ព័ត៌មាន
ក្រសួងកសិកម្ម និងអង្គការដៃគូ រួមគ្នាបន្តរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣១ ខែតុលានេះ
អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម និងអង្គការផ្តល់សេវាបសុពេទ្យអន្តរជាតិប្រចាំកម្ពុជា រួមជាមួយនឹងដៃគូក្នុងស្រុកជាច្រើនទៀត បាននឹងកំពុងរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតដល់សត្វសុខននៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តបាត់ដំបង ដែលធ្វើឡើងចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។
លោកស្រី ហេង បូរ៉ានី អគ្គនាយិការង នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅព្រឹកថ្ងៃទី១៧ ខែតុលានេះ បានមានប្រសាសន៍ថា ជំងឺឆ្កែឆ្កួតជាបញ្ហាមួយគួរឱ្យព្រួយបារម្ភ និងជាអាទិភាពនៅក្នុងតំបន់ក៏ដូចជាក្នុងពិភពលោក ដើម្បីធានាបាននូវការថែរក្សាសុខភាពមនុស្ស សត្វ ក្រសួងកសិកម្ម បានចុះអប់រំណែនាំផ្សព្វផ្សាយដល់សាធារណៈជន ដើម្បីបង្កើនការយល់ដឹង និងផ្លាស់ប្តូរឥរិយាបទប្រកបដោយប្រសិទ្ធភាព ដើម្បីឆ្លើយតបនឹងស្ថានភាពជាក់ស្តែង និងតម្រូវការពិតប្រាកដក្នុងការលុបបំបាត់ជំងឺឆ្កែឆ្កួតនៅកម្ពុជា ស្របតាមគោលដៅសកលលុបបំបាត់ជំងឺនេះនៅឆ្នាំ២០៣០។
យុទ្ធនាការចាក់ថ្នាំការពារជំងឺឆ្កែឆ្កួតនេះ គឺជាគម្រោងដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍។ គម្រោងនេះ នឹងដាក់មូលដ្ឋានគ្រឹះ សម្រាប់យុទ្ធនាការចាក់ថ្នាំការពារជំងឺឆ្កែឆ្កួតថ្នាក់ជាតិ បន្ទាប់ពីផែនការយុទ្ធសាស្ត្រជាតិសម្រាប់ប្រយុទ្ធ និងលុបបំបាត់ជំងឺឆ្កែឆ្កួត នៅកម្ពុជាត្រូវបានអនុម័ត ដោយសារខេត្តទាំងបីនេះ រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តបាត់ដំបង គឺជាជំហានដ៏ធំដំបូង សម្រាប់ការគ្រប់គ្រងជំងឺឆ្កែឆ្កួតនៅប្រទេសកម្ពុជា។
ការចាក់វ៉ាក់សាំងបង្ការជំងឺឆ្កែឆ្កួតនេះ គឺត្រូវបានផ្តល់ជូនដល់សត្វសុខនទាំងអស់ដោយឥតគិតថ្លៃ ក្នុងគោលបំណងដើម្បីបញ្ឈប់ការរីករាលដាលនៃមេរោគ និងការពារដល់សហគមន៍ដែលជាតំបន់គោលដៅទាំងនេះ។
លោក ថុល ថានី អ្នកគ្រប់គ្រងកម្មវិធីប្រយុទ្ធនិងជំងឺឆ្កែឆ្កួត បានឱ្យដឹងថា ប្រទេសកម្ពុជា បានធ្វើយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺឆ្កែឆ្កួតនៅក្នុងខេត្តចំនួនបី បានយ៉ាងជោគជ័យកាលពីឆ្នាំ២០២៤ ដោយបានចាក់វ៉ាក់សាំងដល់សត្វឆ្កែរហូតដល់ជាង ២២ម៉ឺនក្បាល ដែលជាចំនួនមិនគួរឱ្យជឿក្នុងរយៈពេល១៥ថ្ងៃប៉ុណ្ណោះ។ គម្រោងនេះត្រូវបានបន្តទៀតនៅឆ្នាំ២០២៥ ដោយត្រូវបានរំពឹងទុកថាវានឹងរក្សានូវសន្ទុះនៃការគ្រប់គ្រងជំងឺឆ្កែឆ្កួតនៅកម្ពុជាបានយ៉ាងល្អ៕ អត្ថបទ៖ ឈិត បូរ៉ាវី









-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព