្រង់សាលារៀន ការចាប់ផ្តើមអនុវត្តសាកល្បងគន្លងអប់រំថ្មី ចាប់ពីថ្នាក់ទី១០ ដែលរួមមានគន្លង ថ្នាក់វិទ្យាសាស្ត្រ វិទ្យាសាស្ត្រសង្គម និងការអប់រំជំនាញបច្ចេកទេសវិជ្ជាជីវៈ, កំណែទម្រង់ការបណ្ដុះបណ្ដាលគ្រូបង្រៀន ជាពិសេសសមិទ្ធផលនានាដែលលេចចេញពីកិច្ចសហប្រតិបត្តិការ រវាង ADB និងក្រសួងអប់រំ យុវជន និងកីឡា ដែលបានឆ្លុះបញ្ចាំងតាមរយៈវឌ្ឍនភាពនៃការអនុវត្តស្តង់ដាសាលារៀនគំរូ ការបង្កើនឱកាសសិក្សានៅមធ្យមសិក្សាទុតិយភូមិប្រកបដោយសមធម៌ និងគុណភាព និងលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥ នេះ ដែលមានអត្រាប្រឡងជាប់ ៨៤,៥៦% ជាមួយកំណើនសិស្សនិទ្ទេស A ច្រើនជាងឆ្នាំមុនៗ។

ទន្ទឹមនឹងនេះ ក្រសួងបានដាក់ចេញនូវវិធានការមួយចំនួន ដូចជា៖ បន្តពង្រឹងសមត្ថភាពគ្រូបង្រៀន បង្កើនគុណវុឌ្ឍិគ្រូស្របតាមស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន ការដាក់បញ្ចូលបញ្ញាសិប្បនិមិ្មត AI ទៅក្នុងកម្មវិធីសិក្សាដើម្បីលើកកម្ពស់ការរៀន និងបង្រៀន ការធ្វើទំនើបកម្មសម្ភារៈសិក្សា ព្រមទាំងការវិនិយោគលើបុគ្គលដែលមានសមត្ថភាព មានទេពកោសល្យ និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តវិធីសាស្ត្របង្រៀនបែបថ្មីស្របតាមបំណិនសតវត្សទី២១។
ជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ធនាគារអភិវឌ្ឍន៍អាស៊ី ចំពោះភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការជាច្រើន ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា ជាពិសេសគាំទ្រដល់យុទ្ធសាស្ត្រអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាល ក្នុងបុព្វហេតុជំរុញកំណើនសេដ្ឋកិច្ចសង្គម ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០៕





-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព