ព័ត៌មាន
កម្ពុជា-ថៃ ឯកភាពគ្នាលើការងារដោះមីនមនុស្សធម៌ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងការពារអាយុជីវិតពលរដ្ឋ
តាមរយៈកិច្ចប្រជុំពិសេសលើកទី២ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ភាគីទាំងពីរ បានឯកភាពគ្នាចំពោះការងារដោះមីនមនុស្សធម៌សំដៅចូល រួមចំណែកដោយផ្ទាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការការពារដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី២ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីនេះ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ កម្ពុជា បានបញ្ជាក់ថា ភាគីទាំងពីរបានឯកភាពគ្នាទៅលើនិយាមនីតិវិធីប្រតិបត្តិ (SOP) ចំពោះការងារដោះមីនមនុស្សធម៌សំដៅចូល រួមចំណែកដោយផ្ទាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការការពារដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមបានបញ្ជាក់ថា ការឯកភាពគ្នានេះ ក៏ដើម្បីធានាបាននូវការរក្សាអធិបតេយ្យភាព និងបូរណភាពទឹកដី។ ដោយឡែកចំពោះតំបន់អាទិភាពនៃការងារដោះមីនមនុស្សធម៌នេះពុំទាន់មានការឯកភាពគ្នានៅឡើយទេ ដូចនេះភាគីទាំងពីរនឹងបន្តជួបពិភាក្សាគ្នាដើម្បីកំណត់តំបន់អាទិភាពនេះ។
បើតាមឯកឧត្តម ហេង រតនា អគ្គនាយកអង្គភាពស៊ីម៉ាក់ បានឱ្យដឹងថា ការបោសម្អាតមីនមនុស្សធម៌ គឺបានគាំទ្រសុខសុវត្ថិភាព និងការកសាងហេដ្ឋារចនាសម្ពន័្ធរូបវន្ត ព្រមទាំងសេដ្ឋកិច្ចសង្គមដល់ប្រជាពលរដ្ឋខ្មែររស់នៅភូមិជោគជ័យ ភូមិអូរបីជាន់ និងភូមិព្រៃចាន់ ក៏ដូចជាភូមិករនានាតាមបណ្តោយព្រំដែនខ្មែរ-ថៃ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់បំផុតចាប់តាំងពីឆ្នាំ១៩៩២-៩៣ មកម្លេះ ព្រមទាំងបានចាប់ផ្តើម និងបានចែកចេញជាដំណាក់កាលៗ។ ក្នុងនោះមានឆ្នាំ១៩៩២-១៩៩៨៖ ដំណាក់កាលធ្វើការបោសសម្អាតមីនដើម្បីបើកផ្លូវសុវត្ថិភាពក្នុងការធ្វើមាតុភូមិវិវត្តន៍ និងគាំទ្រការតាំងទីលំនៅ និងកសាងជីវភាពថ្មីទាំងក្នុងឆ្នាំ១៩៩២-៩៣ និងក្រោយការបោះឆ្នោតឆ្នាំ១៩៩៣។ ឆ្នាំ១៩៩៨-២០០៣៖ ដំណាក់កាលនៃការបោសសម្អាតមីនដើម្បីគាំទ្រសុវត្ថិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ឯកឧត្តមបញ្ជាក់ថា ការដំណើរការបោសម្អាតមីនមនុស្សធម៌នៅទីតាំងទាំងនេះមានសហគមន៍អន្តរជាតិច្រើនណាស់បានដឹងឭ និងចងចាំការពិតនេះព្រោះថាសហគមន៍អន្តរជាតិទាំងនោះបានចូលរួមអនុវត្តន៍ដោយផ្ទាល់ផងដែរ៕






-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព