ព័ត៌មាន
សម្ដេចប្រធានរដ្ឋសភា អរគុណចិនជួយកម្ពុជាឱ្យមានឯករាជ្យនយោបាយ និងស្មើមុខស្មើមាត់លើឆាកអន្តរជាតិ
ភ្នំពេញ៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែគាំទ្រការអភិវឌ្ឍគ្រប់វិស័យនៅកម្ពុជា ខណៈជំនួយរបស់មិត្តចិនបានក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនិងសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកម្ពុជាឱ្យមានឯករាជ្យនយោបាយ និងស្មើមុខស្មើមាត់លើឆាកអន្តរជាតិ។
សម្ដេចប្រធានរដ្ឋសភាកម្ពុជា បានថ្លែងបែបនេះក្នុងពេលអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ចាវ ឡឹជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន នាក្នុងឱកាសអញ្ជើញ ចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី នៅក្នុងរដ្ឋធានីប៉េកំាងកាលពីរសៀលថ្ងៃទី១៤ ខែតុលាឆ្នាំ២០២៥។
ក្នុងឱកាសនោះ ឯកឧត្តមចាវ ឡឺជី បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា ហើយបានចាត់ទុកថាការរីកចម្រើនរបស់កម្ពុជាក៏ជាការរីកចម្រើនរបស់មិត្តចិន ដែរ។ ឯកឧត្តមប្រធានសភាតំណាងប្រជាជនចិនបានលើកឡើងនូវចំនុចគន្លឹះមួយចំនួន ក្នុងការលើកកម្ពស់មិត្តភាពកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរប្រកបដោយទំនុកចិត្ត រក្សាទំនុកចិត្តជាយុទ្ធសាស្រ្ត និងគាំទ្រគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍រួមនៃប្រទេសទាំងពីរ ដូចជាបន្តជំរុញ និងលើកកម្ពស់ធ្វើឱ្យកិច្ចសហការមានលទ្ធផលជាក់ស្តែង តាមរយៈការអនុវត្តនូវផែនការជាក់ស្តែងនៃច្រករបៀងមច្ឆានិងអង្ករ និងច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា និងនាំចូលនូវផលិតផលពីកម្ពុជាដែលមានគុណភាពខ្ពស់ ពង្រឹងការអនុវត្ត និងត្រួតពិនិត្យ ក្នុងវិស័យច្បាប់ និងលើកកម្ពស់ពហុភាគីនិយម សមភាព និងអភិបាលកិច្ចសកល ឱ្យកាន់តែមានសមធម៌ និងយុត្តិធម៌។
ឯកឧត្តមចាវ ឡឺជី បានគូសបញ្ជាក់ថាចិនបានគាំទ្រ និងជំរុញគម្រោងព្រែកជីកហ្វូណនរបស់កម្ពុជា គម្រោងផ្លូវដែក និងផ្លូវល្បឿនលឿន ព្រមទាំងការអភិវឌ្ឍវិស័យសូឡានៅកម្ពុជា។ ភាគីចិន រីករាយនិងសហការជាមួយកម្ពុជានូវ គំនិតផ្តួចផ្តើមផ្សេងៗរបស់ចិន រួមមាន៖ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (BRI), គំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍សកល (GDI), គំនិតផ្ដួចផ្ដើមសន្ដិសុខសកល (GSI), គំនិតផ្តួចផ្តើមអរិយធម៌សកល (GCI) ជាពិសេសគំនិតផ្ដួចផ្ដើមអភិបាលកិច្ច AI សកល (Global AI Governance Initiative)និង គំនិតផ្តួចផ្តើមក្នុងក្របខណ្ឌអាស៊ាន និងកិច្ចសហប្រតិបត្តិការត្បូង ត្បូង ដើម្បីផលប្រយោជន៍រួម។ កម្ពុជានិងចិនត្រូវត្រៀមរៀបចំនូវជំនួបកម្រិត ២+២ គឺក្របខណ្ឌកិច្ចការបរទេស និងកិច្ចការការពារជាតិ សំដៅពង្រឹង និងថែរក្សាសន្តិភាព និងសន្តិសុខ នៃប្រទេសទាំងពីរ។
សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី ក៏បានចូលរួមអបអរសាទរមិត្តចិន ដែលសម្រេចបាននូវការអភិវឌ្ឍយ៉ាងឆាប់រហ័សក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិន ដែលមានប្រធានាធិបតី ស៊ី ជីនពីង ជាស្នូល ដោយសម្រេចបានគោលដៅ១០០ឆ្នាំទី១ នៅឆ្នាំ២០២១។សម្ដេចប្រធានរដ្ឋសភាមានសុទិដ្ឋិនិយមថា មិត្តចិននឹងសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់នៅឆ្នាំ២០២៥នេះ និងគោលដៅ១០០ឆ្នាំទី២ នៅឆ្នាំ២០៤៩ ដើម្បីប្រែក្លាយទៅជាប្រទេសសង្គមនិយមដ៏ទំនើបរុងរឿង ខ្លាំងក្លា វប្បធម៌ជឿនលឿន និងសុខដុមរមនា។ សម្តេចបានបញ្ជាក់ថា ជោគជ័យរបស់មិត្តចិន ក៏ដូចជាជោគជ័យ របស់កម្ពុជា។ សន្តិសុខរបស់កម្ពុជាជាសន្តិសុខរបស់ចិន។ សន្តិសុខរបស់ចិនជាសន្តិសុខរបស់កម្ពុជា។
សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី បានបង្ហាញក្តីរីករាយក្រៃលែង ដោយឃើញប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងប្រកបដោយផ្លែផ្កាលើគ្រប់វិស័យដែលឆ្លុះបញ្ចាំងអំពីសាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ។ ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ វិវត្តជាវិជ្ជមានប្រកបដោយផ្លែផ្កាជាលំដាប់ ដែលបង្ហាញពីភាពរឹងមាំឋិតថេរ នៃមិត្តភាពដែកថែប ដោយផ្អែកលើការទុកចិត្តគ្នា ការគោរពគ្នា ការយោគយល់គ្នា និងការផ្តល់ប្រយោជន៍រួម ដោយយកប្រជាជនជាស្នូល។
ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរ វាយតម្លៃខ្ពស់ចំណងមិត្តភាពដែកថែបកម្ពុជា-ចិន។ បើទោះបីជាពិភពលោកបាននិងកំពុងស្ថិតក្នុង បម្រែបម្រួលដ៏ខ្លាំង ជាពិសេសគឺប្រឈមនឹងស្ថានភាពដ៏ស្មុគស្មាញ នៃសេដ្ឋកិច្ចសកលនិងបញ្ហាជាសកល យ៉ាងណាក៏ដោយ ក៏ទំនាក់ទំនងដែកថែមនៃប្រទេសទំាងពីរកាន់តែមានភាពស៊ីជម្រៅនិងរឹងមាំពីមួយជំនាន់ទៅមួយជំនាន់ និងត្រូវបានបន្តពូនជ្រំ ថ្នាក់ថ្នមដោយថ្នាក់ដឹកនាំជំនាន់ក្រោយ រួមមាន៖ សម្តេចតេជោ ហ៊ុន សែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកប្រធានាធិបតី ស៊ី ជីនពីង។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមប្រធានាធិបតី ស៊ី ជីងពីង ដែលបានធ្វើបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាកាលពីខែមេសាកន្លងមកនេះ បានឯកភាពលើកកម្ពស់ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ទៅដល់កំរិតថ្មីមួយទៀត គឺសំរាប់គ្រប់រដូវកាល ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏រឹងមាំ សក្តិសមទៅនឹងមិត្តភាពដែកថែប ដោយផ្អែកលើគោលការណ៍ស្មើភាពគ្នា ការគោរពគ្នាទៅវិញទៅមក និងការជឿទុកចិត្តគ្នា។
នៅចុងបញ្ចប់ សម្តេចប្រធានរដ្ឋសភា បានស្នើភាគីចិន ពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យវប្បធម៌ អប់រំ និងទេសចរណ៍ និងស្នើដល់ភាគីចិនបន្តជួយផ្សព្វផ្សាយពីប្រទេសកម្ពុជាដល់ប្រជាពលរដ្ឋចិន និងជំរុញបន្ថែមវិស័យពាណិជ្ជកម្ម ទេសចរណ៍ ការវិនិយោគ និង ការអភិវឌ្ឍមូលធនមនុស្ស៕







-
ព័ត៌មាន6 days agoអគ្គិសនីកម្ពុជា នឹងជួសជុល រុះរើគន្លងខ្សែបណ្តាញ តាមខណ្ឌមួយចំនួន ចាប់ពីថ្ងៃទី២៣ ដល់ ២៦ ខែតុលា នេះ
-
ព័ត៌មាន5 days agoកំណាត់ផ្លូវជាតិលេខ២៣ (ផ្លូវកាត់ពីកោះធំទៅលើកដែក) ប្រវែង១៩,៨ គីឡូម៉ែត្រ ស្ថាបនារួចរាល់ហើយ!
-
ព័ត៌មាន1 week agoតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងជួរមុខ និងប្រជាពលរដ្ឋរស់នៅភូមិព្រៃចាន់
-
ព័ត៌មាន3 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត រួមនឹងគណៈប្រតិភូកម្ពុជាបានអញ្ជើញដល់ប្រទេសម៉ាឡេស៊ីហើយ ប្រកបដោយសុវត្ថិភាព
-
ព័ត៌មាន3 days agoយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ ជួបពិភាក្សាគ្នានៅច្រកអូរស្មាច់ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង បង្កើនជំនឿទុកចិត្តគ្នា
-
ព័ត៌មាន4 days agoកម្ពុជា អបអរសាទរ ម៉ាឡេស៊ី ចំពោះភាពជោគជ័យក្នុងការធ្វើជាប្រធានអាស៊ាន
-
ព័ត៌មាន4 days agoលោកអភិបាលខណ្ឌ៧មករា បន្តដឹកនាំមន្រ្តីជំនាញត្រួតពិនិត្យការដ្ឋានវាយរំលំ អគារអតីត សណ្ឋាគារអង្គរមានជ័យ
-
ព័ត៌មាន4 days agoយោធិនបង្កហិង្សាលើយុវតីម្នាក់ ត្រូវបានផ្អាកមុខតំណែង និងបញ្ជូនសំណុំរឿងទៅសាលាដំបូងរាជធានី