ព័ត៌មាន
កម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់ការបំពុលបរិស្ថាននិងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីបើកសន្និសីទ “Belt and Road Green Innovation Conference 2025” ក្រោមប្រធានបទ «រួមគ្នាជំរុញការអភិវឌ្ឍបៃតង» នៅទីក្រុងប៉េកាំង ប្រទេសចិន នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ បានថ្លែងថាកម្ពុជា បានកំពុងធ្វើការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិ ដើម្បីការរស់នៅប្រកបដោយចីរភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីកម្ពុជាមានភាពស្អាត ភាពបៃតង និងសម្រេចគោលដៅកម្ពុជាអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។
ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថាកម្ពុជាបានបញ្ចាប់សង្រ្គាម មានការបង្រួបបង្រួមជាតិ មានស្ថិរភាពនយោបាយ និងសន្តិភាពពេញលេញ ដឹកនាំដោយសម្តេចអគ្គមហាសេនាបតតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបានបង្កើតមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា។ បន្ថែមពីនេះ ក្រោមការដឹកនាំបន្តវេនរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្កើនមហិច្ឆតាឆ្ពោះទៅរកប្រសិទ្ធភាពនៃការការពារបរិស្ថាន និងធនធានធម្មជាតិ កសាងភាពធន់នឹងអាកាសធាតុជាមួយសហគមន៍អន្តរជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដោយឈរលើសសរស្តម្ភ៣ ដែលមានទំនាក់ទំនងគ្នា គឺស្អាត បៃតង និងចីរភាព។
ឯកឧត្តមបានថ្លែងបន្ថែមថា កម្ពុជាបាននិងកំពុងទទួលបានការគាំទ្រពីសាធារណជនសរុប ប្រមាណ១៤លាននាក់ គឺច្រើនជាងពាក់កណ្តាលនៃចំនួនប្រជាពលរដ្ឋនៅទូទាំងប្រទេស បានចូលរួមក្នុងយុទ្ធនាការជំរុញភាពស្អាត តាមរយៈការប្តេជ្ញាចិត្តកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ការធ្វើសកម្មភាពប្រមូលទុកដាក់សំរាម ការសម្អាតអនាម័យបរិស្ថាន នៅតាមមូលដ្ឋាន និងតាមដងផ្លូវ និងពង្រឹងធ្វើការទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យា និងអភិបាលកិច្ចបរិស្ថាន ក្នុងការត្រួតពិនិត្យគុណភាពទឹក និងខ្យល់។ ក្រសួងបរិស្ថានកម្ពុជា បានគិតគូរយកចិត្តទុកដាក់លើការពង្រឹងការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងការលើកកម្ពស់គោលការណ៍សេដ្ឋកិច្ចចក្រា ដែលលើកទឹកចិត្តឱ្យឧស្សាហកម្ម ប្រើប្រាស់ឡើងវិញនូវវត្ថុធាតុដើម ដែលកើតចេញពីសំរាមនិងសំណល់ប្លាស្ទិក ការរៀបចំហេដ្ឋរចនាសម្ព័ន្ធទីលានទុកដាក់សំរាម និងសំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ។ ក្នុងពេលជាមួយគ្នានេះ កម្ពុជាកំពុងស្វែងរកការច្នៃប្រឌិតខ្ពស់បន្ថែមទៀត ដើម្បីធ្វើទំនើបកម្មការគ្រប់គ្រងកាកសំណល់ លើកកម្ពស់ការផលិតកម្មស្អាត និងគាំទ្រដល់ការអភិវឌ្ឍកែច្នៃសំរាម និងសំណល់រឹងទៅជាថាមពល និងជីវប្លាស្ទិកជាដើម។ ការបង្កើតថ្មីទាំងនេះ នឹងគាំទ្រដល់ការប្រែក្លាយកំណើនសេដ្ឋកិច្ចបៃតងរបស់ប្រទេសកម្ពុជា ដើម្បីបង្កើតមិនត្រឹមតែការការពារបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱកាសថ្មីៗ សម្រាប់ការអភិវឌ្ឍបៃតង និងអាជីវកម្មប្រកបដោយនិរន្តរភាព ហើយ នេះគឺជាអ្វីដែលកម្ពុជាត្រូវការ។
ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងស្វាគមន៍កិច្ចសហប្រតិបត្តិការ លើគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ក្នុងការផ្ទេរបច្ចេកវិទ្យា កិច្ចសហការស្រាវជ្រាវ ការកសាងសមត្ថភាព និងប្រសិទ្ធភាពធនធាន ដើម្បីជំរុញផលិតកម្មស្អាត ក្នុងការទប់ស្កាត់ការបំពុលបរិស្ថាននិងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុដែលជាបញ្ហាសាកល ដែលត្រូវរួមគ្នាដោះស្រាយ៕






-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន5 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន7 days agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន5 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ