ព័ត៌មាន
សាលារៀនចំនួន៦ ឈ្នះជ័យលាភី «សាលាមេត្រីបរិស្ថានលើកទី៥ ឆ្នាំ២០២៥»
នៅរសៀលថ្ងៃទី ទី២៣ ខែតុលា ឆ្នាំ២០២៥៖ ក្រសួងបរិស្ថានបានរៀបចំពិធីប្រកាសជ័យលាភី «សាលាមេត្រីបរិស្ថានលើកទី៥ ឆ្នាំ២០២៥» នៅទីស្តីការក្រសួង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ ពិធីនេះត្រូវបានរៀបចំឡើងដើម្បីលើកទឹកចិត្ត និងការទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់សាលារៀនក្នុងការអនុវត្តគោលការណ៍ណែនាំស្តីពីសាលាមេត្រីបរិស្ថាននៅកម្ពុជា។
សាលារៀនដែលជាប់ជ័យលាភីមានចំនួន៦ ក្នុងចំណោមសាលារៀនចំនួន ៣៥ នៅទូទាំងប្រទេស ដែលរួមមានវិទ្យាល័យ ចំនួន២ អនុវិទ្យាល័យចំនួន ២ និងលាលាបឋមសិក្សាចំនួន ២ សាលា។ ក្នុងនោះក្រសួងបរិស្ថានបានកំណត់នូវប្រភេទពានរង្វាន់ជូនសាលារៀនទាំង ៦ ដែលជាម្ចាស់ជ័យលាភីរួមមាន៖ ពានជ័យលាភីកម្រិតមាស ចំនួន ២ សាលារៀន។ ពានជ័យលាភីកម្រិតប្រាក់ ចំនួន ០២ សាលារៀន និងពានជ័យលាភីកម្រិតសំរិទ្ធមានចំនួន ០២ សាលារៀន។
លើសពីនេះ ក្រសួងបរិស្ថានក៏បានការលើកទឹកចិត្តបន្ថែម ដោយបានប្រគល់ បណ្ណសរសើរមេត្រីបរិស្ថាន ជូនដល់សាលារៀនចំនួន ២៩ ផ្សេងទៀត និងប្រគល់បណ្ណសរសើរ លិខិតសរសើរដល់នីតិបុគ្គល និងរូបវ័ន្តបុគ្គលដែលបានចូលរួមអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន មកពីវិស័យឯកជន ក្រុមអង្គការសង្គមស៊ីវិល និងសកម្មជនអ្នកស្រឡាញ់បរិស្ថាន មួយចំនួនផងដែរ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសម្តែងសេចក្តីសោមនស្សរីករាយ និងអបអរសាទរដល់សាលារៀនទាំងពីរកម្រិតដែលទទួលបានជ័យលាភី ដោយលើកទឹកចិត្តសាលារៀនដែលមិនទាន់ជាប់ ឱ្យបន្តការខិតខំប្រឹងប្រែងដើម្បីបុព្វហេតុនិរន្តរភាពបរិស្ថាន និងការបណ្តុះបណ្តាលយុវជនស្របតាមសសរត្ថម្ភ ៣នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន គឺ ភាពស្អាត ភាពបៃតង និងចីរភាព នៅតាមសាលារៀន និងនៅក្នុងសហគមន៍ជុំវិញ ផ្តើមចេញពីភាពស្អាត និងភាពបៃតងនៅក្នុងចិត្តរបស់យើងម្នាក់ៗជាមុន។
កិច្ចសហការដ៏ល្អរវាងសហគមន៍ និងអាជ្ញាធរមូលដ្ឋាន គឺដើម្បីធានាការអប់រំប្រកបដោយប្រសិទ្ធភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ ពីព្រោះបញ្ហាបរិស្ថានគឺជាបញ្ហាអន្តរវិស័យ ដូច្នេះការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ គឺចាំបាច់ដើម្បីសម្រេចបានកម្ពុជាមានភាព «ស្អាត» «បៃតង» និង «ចីរភាព»។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នឋាក់ថឹកនាំ និងមន្រ្តីរាជការក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលបានគាំទ្រ និងផ្តល់កិច្ចសហការយ៉ាងល្អក្នុងការជំរុញចលនាសាលាមេត្រីបរិស្ថាននៅកម្ពុជា ។
សូមជម្រាបជូនថា «សាលាមេត្រីបរិស្ថាន» គឺជាសាលាដែលលើកកម្ពស់គុណតម្លៃនៃការអនុវត្តចីរភាពបរិស្ថាន តាមរយៈការកសាងជាសាលា ស្អាត បៃតង និងមានបរិយាកាសសិក្សាល្អ សម្រាប់បម្រើដល់ផលប្រយោជន៍របស់សាលារៀន សហគមន៍ និងសង្គមទាំងមូល។ ការប្រឡងប្រណាំងនេះ ត្រូវបានរៀបចំឡើងជារៀងរាល់ពីរឆ្នាំម្តង ចាប់តាំងពីឆ្នាំ២០១៧ មក។ នៅក្នុងដំណើរការវាយតម្លៃសម្រាប់ឆ្នាំ២០២៥ មានសាលារៀនចំនួន ៣៥ មកពីបណ្តាខេត្តចំនួន ១៧ បានដាក់ពាក្យចូលរួមប្រកួត និងត្រូវឆ្លងកាត់ការវាយតម្លៃជាដំណាក់កាលធំៗ ក្នុនោះទី១៖ ការប្រកាសជូនដំណឹងរយៈពេល ១ ខែ ដំណាក់កាលទី២៖ ការជ្រើសរើសរបស់មន្ទីរបរិស្ថានខេត្ត (២ សាលា/ខេត្ត) ដោយផ្អែកលើ ការរៀបចំ «ភាពស្អាត» និង «ភាពបៃតង» និងការចូលរួមយុទ្ធនាការគំរូរបស់ក្រសួង (ដូចជា «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «កម្ពុជាស្អាត ខ្មែរធ្វើបាន» «យុទ្ធនាការពន្លកបៃតង» ជាដើមឈើជាដើម។ ដំណាក់កាលទី៣៖ ការត្រួតពិនិត្យ និងវាយតម្លៃដោយនាយកដ្ឋានអប់រំបរិស្ថាន ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យ ៤ ចំណុច៖ (១) គោលការណ៍ និងរដ្ឋបាល, (២) ការបង្រៀន និងសកម្មភាពអប់រំបរិស្ថាន, (៣) សម្ភារៈបរិក្ខាអប់រំបរិស្ថាន, និង (៤) ភាពជាដៃគូជាមួយអ្នកពាក់ព័ន្ធ។ និងដំណាក់កាលទី៤៖ ការប្រគល់បណ្ណ និងពានជ័យលាភីសាលាមេត្រីបរិស្ថាន។









-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន5 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន6 days agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន4 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ