ព័ត៌មាន
គណៈប្រតិភូទីក្រុងអ៊ូស៊ី ចិន ប្តេជ្ញាបន្តជំរុញធ្វើឱ្យតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កាន់តែរីកចម្រើន
នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយជាមួយគណៈប្រតិភូទីក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយឯកឧត្តម Du Xiaogang លេខាបក្សទីក្រុងអ៊ូស៊ី ដោយមានការចូលរួមពីលោក Sun Wei អភិបាលរងទីក្រុងអ៊ូស៊ី និងលោក Chen Jiangang ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ក្នុងឱកាសនោះ គណៈប្រតិភូទីក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន បានប្តេជ្ញាក្នុងការបន្តជំរុញធ្វើឱ្យតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុកាន់តែមានការរីកចម្រើន។

ឯកឧត្តម Du Xiaogang លេខាបក្សទីក្រុងអ៊ូស៊ី បានថ្លែងអំណរគុណដល់ឯកឧត្តមអគ្គលេខាធិការដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបគណៈប្រតិភូ។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម Du Xiaogang បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលតែងតែបានផ្តល់ការគាំទ្រដល់កិច្ចដំណើរការនៃគម្រោងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលបានធ្វើឱ្យតំបន់សេដ្ឋកិច្ចពិសេសនេះមានការរីកចម្រើនជាបន្តបន្ទាប់។

ឯកឧត្តម Du Xiaogang បានឱ្យដឹងផងដែរថា ដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះគឺឆ្លើយតបនឹងស្មារតី នៃកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការសម្របសម្រួលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលបានប្រព្រឹត្តទៅកាលពី ខែកក្កដា ឆ្នាំ២០២៥ កន្លងមក និងដើម្បីបន្តកិច្ចការមួយចំនួនដែលបានពិភាក្សាគ្នាក្នុងកិច្ចប្រជុំនាពេលនោះ ជាពិសេស ការត្រៀមរៀបចំកិច្ចប្រជុំលើកទី៥ ដែលគ្រោងធ្វើនៅប្រទេសចិន។ ឯកឧត្តម Du Xiaogang ក៏បានលើកឡើងពីកិច្ចខិតខំប្រឹងរបស់ថ្នាក់ដឹកនាំទីក្រុងអ៊ូស៊ីក្នុងការឧបត្ថម្ភគាំទ្រឱ្យមានជើងហោះហើរត្រង់ និងការដឹកជញ្ជូនត្រង់រវាងក្រុងអ៊ូស៊ី និងខេត្តព្រះសីហនុ ដែលការណ៍នេះបានចូលរួមចំណែកជំរុញការអភិវឌ្ឍខេត្តព្រះសីហនុទាំងមូល ក៏ដូចជា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ មុននឹងបញ្ចប់ ឯកឧត្តម Du Xiaogang បានបង្ហាញនូវការប្តេជ្ញាក្នុងការបន្តជំរុញធ្វើឱ្យតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុកាន់តែមានការរីកចម្រើនមួយកម្រិតទៀតតាមរយៈការខិតខំជំរុញឱ្យវិនិយោគិនចិន មកបណ្តាក់ទុនវិនិយោគបន្ថែមទៀត ពិសេស ការវិនិយោគកែច្នៃកសិផលកម្ពុជា ដើម្បីនាំទៅទីផ្សារចិន។ ជាទីបញ្ចប់ឯកឧត្តម Du Xiaogang បានលើកឡើងនូវសំណូមពរមួយចំនួនសំដៅបន្តជំរុញការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុឱ្យកាន់តែរីកចម្រើន និងមានភាពទាក់ទាញបន្ថែមទៀត។

ឯកឧត្តម ជា វុទ្ធី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ប្រជាជនចិន និងថ្នាក់ដឹកនាំនៃទីក្រុងអ៊ូស៊ី ដែលតែងតែខិតខំជំរុញ និងគាំទ្រវិនិយោគិនចិន ពិសេសវិនិយោគិនមកពីទីក្រុងអ៊ូស៊ី ឱ្យមកបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជា និយាយជារួម និងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និយាយដោយឡែក។

ឯកឧត្តមអគ្គលេខាធិការ បានលើកទ្បើងពីភាពល្អប្រសើរ នៃស្ថានភាពវិនិយោគនៅកម្ពុជាដែលឆ្លុះបញ្ចាំងតាមរយៈកំណើនវិនិយោគដ៏គំហុកក្នុង ឆ្នាំ២០២៤ និងកំណើនវិនិយោគក្នុងរយៈពេល ៩ខែ នៃ ឆ្នាំ២០២៥, ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា, ពិសេសភាពរីកចម្រើន នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ជាមួយគ្នានេះ ឯកឧត្តមអគ្គលេខាធិការក៏បានលើកឡើងពីសារៈសំខាន់នៃ “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” ក្នុងការជំរុញទាក់ទាញការវិនិយោគ ហើយម្យ៉ាងទៀត រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការធ្វើពិពិធកម្មទីផ្សារសម្រាប់ទំនិញនាំចេញពីកម្ពុជា និងដាក់ចេញនូវវិធានការថ្មីៗសំដៅសម្រួលដល់ការធ្វើធុរកិច្ច និងវិនិយោគ។ ឯកឧត្តមអគ្គលេខាធិការសង្ឃឹមយ៉ាងមុតមាំថា តាមរយៈជំនួបពិភាក្សាលើកនេះ ថ្នាក់ដឹកនាំរបស់ទីក្រុងអ៊ូស៊ីនឹងបន្តជំរុញវិនិយោគិនពីទីក្រុងអ៊ូស៊ី ជាពិសេសនាំយកនូវឧស្សាហកម្មដែលប្រើបច្ចេកវិទ្យាទំនើបមកកម្ពុជា។ មួយវិញទៀត ឯកឧត្តមអគ្គលេខាធិការក៏បានស្នើសូមឱ្យភាគីចិនជួយជំរុញឱ្យមានការវិនិយោគក្នុងការផលិតវត្ថុធាតុដើម ឬទំនិញពាក់កណ្តាលសម្រេចនៅកម្ពុជាឱ្យកាន់តែច្រើន ដើម្បីធានាស្ថិរភាព នៃខ្សែច្រវាក់ផ្គត់ផ្គង់ និងបានស្នើឱ្យមានការគិតគូរវិនិយោគបង្កើតតំបន់កែច្នៃកសិផលនៅកម្ពុជា ដើម្បីនាំទៅទីផ្សារចិន៕




-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន6 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន5 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន2 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន