ព័ត៌មាន
ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយអគ្គលេខាធិការនៃសហភាពអន្តរសភា IPU នៅប្រទេសស្វីស
នៅថ្ងៃអាទិត្យទី១៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុច បូររិទ្ធអនុប្រធានទី១ព្រឹទ្ធសភា និងជាប្រធាន គណៈប្រតិភូសភាកម្ពុជា បានជួបពិភាក្សាការងារជាមួយឯកឧត្តម Martin Chungong, អគ្គលេខាធិការនៃសហភាពអន្តរសភា នាឱកាសមហាសន្និបាតលើកទី១៥១ នៃសហភាពឣន្តរសភា (IPU) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ឯកឧត្តម Martin Chungong បានថ្លែងអំណរគុណឯកឧត្តម អ៊ុច បូររិទ្ធ ដែលបានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមមហាសន្និបាត IPU លើកទី ១៥១ ដែលនេះបញ្ជាក់ពីការយកចិត្តទុកដាក់ និងរួមគ្នាជំរុញការទូតសភា កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងក្របខណ្ឌ IPU។ ឯកឧត្តម អ៊ុច បូររិទ្ធ ក៏បានកោតសរសើរចំពោះអគ្គលេខាធិការសហភាពអន្តរសភា ដែលបាននិងកំពុងបំពេញតួនាទីប្រកបដោយប្រសិទ្ធភាព ក្នុងការដឹកនាំលេខាធិការដ្ឋាននៃសហភាពអន្តរសភា ដើម្បីសម្រេចនូវបេសកម្មដ៏ឧត្តុងឧត្តមរបស់សហភាពអន្តរសភា។

ឯកឧត្តម អ៊ុច បូររិទ្ធ និងឯកឧត្តម Martin Chungong បានផ្លាស់ប្តូរយោបល់ សំដៅរួមចំណែកដល់ IPU ក្នុងការលើកកម្ពស់ សន្តិភាព អភិបាលកិច្ចល្អ ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការអភិវឌ្ឍប្រកបដោយ ចិរភាពលើពិភពលោក។ ឯកឧត្តម អ៊ុច បូររិទ្ធ ស្នើ IPU បន្តកម្មវិធីបណ្តុះបណ្តាលលើកម្ពស់សមត្ថភាព មន្ត្រី នៃអគ្គលេខាធិការដ្ឋាននៃបណ្តាសភាលើពិភពលោក រួមមានសភាកម្ពុជាផងដែរ។
ឯកឧត្តម អ៊ុច បូររិទ្ធ បានសម្តែងការពេញចិត្តចំពោះប្រធានបទនៃកិច្ចពិភាក្សាទូទៅ ក្រោមមូលបទ ស្តីពីការប្រកាន់ខ្ជាប់នូវបទដ្ឋានមនុស្សធម៌ និងគាំទ្រសកម្មភាពមនុស្សធម៌ក្នុងគ្រាមានវិបត្តិ (Upholding humanitarian norms and supporting humanitarian action in times of crisis) ដែលមូលបទនេះ សក្តិសមបំផុតចំពោះបរិបទពិភពលោក ដែលពោពេញដោយបញ្ហាប្រឈម ជាពិសេសវិបត្តិមនុស្សធម៌កើតឡើងដោយសង្គ្រាមនិងជំម្លោះប្រើកម្លាំង។

ពាក់ព័ន្ធជម្លោះព្រំដែនកម្ពុជា-ថៃថ្មីៗនេះ ដែលបណ្តាលឱ្យមានការបាត់បង់ជនស៊ីវិល ការបំផ្លាញហេដ្ឋា-រចនាសម្ព័ន្ធ ផ្ទះសម្បែង សាលារៀន វត្តអារាម ប្រាសាទបូរាណ និងជនភៀសសិករាប់សែននាក់នៅកម្ពុជា ឯកឧត្តម អ៊ុច បូររិទ្ធ បានបញ្ជាក់ថា ប្រទេសដែលធ្លាប់ធ្លាក់ក្នុងភ្នក់ភ្លើងសង្រ្គាម កម្ពុជាយល់យ៉ាងច្បាស់ពីតម្លៃមិនអាចកាត់ថ្លៃបាននៃសន្តិភាពនិងអះអាងថា កម្ពុជាបន្តរក្សាជំហរដោះស្រាយជម្លោះជាមួយប្រទេសជិតខាងដោយសន្តិវីធី ទាំងយន្តការទ្វេភាគី និងពហុភាគី ស្របតាមច្បាប់អន្តរជាតិ។ កម្ពុជា ចង់បានតែសន្តិភាព និងទទូចស្នើភាគីថៃដោះលែងទាហានកម្ពុជា១៨ រូប ដែល ចាប់ខ្លួនដោយទាហានថៃ ក្រោយកិច្ចព្រមព្រៀងបទឈប់បាញ់ នៅថ្ងៃ១៨ កក្កដា ២០២៥។

ពាក់ព័ន្ធសំណើរសេចក្តីព្រាងសេចក្តីសម្រេចសម្រាប់របៀបវារៈបន្ទាន់ នៃមហាសន្និបាតនៃសហភាពអន្តរសភា អំពីការពង្រឹងសកម្មភាពសភាប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនតាមអ៊ីនធើណិត ខណៈប្រកាន់ខ្ជាប់គោលការណ៍មនុស្សធម៌ (Strengthening parliamentary action against transnational cybercrime while upholding humanitarian principles) ឯកឧត្តម អ៊ុច បូររិទ្ធ បានជម្រាបជូនឯកឧត្តម Martin Chungong ថា ដើម្បីធានាភាពជឿជាក់ មានប្រសិទ្ធភាពក្នុងការអនុវត្ត និងមានលក្ខណៈបរិយាបន្ន កម្ពុជាសូមស្នើឱ្យជំរុញកែសម្រួលសេចក្តីព្រាងសេចក្តីសម្រេចខាងលើ ដើម្បីឆ្លុះបញ្ចាំងគោលការណ៍មិនលំអៀង មិនមានគោលដៅបម្រើជានយោបាយ និងមានភាពជាសាកល ដែលការកែសម្រួលនេះ មហាសន្និបាត នឹងរៀបចំបាននូវសេចក្តីសម្រេចចិត្តមួយ ដែលបង្កើតរួបរួមសហប្រតិបត្តិការ ជាជាងការបំបែកបំបាក់គ្នា នៅក្នុងបេសកកម្មរួមប្រឆាំងឧក្រិដ្ឋកម្មអនឡាញ និងប្រកាន់ខ្ជាប់នូវភាពថ្លៃថ្នូរនៃមនុស្សជាតិ។ ឯកឧត្តម Martin Chungong បានថ្លែងអំណរគុណចំពោះការចូលរួមប្រកបដោយស្ថាបនារបស់កម្ពុជា ក្នុងការងារអន្តរជាតិនេះ។

-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន6 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន5 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន2 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន