ព័ត៌មាន
ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ៖ កម្ពុជាគឺជារដ្ឋភាគីសកម្មនៃអនុសញ្ញាអូតាវ៉ា និងតែងតែប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍មនុស្សធម៌ និងគោរពនូវបទដ្ឋាននានារបស់អនុសញ្ញា
(តូក្យូ ជប៉ុន)៖ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១អាជ្ញាធរមីន បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម SUZUKI Hideo ឯកអគ្គរាជទូតជប៉ុន សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គជប៉ុន នៅអគារក្រសួងការបរទេសជប៉ុន។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលជប៉ុន ដែលបានចូលរួមក្នុងដំណើរស្វែងរកសន្តិភាពនៅកម្ពុជា និងបន្តគាំទ្រឱ្យមានសន្តិភាពរវាងកម្ពុជា-ថៃ។ ជាមួយគ្នានោះ ឯកឧត្ដម លី ធុជ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូយូរអង្វែងរបស់ជប៉ុន ជាមួយកម្ពុជា ជាពិសេសក្នុងវិស័យសកម្មភាពមីន ដែលបានជួយសង្គ្រោះជីវិតមនុស្សរាប់មិនអស់ និងប្រែក្លាយដីមីនទៅជាដីមានសុវត្ថិភាព សម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម និងអភិវឌ្ឍន៍។ ឯកឧត្តមថ្លែងថា កម្ពុជាគឺជារដ្ឋភាគីសកម្មនៃអនុសញ្ញាអូតាវ៉ា និងតែងតែប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍មនុស្សធម៌ និងគោរពនូវបទដ្ឋានរបស់អនុសញ្ញា ហើយកម្ពុជាបន្តប្តេជ្ញាបង្កើនកិច្ចខិតខំប្រឹងប្រែង សំដៅសម្រេចបានកម្ពុជាដែលគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
ឯកឧត្តម ក៏បានលើកឡើងអំពីសមិទ្ធផលសកម្មភាពមីននៅកម្ពុជារយៈពេលប្រមាណ៣០ឆ្នាំមកនេះ និងបញ្ហាដែលនៅសេសសល់ ជាពិសេសចម្កាមីននៅតាមបណ្តោយព្រំដែន ដែលមានគ្រាប់មីនច្រើន ពិបាកចូលទៅដល់ និងពិបាកក្នុងការបោសសម្អាត ដែលទាមទារឱ្យមានបច្ចេកទេសខ្ពស់ និងឧបករណ៍ទំនើប។ ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកអំពីការប៉ះទង្គិចប្រដាប់អាវុធនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលបានប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅរបស់ប្រជាជនកម្ពុជានៅតាមតំបន់ព្រំដែន និងរាំងស្ទះដល់ខ្សែច្រវាក់ផលិតកម្ម និងប៉ះពាល់ធ្ងន់ធ្ងរដល់ពាណិជ្ជកម្មកម្ពុជា-ថៃ និងក្នុងតំបន់ទាំងមូល។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានស្នើដល់ជប៉ុន បន្តគាំទ្រកម្ពុជាសម្រេចបានគោលដៅកម្ពុជាដែលគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបង្កើនកិច្ចសហការរវាងរដ្ឋាភិបាលជប៉ុន ជាមួយអាជ្ញាធរមីន ដើម្បីធានាថាជំនួយសកម្មភាពមីនមនុស្សធម៌របស់ប្រទេសជប៉ុនមានប្រសិទ្ធភាពខ្ពស់ មានតម្លាភាព ប្រើប្រាស់ត្រូវគោលដៅ និងស្របតាមអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ បន្ថែមលើនេះ ឯកឧត្តម បានស្នើដល់រដ្ឋាភិបាលជប៉ុន ដើរតួសំខាន់ជំរុញឱ្យអនុវត្តបទឈប់បាញ់ និងរក្សាឱ្យបានសន្តិភាពតាមតំបន់ព្រំដែនកម្ពុជា-ថៃ ដែលជាប្រយោជន៍សម្រាប់ប្រជាជនទាំងពីរ រួមទាំងក្រុមហ៊ុនវិនិយោគរបស់ជប៉ុន។
ជាការឆ្លើយតប ឯកឧត្តម SUZUKI Hideo បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានចូលរួមយ៉ាងសំខាន់ក្នុងសន្និសិទស្តីពីសកម្មភាពមីនអ៊ុយក្រែនឆ្នាំ ២០២៥ ដែលរៀបចំឡើងដោយរដ្ឋាភិបាលជប៉ុន និងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងសកម្មភាពមីនកម្ពុជា ដែលបានចូលរួមចម្បងក្នុងការធានាឱ្យបានសុវត្ថិភាពរបស់ប្រជាជន និងផ្តល់ដីសុវត្ថិភាពសម្រាប់ការស់នៅ និងអភិវឌ្ឍ។ ឯកឧត្តមគូសបញ្ជាក់ថា កម្ពុជាគឺជាដៃគូដែលអាចទុកចិត្តបាន និងប្តេជ្ញាបន្តគាំទ្រកម្ពុជាសម្រេចបានគោលដៅប្រទេសដែលគ្មានមីន។ ឯកឧត្តម លើកឡើងផងដែរថា ជប៉ុនចង់បាននូវប្រសិទ្ធភាព និងតម្លាភាពក្នុងសកម្មភាពមីន។ ពាក់ពន្ធនឹងបញ្ហាព្រំដែន ឯកឧត្តម SUZUKI Hideo សង្ឃឹមថាកម្ពុជាអាចសម្រេចបានសន្តិភាពឆាប់ៗ ហើយជប៉ុនត្រៀមខ្លួនរួចសម្រេចដើម្បីជួយឱ្យកម្ពុជានិងថៃ សម្រេចបានសន្តិភាពមួយដែលមានភាពយូរអង្វែង។







-
PR NEWS4 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នកខេត្តស្វាយរៀង ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន5 days agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
-
កីឡា1 week agoក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីថ្ងៃនេះ
-
ព័ត៌មាន1 week agoពិធីបុណ្យមាឃបូជានៅវត្តបន្ទាយដែកឆ្នាំនេះ មានពុទ្ធបរិស័ទ និងសិស្សានុសិស្ស ចូលរួមកុះករជាងឆ្នាំមុន
-
ព័ត៌មាន6 days agoមន្រី្តជាន់ខ្ពស់សុខាភិបាល លើកទឹកចិត្តដល់អ្នកជំនាញ សូមបន្តរួមគ្នាអភិវឌ្ឍន៍បច្ចេកទេសព្យាបាលថ្មីៗ
-
ព័ត៌មាន5 days agoព្រះមហាក្សត្រកម្ពុជា ព្រះអង្គទ្រង់ប្រឈួនពុំអាចបំពេញព្រះរាជកិច្ចបាន ប្រគល់ភារកិច្ចជូនសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរដ្ឋស្តីទី ឱ្យទទួលស្វាគមន៍ឯកឧត្តម ថងលូន ស៊ីសូលីត នៅក្នុងព្រះបរមរាជវាំង
-
ព័ត៌មាន4 days agoសម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងភោជនាហារផ្លូវរដ្ឋជូនឯកឧត្តមបណ្ឌិត ថងលុន ស៊ីសូលីត (Thongloun Sisoulith) ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា