ព័ត៌មាន
អន្តរភាគី ពិភាក្សា គម្រោងរៀបចំបង្កើត គ្លីនិកចល័ត និងការផ្តល់ជំនួយអាហារូបត្ថម្ភដល់កុមារ
នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យ គណៈប្រតិភូក្រុមហ៊ុន Sino Group និងក្រុមហ៊ុន YHS (Cambodia) Food & Beverage Pte Ltd (Yeo’s) ដឹកនាំដោយ លោក Na Wu Beng ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន Yeo’s ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមផងដែរពីសំណាក់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំង ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។
ជំនួបនារសៀលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីគោរពជម្រាបអំពីបច្ចុប្បន្នភាពការងាររបស់ក្រុមហ៊ុនផលិតភេសជ្ជៈ Yeo’s នៅកម្ពុជា ដែលកំពុងមានដំណើរការរលូនក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ក៏ដូចជាការចែកចាយលក់នៅក្នុងទីផ្សារ និងជាពិសេស គឺដើម្បីពិភាក្សាលើគម្រោងសិក្សាលទ្ធភាពក្នុងការរៀបចំបង្កើតគ្លីនិកចល័ត (Mobile Clinic) និងការផ្តល់ជំនួយអាហារូបត្ថម្ភដល់កុមារជាសិស្សានុសិស្សនៅតាមបណ្តាខេត្តនានា ដើម្បីចូលរួមក្នុងសកម្មភាពទំនួលខុសត្រូវសង្គម (Corporate Social Responsibility – CSR) លើវិស័យសុខាភិបាល ក៏ដូចជាវិស័យអប់រំនៅកម្ពុជា ដែលជាការឆ្លើយតបទៅនឹងសំណើរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានលើកឡើងក្នុងជំនួបជាមួយ លោក Robert Ng ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Sino Group កាលពីថ្ងៃទី១១ ខែកញ្ញា កន្លងទៅ នៅទីក្រុងហុងកុង។
ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវក្តីសោមនស្សរីករាយចំពោះការសម្រេចចិត្ត និងចំណាត់ការយ៉ាងឆាប់រហ័សរបស់ លោក Robert Ng លើសំណើរបស់ឯកឧត្តម ក្នុងការពិនិត្យលទ្ធភាពលើការរៀបចំបង្កើតគ្លីនិកចល័ត (Mobile Clinic) ដើម្បីផ្តល់សេវាសុខាភិបាលប្រកបដោយនវានុវត្តន៍ និងបច្ចេកវិទ្យាវេជ្ជសាស្រ្តជាន់ខ្ពស់ ជូនដល់បងប្អូនប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាល និងតំបន់ងាយរងគ្រោះ ក៏ដូចជា គម្រោងក្នុងការផ្តល់ជំនួយអាហារូបត្ថម្ភដល់កុមារជាសិស្សានុសិស្ស ដើម្បីចូលរួមបំបាត់បញ្ហាកង្វះអាហារូបត្ថម្ភ និងជំរុញការរីកលូតលាស់ឱ្យបានសមស្រប។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបទៅកាន់គណៈប្រតិភូក្រុមហ៊ុនដែរថា ភាគីរាជរដ្ឋាភិបាលកម្ពុជា រីករាយ និងត្រៀមលក្ខណៈរួចជាស្រេចក្នុងការផ្តល់កិច្ចសហការសម្របសម្រួល លើការសិក្សាសមិទ្ធិលទ្ធភាពគម្រោងដូចដែលបានរៀបរាប់ខាងលើ ដើម្បីគម្រោងអាចបោះជំហានទៅមុខក្នុងដំណាក់កាលបន្តបន្ទាប់ រហូតដល់សម្រេចបានជោគជ័យលេចចេញជារូបរាង។ ឯកឧត្តមបានបន្ថែមថា ការទទួលបានការថែទាំសុខភាពប្រសើរ ការទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់តាមវ័យ និងការទទួលបានការអប់រំ គឺជាកត្តាជំរុញឱ្យមូលធនមនុស្សនៅកម្ពុជាកាន់តែមានការរីកចម្រើន ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិនៅថ្ងៃអនាគត។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំង ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោង រៀបចំបង្កើតគ្លីនិកចល័ត និងការផ្តល់ជំនួយអាហារូបត្ថម្ភដល់កុមារ ព្រមទាំងបានបង្ហាញនូវសុឆន្ទៈយ៉ាងមុតមាំក្នុងការចូលរួមសហការផ្តល់កិច្ចសម្របសម្រួល ដើម្បីជំរុញគម្រោងនេះឱ្យប្រព្រឹត្តទៅបានដោយរលូន ដើម្បីបានជាប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សដែលមានតម្រូវការជាចាំបាច់៕











-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន6 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន5 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន2 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន