ព័ត៌មាន
តំណាងសហគ្រាសចំនួន១៥០នាក់ ស្វែងយល់ការពង្រឹងចំណេះដឹងបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា
ភ្នំពេញ៖ គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ បានបញ្ចប់ការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “ការពង្រឹងចំណេះដឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ សម្រាប់សហគ្រាសនៅកម្ពុជា” ប្រកបដោយផ្លែផ្កា ដោយមានអ្នកចូលរួមសរុបចំនួន ១៥០នាក់ តាមរយៈការបង្កើតវេទិកាឱ្យមានការជជែកពិភាក្សាពីបច្ចេកវិទ្យាហិរញ្ញវត្ថុសម្រាប់សហគ្រាសនៅកម្ពុជា។
សិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងតំណាងក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល, វិស័យឯកជន, សមាគម, គ្រឹះស្ថានអប់រំ និង ក្រុមហ៊ុនដំណោះស្រាយឌីជីថល។ សិក្ខាសាលានេះ មានគោលបំណង ពង្រឹងចំណេះដឹងទាក់ទងទៅនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ, ចែករំលែកបទពិសោធន៍ និងផ្ដល់វេទិកាសម្រាប់បង្កើតទំនាក់ទំនងជាមួយគ្នាក្នុងប្រព័ន្ធអេកូឡូស៊ីនៃធុរកិច្ចក្នុងសេដ្ឋកិច្ចឌីជីថល។
ឯកឧត្តមបណ្ឌិត គង់ ម៉ារី បានគូសរំលេចពីការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល ជាពិសេសបច្ចេក-វិទ្យាហិរញ្ញវត្ថុ ដែលក្លាយជាកម្លាំងចលករមួយដ៏ចម្បងក្នុងការជំរុញសម្ទុះកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍ក្នុងវិស័យហិរញ្ញវត្ថុ ទាំងវិស័យធនាគារ និងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ។ ទៀតសោត ការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ មានដូចជា ប្រព័ន្ធទូទាត់សងប្រាក់បាគង, ខេ-អេចឃ្យូអរ (KHQR), សេវាធនាគារចល័ត (Mobile Banking), ព្រមទាំងសេវាកម្ម និង ផលិតផលបច្ចេកវិទ្យាជាច្រើនទៀត បាននិងកំពុងបំពេញតម្រូវការ និងជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃ និងការធ្វើសុវុឌ្ឍិកម្មសេវាហិរញ្ញវត្ថុ សម្រាប់ប្រជាពលរដ្ឋទូទៅ និងសហគ្រាសផងដែរ។
នៅក្នុងដំណើរការនៃសិក្ខាសាលានេះ មានបទបង្ហាញចំនួន២ ដែលផ្តោតលើ៖ ១. ទិដ្ឋភាពទូទៅ និងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា, ២.ស្វែងយល់ពីបច្ចេកវិទ្យាហិរញ្ញវត្ថុ៖ ហេតុអ្វីបានជាបច្ចេកវិទ្យាហិរញ្ញវត្ថុមានសារៈសំខាន់សម្រាប់សហគ្រាសធុនតូច និង មធ្យម និងកិច្ចពិភាក្សាចំនួន ១ លើប្រធានបទ “ការទាញយកអត្ថប្រយោជន៍៖ តើអ្វីជាអាទិភាពគន្លឹះដែលសហគ្រាសធុនតូច និងមធ្យម គួរតែស្វែងយល់ពីបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា”។ បទបង្ហាញនីមួយៗបានផ្តល់ជាព័ត៌មានមូលដ្ឋានបទពិសោធន៍ឧត្តមានុវត្តន៍ និងការបណ្តុះបណ្តាលពាក់ព័ន្ធនឹងចំណេះដឹងហិរញ្ញវត្ថុឌីជីថល និងជំនាញបច្ចេកវិទ្យាថ្មីៗ ដល់ធុរជន ម្ចាស់អាជីវកម្ម សហគ្រាសនៅកម្ពុជា និងអ្នកចូលរួម៕ អត្ថបទ៖ ឈិត បូរ៉ាវី






-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព