ព័ត៌មាន
បក្សនយោបាយ អ្នកឃ្លាំមើល និងមន្រ្ដីរបស់ថៃ៖ ការប្រើប្រាស់សំឡេងបំភិតបំភ័យជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ
ជាបន្តបន្ទាប់ ក្រោយពីបានឃើញញត្តិបន្ទាន់របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ដាក់បណ្តឹងទៅឧត្តមស្នងការអង្គការសប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសពាក់ព័ន្ធទៅនឹងការប្រើប្រាស់សំឡេងរំខាន បំភិតបំភ័យ និងយាយីផ្លូវចិត្តដល់ប្រជាជនកម្ពុជានៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បក្សនយោបាយ អ្នកឃ្លាំមើលសិទ្ធិមនុស្ស និង សមាជិកព្រឹទ្ធសភាថៃ បានជំរុញឱ្យក្រសួងការបរទេសថៃ ពិនិត្យមើលករណីយនេះ ខណៈការប្រើប្រាស់សំឡេងបំភិតបំភ័យបែបនេះជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
តាមសេចក្ដីជូនដំណឹងរបស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានឱ្យដឹងថា យោងតាមកាសែត Khaosod English ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ អំពីការលើកឡើងរបស់ លោក Kannavee Suebsaeng ប្រធានគណបក្សយុត្តិធម៌ និងលោក Natthapong Nat Ruangpanywauth ប្រធានគណបក្សប្រជាជន លើករណីការប្រើប្រាស់សំឡេងរំខាន ដែលជាទម្រង់នៃការបំភិតបំភ័យ និង យាយីផ្លូវចិត្តប្រជាជនកម្ពុជា នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ គឺជាការរំលោភសិទ្ធិមនុស្ស និងច្បាប់ អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា គូសបញ្ជាក់ថា នេះគឺជាបុគ្គលទី៤ និងទី៥ ហើយបន្ទាប់ពីលោកជំទាវ Angkhana Neelapaijit សមាជិកព្រឹទ្ធសភាប្រទេសថៃ និងឧត្តមមន្ត្រីនៃការិយាល័យមហាអយ្យការ លោក Sunai Phasuk ទីប្រឹក្សាអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំប្រទេសថៃ ដោយបានទទួលស្គាល់ថា ជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ក្រោមអនុសញ្ញាប្រឆាំងទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬ ទណ្ឌកម្មឯទៀតដែលឃោរឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាប (CAT)។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដកស្រង់ខ្លឹមសារការលើកឡើងរបស់ លោក Kavannavee Suebsaeng ដោយលោកបានលើកឡើងថា៖«ការប្រើប្រាស់ធុងបាស់ ក្នុងការបន្លឺសំឡេង ខ្មោច គឺជាការរំលោភសិទ្ធិមនុស្ស និងជាការជាន់ឈ្លីកិត្តិយសមនុស្ស។ ពួកយើងគួរត្រឡប់មកគោរពតាមកិច្ច ព្រមព្រៀងបទឈប់បាញ់ និងប្រើប្រាស់វេទិកាអន្តរជាតិប្រកបដោយប្រសិទ្ធភាព។ លោកបញ្ជាក់ថា ប្រសិនបើគ្មានរឿងនេះកើតឡើង គឺជាការល្អ។ អ្នកលេងបណ្តាញសង្គម និងយោធា ព្រមទាំងរាជរដ្ឋាភិបាល មិនត្រូវគាំទ្រសកម្មភាពរបៀបនេះឡើយ»។
ចំណែក លោក Natthapong Ruangpanywauth បានព្រមានថា «សកម្មភាពប្រើប្រាស់ធុងបាស់ចាក់ សំឡេងខ្មោច និងយន្តហោះចម្បាំងទោះបីជាក្នុងគោលបំណងអ្វីក៏ដោយ គឺប៉ះពាល់ដល់ផ្លូវចិត្តរបស់ប្រជាជនកម្ពុជា រំលោភច្បាប់អន្តរជាតិ និងធ្វើឱ្យខូចមុខមាត់ប្រទេសថៃលើឆាកអន្តរជាតិ។ លោកបានបញ្ជាក់បន្ថែមថា ដោយតំបន់នោះស្ថិតក្រោមច្បាប់អាជ្ញាសឹក រាជរដ្ឋាភិបាល និងយោធាត្រូវទទួលខុសត្រូវ ក្នុងការទប់ស្កាត់សកម្មភាព ដែលអាចបង្កើនភាពតានតឹង»។
ចំណែក លោកជំទាវ Angkhana Neelapaijit សមាជិកព្រឹទ្ធសភាប្រទេសថៃក៏បានបញ្ជាក់ដែរថា «រាជរដ្ឋាភិបាលថៃ គួរតែបានដឹងថារាល់សកម្មភាពទាំងឡាយណាបង្កឱ្យមានអារម្មណ៍ភ័យខ្លាច ឬប៉ះពាល់ដល់ផ្លូវចិត្តរបស់ប្រជាជនទោះបីជាអ្នកស្ថិតក្នុងស្ថានភាពជម្លោះក៏ដោយ ជាពិសេសក្រុមងាយរងគ្រោះ ដែលអាចជាការធ្វើទារុណកម្មផ្លូវចិត្តក្រោមអនុសញ្ញាប្រឆាំងទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬទណ្ឌកម្ម ឯទៀតដែលឃោរឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាប (CAT) ដែលប្រទេសថៃជារដ្ឋភាគី។ លោកជំទាវ បានជំរុញឱ្យក្រសួងការបរទេសរបស់ប្រទេសថៃ ពិនិត្យមើលលើករណីដែលជនល្បីឈ្មោះតាមបណ្តាញសង្គម បានប្រើប្រាស់សំឡេងខ្មោច នៅតាមព្រំដែនថៃចូលទៅក្នុងប្រទេសកម្ពុជា»។
ជាមួយគ្នានេះទីប្រឹក្សាអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំប្រទេសថៃ លោក Sunai Phasuk ទទួលស្គាល់ថាការប្រើប្រាស់សំឡេងរំខាន ជាទម្រង់នៃការបំភិតបំភ័យ និងយាយីផ្លូវចិត្តប្រជាជនកម្ពុជា នៅព្រំដែនកម្ពុជា-ថៃ ដែលទង្វើទាំងនេះជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ក្រោមអនុសញ្ញាប្រឆាំងទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬទណ្ឌកម្មឯទៀតដែល ឃោរឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាប (CAT)។
សូមបញ្ជាក់ថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា កាលពីថ្ងៃទី១១ ខែតុលានេះ បានដាក់បណ្តឹងទៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស អំពីការប្រើប្រាស់សំឡេងរំខានរបស់យោធាថៃមកលើប្រជាជនកម្ពុជានៅភូមិជោគជ័យ និងព្រៃចាន់ ហើយក៏បានអញ្ជើញឧត្តមស្នងការនេះចុះមកសង្កេតការណ៍ដោយផ្ទាល់អំពីការរំលោភសិទ្ធិមនុស្ស ពីសំណាក់យោធាថៃមកលើប្រជាពលរដ្ឋកម្ពុជា៕





-
PR NEWS7 days agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន1 week agoសម្ដេចធិបតីអបអរទិវាពិភពលោក ទឹក និងឧតុនិយម ខណៈ «ទឹក» គឺជាប្រភពនៃជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាព
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ រាជរដ្ឋាភិបាល បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសកម្មភាពកងកម្លាំងថៃ ឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា និងសហភាពអឺរ៉ុប ត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត
-
ព័ត៌មាន1 week agoលិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក
-
ព័ត៌មាន6 days agoកម្ពុជាស្នើស្នើសហភាពអឺរ៉ុបបន្តគាំទ្រចក្ខុវិស័យឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបោសសម្អាតយុទ្ធភណ្ឌគ្រឿងបន្សល់ទុកដោយយោធាថៃ
-
ព័ត៌មាន6 days agoរដ្ឋមន្រ្តីជំរុញឱ្យមន្រ្ដីសុខាភិបាលរាជធានី ខេត្តយកចិត្តទុកដាក់លើមរណភាពមាតា និងទារកពេលបង្កកំណើត
-
កីឡា1 week agoទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង នៅព្រះសីហនុ ធ្វើឡើងដើម្បីទាក់ទាញទេសចរណ៍