Connect with us

ព័ត៌មាន

អ្នកនាំពាក្យក្រសួងសាធារណការ៖ ព្រែកជីកហ្វូណនតេជោ នឹងចាប់ផ្តើមជីក នៅ​ពេល​ទឹក​ស្រក​ខាង​មុខ អាចចុងខែវិច្ឆិកា ឬដើមខែធ្នូ ឆ្នាំ២០២៥ខាងមុខ

ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា​ គម្រោង​ព្រែក​ជីក​ហ្វូណន​តេជោ​មិនមានការប្រែប្រួលទេហើយនឹងចាប់ផ្តើមជីក នៅពេលទឹកស្រកខាងមុខ អាច​ចុង​ខែ​វិច្ឆិកា ឬដើមខែធ្នូ ឆ្នាំ២០២៥ ហើយនឹងបញ្ចប់នៅអំឡុងឆ្នាំ២០២៨ខាងមុខ។

តាមរយៈ​បណ្ដាញសង្គមហ្វេសប៊ុក​នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម ផន រឹម បានគូស​បញ្ជាក់ថា គម្រោង​ព្រែក​ជីក​ហ្វូណន​តេជោ​មិនមានការប្រែប្រួលទេ និង​កំពុង​ដំណើរ​ការ​តាម​កាល​បរិច្ឆេទ នៃ​ដំណាក់​កាល​នីមួយ​ៗ។ ព្រែកជីកនេះ​នឹងចាប់ផ្តើមជីក នៅ​ពេល​ទឹក​ស្រក​ខាង​មុខ អាច​ចុង​ខែ​វិច្ឆិកា ឬដើមខែធ្នូ ឆ្នាំ២០២៥ខាងមុខ។

ឯកឧត្ដម​បន្តថា បច្ចុប្បន្នគម្រោងព្រែកជីកហ្វូណនតេជោ ស្ថិតក្នុងដំណាក់កាលវាល់វែង និ​ង​ដោះ​ស្រាយ​ផល​ប៉ះពាល់ប្រជាពលរដ្ឋ។ ការដោះស្រាយផលប៉ះពាល់ ត្រូវ​ធ្វើ​ឡើង​តាម​យន្ត​ការ​ដោះ​ស្រាយ​ផល​ប៉ះពាល់របស់រាជរដ្ឋាភិបាល ដឹកនាំដោយក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ និង​ដោយ​មាន​ការ​ចូលរួមពីមន្ត្រីបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន, អាជ្ញាធរដែនដី និង​ប្រជា​ពលរដ្ឋ​។ ពេលនេះក្រុមការងារដោះស្រាយផលប៉ះពាល់កំពុងធ្វើសកម្មភាពនៅកំណាត់ទី២ (ក្នុង​ខេត្ត​កណ្តាល)​ ដោយបានអង្កេត វាស់វែង និងចងក្រងទិន្នន័យផលប៉ះពាល់លម្អិតលើសំណង់ លំនៅ​ដ្ឋាន ​និងដីស្រែ នៅស្រុកកោះធំ។ ក្រុមការងារបានសម្ភាសន៍ និងផ្ដិតមេដៃ​ប្រជាពលរដ្ឋ​រង​ផល​ប៉ះ​ពាល់​ព្រម​ទាំង​បានរៀបចំវេទិកាពិភាក្សា និងការសម្រប​សម្រួល​ជា​មួយ​ប្រជាពលរដ្ឋ​ជា​បន្ត​បន្ទាប់​។ ឯកឧត្ដម ផន រឹម បញ្ជាក់ថា គម្រោងនេះនឹងបញ្ចប់នៅអំឡុងឆ្នាំ២០២៨ខាងមុខ។

ឯកឧត្ដមបន្តថា គម្រោងព្រែកជីហ្វូណនតេជោ គឺជាគម្រោងប្រវតិ្តសាស្រ្តរបស់កម្ពុជា ហើយ​ត្រូវ​បាន​ចាត់​ទុកជាការបោះជំហានដ៏សំ​ខាន់​មួយ​ក្នុង​ប្រវត្តិ​សាស្រ្តរ​បស់​កម្ពុជា​ក្នុង​ការ​កែ​ប្រែ​មុខ​មាត់​កម្ពុជា​ ក្នុងវិស័យនាវាចរណ៍ និងការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្ររបស់កម្ពុជាផងដែរ។

ផ្លូវ​ទឹក​ប្រវត្តិសាស្រ្តមួយខ្សែនេះឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្ត​កំពត​ និងខេត្តកែប ហើយត្រូវបានរចនាឡើងសម្រាប់នាវាដែលមានទម្ងន់ផ្ទុករហូតដល់ ៣ ០០០ DWTទៅ-មក និងជៀសគ្នាបានដោយសុវត្ថិភាព។

គម្រោង​នេះនឹងបង្កើតបណ្តាញផ្លូវទឹកក្នុងស្រុកមួយដែលមានភាពប្រទាក់ក្រឡា និងតភ្ជាប់​បាន​គ្រប់​ជ្រុង​ជ្រោយ ព្រមទាំង​ចូល​រួម​បំពេញ​បន្ថែម​ចន្លោះ​ប្រហោង​មួយ​ចំនួន​នៅ​ក្នុង​ប្រព័ន្ធ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក និងសមុទ្ររបស់កម្ពុជានាពេលបច្ចុប្បន្ន និងបង្កើនប្រសិទ្ធភាព កាត់បន្ថយចម្ងាយ និង​តម្លៃ​ដឹក​ជញ្ជូន ធានាភាពប្រកួតប្រជែង ធានាឯករាជ្យភាព និងសុវត្ថិភាព​នៃ​ការ​ដឹក​ជញ្ជូន​តាម​ប្រព័ន្ធ​ផ្លូវ​ទឹក និងតភ្ជាប់ត្រង់ពីបណ្តាញទន្លេមេគង្គទៅសមុទ្រ។

នៅពេលគម្រោង​នេះបញ្ចប់ នឹងចូលរួមលើក​កម្ពស់​ការ​តភ្ជាប់​បណ្តាញ​ផ្លូវ​ទឹក​ក្នុង​ប្រទេស​ទៅ​សមុទ្រ​ជាតិ​ និង​អន្តរជាតិ, ពន្លឿនការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, ជំរុញ​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ប្រកបដោយប្រសិទ្ធភាពនិងភាពងាយស្រួល រវាងកម្ពុជា​ទៅ​កាន់​តំបន់​នានា​ដែល​ជា​ដៃ​គូ​ពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ខ្លួន ជាពិសេសធានាចីរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម​របស់​កម្ពុជា​។ គម្រោងនេះក៏នឹងផ្តល់អត្ថប្រយោជន៍រួមមាន៖ ការជំរុញ និងអភិវឌ្ឍន៍ វិស័យ​គ្រប់​គ្រង​ធន​ធាន​ទឹក ប្រព័ន្ធធារាសាស្រ្ត កសិកម្ម ទេសចរណ៍ ពាណិជ្ជកម្ម នគរូបនីយកម្ម សំណង់ និង​ការ​វិនិយោគសំខាន់ៗ ហើយគម្រោង​នេះ​នឹង​ជួយ​កម្ពុជា​ឱ្យ​សម្រេច​ចក្ខុ​វិស័យ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយ​ជា​ប្រទេស​មាន​ប្រាក់​ខ្ពស់នៅឆ្នាំ ២០៥០ តាមរយៈការបង្កើនផលិតភាពកសិកម្មសួនឧស្សាហកម្ម ទេសចរណ៍ កាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងឡូជីស្ទីក បង្កើនការ​តភ្ជាប់​បណ្តាញ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក​ និងផ្លូវសមុទ្រ បង្កើតការងារថ្មីៗជាច្រើនជូនប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍ និង​វិនិយោគ​ពហុ​វិស័យសម្រាប់តំបន់នានាតាមបណ្តោយខ្សែផ្លូវទឹកមួយនេះ។

គម្រោង​ដ៏​ធំស​ម្បើម និងមានអត្ថន័យជាប្រវត្តិសាស្រ្តនេះ គឺជាគំនិតផ្តួចផ្តើម​ដ៏ខ្ពង់​ខ្ពស់ប្រ​កបដោ​យ​ចក្ខុ​វិស័យ​យុទ្ធសាស្រ្តវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត​នាយករដ្ឋ​មន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។ គម្រោងនេះបានបន្តយកចិត្តទុកដាក់ និង​អនុវ​ត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព និងថាមពល ដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោម​ការ​ដឹក​នាំ​ប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បី​បន្សល់​ទុក​ជា​ប្រវត្តិ​សាស្ត្រសម្រាប់ជាប្រយោជន៍ដល់អ្នកជំនាន់ក្រោយយូរអង្វែងបន្តទៀត។

សូមជម្រាបជូនថា ​ព្រែកជីកហ្វូណនតេជោ​បានប្រារព្ធពិធីបើកការដ្ឋានសាងសង់​ ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។ គម្រោងនេះមានប្រវែង ១៨០គីឡូម៉ែត្រ (ទទឹង​មុខ​កាត់​ផ្នែក​ខាង​លើ​ប្រវែង ​១០០ម៉ែត្រ ផ្នែកខាងក្រោម ៨០ម៉ែត្រ) តភ្ជាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ រួច​ចូល​តាម​បណ្តា​ព្រែក នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លង​កាត់​ខេត្ត​ចំនួន​៤ រួមមាន ខេត្តកណ្តាល តាកែវ កំពត និងកែប៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia