ព័ត៌មាន
សម្តេចតេជោ និងសម្តេចធិបតី ផ្ញើសារថ្វាយព្រះរាជកុសល ឧទ្ទិសថ្វាយចំពោះដួងព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥នេះ បានផ្ញើសារថ្វាយមហាព្រះរាជកុសលដ៏ឧត្តុង្គឧត្តម ឧទ្ទិសថ្វាយចំពោះដួងព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ក្នុងថ្ងៃខួប១៣ឆ្នាំ នៃការយាងសោយព្រះ ទីវង្គតរបស់ព្រះអង្គ។
តាមរយៈបណ្តាញសង្គមហ្វេសបុក និងតេលេក្រាម នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ថ្ងៃនេះគឺជាខួប១៣ឆ្នាំ(១៥ តុលា ២០១២ – ១៥ តុលា ២០២៥) នៃការយាងសោយព្រះទីវង្គតរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា សូមគោរពដឹងគុណ និងចងចាំមិនភ្លេចនូវ ព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លាបំផុតរបស់ព្រះអង្គ ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុត ចំពោះជាតិមាតុភូមិកម្ពុជា ដែលស្ថិតស្ថេរជារៀងរហូតនៅក្នុងដួងចិត្តរបស់ប្រជានុរាស្ត្រខ្មែរជាកូន ជាចៅ ជាចៅទួត របស់ព្រះអង្គ។
សូមលំឱនកាយវាចាចិត្ត ថ្វាយមហាព្រះរាជកុសលដ៏ឧត្តុង្គឧត្តម ឧទ្ទិសថ្វាយចំពោះដួងព្រះវិញ្ញាណក្ខន្ធព្រះអង្គនិងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ សូមព្រះអង្គយាងទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
ថ្ងៃខួប១៣ឆ្នាំ នៃការយាងសោយព្រះទីវង្គតរបស់ ព្រះករុណា ព្រះបរមរតនកោដ្ឋនេះដែរ សម្តេចធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងផងដែរថា ថ្ងៃនេះខួបលើកទី ១៣ឆ្នាំ នៃទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ។
សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥នេះ ថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័នទាំងអស់ បានថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប១៣ឆ្នាំ នៃការយាងសោយទីវង្គតរបស់ព្រះអង្គ (១៥ តុលា ២០១២ – ១៥ តុលា ២០២៥) នៅមណ្ឌលតម្កល់ព្រះបរមរូប ខាងកើតវិមានឯករាជ្យ៕




-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព