ព័ត៌មាន
សម្ដេចតេជោ៖ កម្ពុជាមិនត្រូវការឱ្យប្រទេសជាមិត្តថ្កោលទោសថៃទេ ប៉ុន្ដែចង់ឱ្យជំរុញគោរពបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព ឈានទៅដោះស្រាយត្រឡប់មកប្រក្រតីភាពឡើងវិញ
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ជាថ្មីថា ពាក់ព័ន្ធនឹងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ កម្ពុជាចង់បានគឺមិនត្រូវការឱ្យប្រទេសជាមិត្តណាមួយរបស់កម្ពុជាទៅថ្កោលទោសប្រទេសណាទេ ប៉ុន្ដែអ្វីដែលកម្ពុជាចង់បាន គឺការជំរុញឱ្យភាគីទាំងពីរគោរពបទឈប់បាញ់មួយឱ្យមានប្រសិទ្ធភាព និងការស្វែងរកដំណោះស្រាយ ដើម្បីឈានទៅរកការដោះស្រាយមួយទទួលបានប្រក្រតីភាពឡើងវិញរវាងប្រទេសទាំងពីរ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម Dato Seri’ Ahmad Zahid bin Hamidi ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍តំបន់ និងជនបទ នៃសហព័ន្ធ ម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងនៅក្រោយជំនួបនេះថា តាមរយៈជំនួបនេះ សម្ដេចតេជោ ក៏បានបញ្ជាក់អំពីស្ថានភាពទូទៅនៃបញ្ហាព្រំដែន រវាងកម្ពុជា-ថៃ ដែលកំពុងឋិតនៅជាកង្វល់ ព្រោះវាជាបញ្ហាមួយដែលផុយស្រួយខ្លាំងណាស់ក្នុងការប៉ះទង្គិចគ្នាឡើងវិញ។
សម្ដេចតេជោ បញ្ជាក់ទៅកាន់ឯកឧត្តមឧបនាយករដ្ឋមន្រ្ដីម៉ាឡេស៊ីថា «អ្វីដែលកម្ពុជាចង់បានគឺមិនត្រូវការឱ្យប្រទេសណាមួយដែលជាមិត្តរបស់កម្ពុជាទៅថ្កោលទោសប្រទេសណាទេ ប៉ុន្ដែអ្វីដែលកម្ពុជាចង់បាន គឺការជំរុញឱ្យភាគីទាំងពីរគោរពបទឈប់បាញ់មួយឱ្យមានប្រសិទ្ធភាព និងការស្វែងរកដំណោះស្រាយដើម្បីឈានទៅរកការដោះស្រាយមួយឈានមកទទួលបានប្រក្រតីភាពឡើងវិញរវាងប្រទេសទាំងពីរ»។
ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានអរគុណ តាមរយៈឯកឧត្តម ឧបនាយករដ្ឋមន្រ្ដីម៉ាឡេស៊ី ដោយសម្ដេចតេជោ បានអរគុណចំពោះឯកឧត្តមនាយករដ្ឋមន្រ្ដីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ដែលបានធ្វើសកម្មភាពយ៉ាងសកម្មជាទីបំផុតក្នុងការចូលរួមចំណែកដោះស្រាយបញ្ហារវាងកម្ពុជា និងថៃ។
សម្ដេចតេជោ បានបង្ហាញនូវការគោរពចំពោះតួនាទីស្នូលរបស់ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម ដែលមានសារៈសំខាន់ណាស់ ក្នុងការធានាឱ្យមានបទឈប់បាញ់ និងការដោះស្រាយបញ្ហារវាងកម្ពុជា និងថៃក្នុងឋានៈឯកឧត្តមជាប្រធានអាស៊ាន។ សម្ដេចតេជោ ក៏បានផ្ដាំផ្ញើនូវការនឹករឭក និងអរគុណក្រៃលែងចំពោះការចូលរួមយ៉ាងសកម្មរបស់ប្រទេសម៉ាឡេស៊ី លើការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ។
ជាចុងក្រោយសម្ដេចតេជោ ក៏បានលើកឡើងអំពីបញ្ហានៅប្រទេសមីយ៉ាន់ម៉ា និងទីម័រឡេស្ដេ ដែលម៉ាឡេស៊ីក្នុងឋានៈជាប្រធានអាស៊ាន បានជួយឱ្យទីម័រឡេស្ដេ អាចចូលជាសមាជិកពេញសិទ្ធិអាស៊ាននាពេលដ៏ខ្លីខាងមុខនេះផងដែរ៕



-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន6 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន5 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន2 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន4 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ