ព័ត៌មាន
ទីផ្សាររថយន្តថ្មីនៅកម្ពុជា មានការកើនឡើងប្រមាណ ៦០% ខណៈការលក់រថយន្តមួយទឹកមានការថយចុះ
សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា បានលើកឡើងឱ្យដឹងថា ទីផ្សារប្រទេសកម្ពុជាបច្ចុប្បន្ន ការលក់រថយន្តថ្មី បានកើនឡើងឥតឈប់ឈរ ដោយរថយន្តថ្មីបានគ្រប់គ្រងចំណែកទីផ្សារប្រមាណ៦០% ដោយឡែករថយន្តចាស់ ឬរថយន្តមួយទឹកធ្លាក់ចុះមកត្រឹម៤០%ប៉ុណ្ណោះ។
ជួបសម្ភាសន៍ ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ ប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍អន្តរជាតិ CAMBUILD & CAMAUTO 2025 នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥កន្លងទៅ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា ការកើនឡើងប្រើប្រាស់រថយន្តថ្មីនេះ ដោយសារ សេដ្ឋកិច្ចប្រទេសកម្ពុជានៅតែរក្សាបានកំណើនវិជ្ជមានល្អប្រសើរ ប្រជាពលរដ្ឋកម្ពុជាបាននឹងកំពុងរស់នៅយ៉ាងសុខដុមរមនា និងមានកំរិតជីវភាពកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ស្របពេលវិស័យធនាគារចូលរួមសហការជាមួយម្ចាស់អាជីវកម្មរថយន្តថ្មី ផ្តល់ប្រាក់កម្ចីដោយអត្រាការប្រាក់សមរម្យ និងសម្រួលនីតិវិធីក្នុងការផ្តល់កម្ចីឱ្យបានងាយស្រួល ដែលនាំឱ្យតម្រូវការប្រើប្រាស់រថយន្តថ្មីនេះ កើនឡើងជាបន្តបន្ទាប់។ លោកបានបន្តថា មួយវិញទៀត ដោយសារការលើកលែងពន្ធនាំចូលរថយន្តថ្មីពីអាម៉េរិកដែលអាចធ្វើឱ្យរថយន្តថ្មីៗពីអាម៉េរិក ហូរចូលមកកម្ពុជាកាន់តែច្រើនថែមទៀតជាដើម
ឧកញ៉ាបណ្ឌិត បានបន្ថែមទៀតថា ទន្ទឹមគ្នានេះ កម្ពុជាក៏ទទួលបាននូវគម្រោងវិនិយោគលើរោងចក្រដំឡើងរថយន្តជាបន្តបន្ទាប់ ដោយបច្ចុប្បន្នកម្ពុជាមានរោងចក្រដំឡើងរថយន្តចំនួន០៧ កំពុងដំណើរការ និង០៣ផ្សេងទៀត កំពុងសាងសង់ ហើយអាចនឹងមានគម្រោងបន្តបន្ទាប់ទៀតផងដែរ។
យោងតាមរបាយការណ៍ការងារ គិតក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៥ រថយន្តធុនស្រាលដែលបានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន សរុបចំនួនជាង ៦ម៉ឺនគ្រឿង មានការកើនឡើងចំនួន ៥២% បើប្រៀបធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២៤កន្លងទៅ មានចំនួនជាង ៤ម៉ឺនគ្រឿង។
សូមបញ្ជាក់ថា ពាក់ព័ន្ធកំណើននៃការប្រើប្រាស់រថយន្តថ្មីនេះដែរ វិស័យឯកជនខាងផ្នែកអភិវឌ្ឍន៍អាជីវកម្មនៅកម្ពុជា បានបន្តរៀបចំ ពិព័រណ៍អន្តរជាតិដ៏សំខាន់ៗចំនួនពីរ គឺវិស័យសំណង់ និងឧស្សាហកម្មយានយន្ត (CAMBUILD & CAMAUTO 2025) ដើម្បីបង្ហាញនូវសក្តានុពល និងការរួមបញ្ចូលគ្នាដែលមានភាពស៊ីសង្វាក់គ្នា រវាងឧស្សាហកម្មសំណង់ស្តង់ដារពិភពលោក និងឧស្សាហកម្មយានយន្ត ដែលមានអ្នកចូលរួមតាំងបង្ហាញផលិតផលប្រមាណជាង ១០០ក្រុមហ៊ុន មកពីជាង ១៥ប្រទេស មានដូចជា សហរដ្ឋអាម៉េរិក ចិន ជប៉ុន អ៊ីតាលី និងអាល្លឺម៉ង់ជាដើម៕អត្ថបទ៖ ឈិត បូរ៉ាវី




-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព