ព័ត៌មាន
គម្រោង CAPFISH-Capture របស់EU បានបិទបញ្ចប់ បន្សល់ទុកនូវកេរតំណែល និងផលជះយូរអង្វែង នៃការរីកចម្រើនវិស័យជលផលនៅកម្ពុជា
ភ្នំពេញ៖ គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) អនុវត្តដោយអង្គការសហប្រជាជាតិដើម្បីអភិឌ្ឍន៍ឧស្សាហកម្ម (UNIDO) គាំទ្រដោយសហភាពអឺរ៉ុប (EU) បានប្រកាសបិទបញ្ចប់ហើយ ដែលបានបន្សល់ទុកនូវកេរតំណែល និងផលជះយូរអង្វែងនៃការរីកចម្រើន របស់វិស័យជលផលនៅកម្ពុជា ។

ពិធីប្រកាសបិទបញ្ចប់គម្រោង ធ្វើឡើងកាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អ៊ីហ្គ័រ ឌ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និងលោក ដេហ្សេណេ តេហ្សេរ៉ា នាយកការិយាល័យអភិវឌ្ឍន៍កសិ-ពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធ នៃអគ្គនាយកដ្ឋានគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDG) នវានុវត្តន៍ និងការផ្លាស់ប្តូរសេដ្ឋកិច្ច នៃអង្គការ UNIDO ប្រចាំទីក្រុងវីយ៉េន ប្រទេសអូទ្រីស ក្រោមប្រធានបទ “បរិវត្តកម្មជលផល ដើម្បីកំណើនប្រកបដោយចីរភាព និងបរិយាប័ន្ន” ។

ចាប់តាំងពីការចាប់ផ្តើមអនុវត្ត ដល់បច្ចុប្បន្ន គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល បានបង្កើនផលិតភាពផលជលផលក្នុងស្រុក ដោយគិតគូរជាចម្បងលើគុណភាព សុវត្ថិភាព និងនវានុវត្តន៍ និងបង្កើនភាពប្រកួតប្រជែងលើទីផ្សារបានកាន់តែទូលំទូលាយ ។ គិតមកត្រឹមពេលនេះ សហគ្រាសចំនួន២២ ទទួលបានវិញ្ញាបនប័ត្រនិមិត្តសញ្ញា បញ្ជាក់គុណភាពកម្ពុជា (CQS) និងសហគ្រាសចំនួន៤ ទទួលបានវិញ្ញាបនប័ត្រសុវត្ថិភាពចំណីអាហារ (HACCP) ហើយសហគ្រាសចំនួន៤២ បានអនុវត្តអនុលោមភាពសុវត្ថិភាពម្ហូបអាហារ ហើយពួកគេបានបង្កើនប្រតិបត្តិអាជីវកម្ម ដោយសារពួកគេ មានលទ្ធភាពប្រកួតប្រជែង លើទីផ្សារបានល្អប្រសើរ ហើយអាចផលិត និងផ្គត់ផ្គង់ផលិតផលទៅកាន់ទីផ្សារបានច្រើនមុខជាងមុន ។

លោក Dejene TEZERA ប្រធានផ្នែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងកសិពាណិជ្ជកម្ម អគ្គនាយកដ្ឋានគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់អង្គការ UNDIO ស្នាក់ការកណ្តាល បានថ្លែងថា គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល បានចូលរួមបង្កើតនូវផលជះជាវិជ្ជមានដល់សេដ្ឋកិច្ចសង្គម តាមរយៈការចូលរួមពង្រីកនូវចំណែកទីផ្សារ លើកកម្ពស់សុវត្ថិភាពម្ហូបអាហារ កែលម្អជីវភាពរស់នៅ និងការបង្កើនឱកាសការងារក្នុងតំបន់ ដោយមានការចូលរួមបានទូលំទូលាយជាងមុន ។

ឯកឧត្តម អ៊ីហ្គ័រ ឌ្រីសម៉ាន់ បានថ្លែងថា លទ្ធផលទាំងនេះបានគូសបញ្ជាក់យ៉ាងច្បាស់ថា រាល់គម្រោងដែលគាំទ្រថវិកាដោយម្ចាស់ជំនួយ គឺមិនអាចខ្វះបាននូវភាពជាម្ចាស់របស់ប្រទេសសាម៉ី និងស្ថាប័ន ទទួលបន្ទុក និងសហគ្រិនភាពដើម្បីធ្វើឲ្យគម្រោងមានផលជះជាវិជ្ជមាន ហើយជំនឿជាក់ថា សហគ្រាសក្នុងស្រុកនឹងនៅតែបន្តស្មារតី និងកិច្ចខិតខំប្រឹងប្រែងក្នុងភាពមោះមុតដូចគ្នា នារយៈពេលប៉ុន្មានឆ្នាំតទៅមុខទៀតក្នុងភាពជាម្ចាស់ ជាភ្នាក់ងារជំរុញវឌ្ឍនភាពឆ្ពោះទៅអនាគតដ៏ត្រចះត្រចង់មួយ ។

ឯកឧត្តម ឌិត ទីណា មានប្រសាសន៍ថា ភាពជោគជ័យនៃគម្រោង CAPFISH-Capture ឆ្លុះបញ្ចាំងឱ្យឃើញអំពីការវិវឌ្ឍនៃការកែច្នៃផលិតផលជលផលក្រោយប្រមូលផល ដោយផ្ដោតលើគុណភាព និរន្ដរភាព និងបរិយាប័ន្ន ។ សមិទ្ធផលដែលក្រសួងនិងអង្គការដៃគូរបស់យើងសម្រេចបានរួមគ្នាកន្លងមក មិនត្រឹមតែជួយឱ្យវិស័យជលផលលូតលឿនទៅមុខតែម្យ៉ាងទេ តែវាបានរួមចំណែកលើកកម្ពស់ជីវភាពប្រជាជន និងសេដ្ឋកិច្ចជាតិឱ្យប្រសើរឡើងបានមួយកម្រិត ។

ឯកឧត្តមបានបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តការប្ដេជ្ញាចិត្តរបស់ខ្លួនដើម្បីធ្វើការជាមួយប្រជានេសាទ អ្នកកែច្នៃ និងសហគ្រាសនានា ដើម្បីឱ្យពួកគាត់អាចទទួលផលពីការធ្វើទំនើបកម្ម ប្រកបដោយការប្រកួតប្រជែង និងការទទួលខុសត្រូវចំពោះបរិស្ថាន ៕ អត្ថបទ បាន សុខរិទ្ធិ


-
PR NEWS7 days agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន1 week agoសម្ដេចធិបតីអបអរទិវាពិភពលោក ទឹក និងឧតុនិយម ខណៈ «ទឹក» គឺជាប្រភពនៃជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាព
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ រាជរដ្ឋាភិបាល បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសកម្មភាពកងកម្លាំងថៃ ឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា និងសហភាពអឺរ៉ុប ត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត
-
ព័ត៌មាន1 week agoលិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក
-
ព័ត៌មាន7 days agoកម្ពុជាស្នើស្នើសហភាពអឺរ៉ុបបន្តគាំទ្រចក្ខុវិស័យឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបោសសម្អាតយុទ្ធភណ្ឌគ្រឿងបន្សល់ទុកដោយយោធាថៃ
-
ព័ត៌មាន6 days agoរដ្ឋមន្រ្តីជំរុញឱ្យមន្រ្ដីសុខាភិបាលរាជធានី ខេត្តយកចិត្តទុកដាក់លើមរណភាពមាតា និងទារកពេលបង្កកំណើត
-
កីឡា1 week agoទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង នៅព្រះសីហនុ ធ្វើឡើងដើម្បីទាក់ទាញទេសចរណ៍