ព័ត៌មាន
គណៈប្រតិភូវិនិយោគិនទីក្រុងឆឹងទូ ឈុងឈីង និងម៉ាឡេស៊ី ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា
ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូវិនិយោគិនមកពីទីក្រុងឆឹងទូ ឈុងឈីង និងប្រទេសម៉ាទ្បេស៊ី ដឹកនាំដោយលោកសាស្ត្រាចារ្យបណ្ឌិត Tan Yew Kuan នាយកប្រតិបត្តិ Asia Pacific Top Excellence Brand Committee និងលោក Gan Dehong

ប្រធានសភាពាណិជ្ជកម្ម Chengdu Machinery Manufacturing។ ក្នុងឱកាសនេះ គណៈប្រតិភូវិនិយោគិន បានចាប់អារម្មណ៍ចំពោះឱកាសការវិនិយោគនៅកម្ពុជា។
គណៈប្រតិភូវិនិយោគិនមកពីទីក្រុងឆឹងទូ ឈុងឈីង និងប្រទេសម៉ាទ្បេស៊ីនេះ មានកម្មវត្ថុអាជីវកម្មក្នុងវិស័យកម្មន្ដសាល, ការគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់, ឧបករណ៍អគ្គិសនី និងមេកានិច, គ្រឿងម៉ាស៊ីនឆ្លាតវៃ, ការវេចខ្ចប់, ការផលិត និងកែច្នៃ ព្រមទាំងវិស័យអចលនទ្រព្យ។

ឯកឧត្តមអគ្គលេខាធិការរងបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូដែលបានចំណាយពេលវេលាដ៏មានតម្លៃមកធ្វើទស្សនកិច្ចសិក្សាដោយផ្ទាល់នៅកម្ពុជា ដើម្បីឈ្វេងយល់ឱ្យកាន់តែច្បាស់អំពីបរិយាកាសនៅកម្ពុជា។ ឯកឧត្តមអគ្គលេខាធិការរងបានជម្រាបជូនគណៈប្រតិភូអំពីច្បាប់ ស្តីពីវិនិយោគ របបលើកទឹកចិត្តដែលប្រកបដោយភាពទាក់ទាញ សក្តានុពលវិនិយោគក្នុងវិស័យអាទិភាពមួយចំនួន និងគោលនយោបាយដើម្បីលើកកម្ពស់បរិស្ថានវិនិយោគនិងធុរកិច្ចនៅកម្ពុជា។

លោក Gan Dehong ប្រធានសភាពាណិជ្ជកម្ម Chengdu Machinery Manufacturing បានថ្លែងអំណរគុណចំពោះឯកឧត្តមអគ្គលេខាធិការរង ដែលបានចំណាយពេលវេលាទទួលជួបគណៈប្រតិភូនាពេលនេះ និងព្រមទាំងបានអត្ថាធិប្បាយលម្អិតអំពីស្ថានភាពវិនិយោគនៅកម្ពុជាជូនគណៈប្រតិភូ។ លោក Gan Dehong ក៏បានមានការកត់សម្គាល់ឃើញថា កម្ពុជាពិតជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាមួយនឹងរំហូរនៃការវិនិយោគបានចូលមកកម្ពុជាកាន់តែច្រើនឡើងៗក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយម្យ៉ាងទៀតរាជរដ្ឋាភិបាលកម្ពុជាតែងតែស្តាប់នូវមតិយោបល់របស់សហគមន៍វិនិយោគដើម្បីកែលម្អបរិស្ថានវិនិយោគនៅកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែង។

ស្របជាមួយគ្នានេះ លោកប្រធានគណៈប្រតិភូបានធ្វើការវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងារប្រកបដោយវិជ្ជាជីវៈរបស់គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការទាក់ទាញវិនិយោគ និងថែទាំវិនិយោគ ហើយបានសន្យានឹងធ្វើការពាំនាំព័ត៌មានសំខាន់ៗដែលទទួលបាន និងទិដ្ឋភាពជាក់ស្តែងដែលបានឃើញដោយផ្ទាល់នាពេលនេះ ដើម្បីចែករំលែកជាមួយសមាជិក និងបណ្តាញធុរកិច្ច និងវិនិយោគរបស់ខ្លួនដើម្បីពិនិត្យលទ្ធភាពមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា៕


-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន6 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន5 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន2 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន