ព័ត៌មាន
គណៈរដ្ឋមន្ត្រីអនុម័តលើសេចក្តីព្រាងច្បាប់ លុបបំបាត់ការយកពន្ធត្រួតគ្នា ជាមួយ ឡាវ ហ្វីលីពីន និង សិង្ហបុរី
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) នាព្រឹកថ្ងៃសុក្រ ទី២៤ ខែតុលា ឆ្នាំ២០២៥ ដោយបានពិភាក្សា ឆ្លង និងអនុម័ត សេចក្តីព្រាង រវាងកម្ពុជា-ឡាវ, កម្ពុជា-ហ្វីលីពីន, កម្ពុជា-សិង្ហបុរី ច្បាប់ស្តីពី ការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ។ នេះបើយោងតាមសេចក្ដីប្រកាស ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី។
សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើ៖
– កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ស្តីពី ការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ។
– កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋហ្វីលីពីន ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ។
– ពិធីសារទី២ ដើម្បីធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសិង្ហបុរី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។
សេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងបន្ថែមថា កម្ពុជាបាន និងកំពុងចរចាកិច្ចព្រមព្រៀង ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ (Double Taxation Agreement- DTA) ជាមួយបណ្តារដ្ឋសមាជិកអាស៊ាន អាស៊ានបូកបី និងបណ្តាប្រទេស ឬយុត្តាធិការមួយចំនួនទៀត ដោយផ្អែកលើលក្ខណវិនិច្ឆ័យចម្បង ដូចជាកាតព្វកិច្ចអន្តរជាតិ កិច្ចសហប្រតិបត្តិការអន្តរជាតិ ប្រទេស ឬយុត្តាធិការដែលជាដៃគូវិនិយោគធំៗ និងតាមការស្នើសុំចរចារបស់បណ្តាប្រទេស ឬយុត្តាធិការទាំងនោះ។
កិច្ចព្រមព្រៀង DTA នេះ ផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដែលជាការប៉ះប៉ូវវិញដល់ប្រទេសជាហត្ថលេខី ដូចជា ១. ការទាក់ទាញនឹងជំរុញវិនិយោគនិងពាណិជ្ជកម្មអន្តរជាតិ ២. កំណើនមូលដ្ឋានពន្ធ ៣. រំហូរមូលធន ៤. ការផ្ទេរបច្ចេកវិទ្យា និងជំនាញពីបរទេសតាមរយៈបទប្បញ្ញត្តិស្តីពីសួយសារនិងសេវាបច្ចេកទេស ៥.ការការពារនិវាសនជនកម្ពុជាដែលជាវិនិយោគិននៅបរទេស និង ៦.ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យពន្ធដារ ជាពិសេសការទប់ស្កាត់ និងការបង្ក្រាបការគេចវេះពន្ធតាមរយៈការផ្លាស់ប្តូរព័ត៌មានរបស់អ្នកជាប់ពន្ធ។
កិច្ចព្រមព្រៀង DTA កម្ពុជា-ឡាវ និងកម្ពុជា-ហ្វីលីពីន បានឆ្លុះបញ្ចាំងអំពីគោលការណ៍សំខាន់ៗ នៃគោលនយោបាយពន្ធដារអន្តរជាតិ និងច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដាររបស់កម្ពុជា ក៏ដូចជាតាមលំនាំគំរូ អង្គការសហប្រជាជាតិ ដែលមានលក្ខណៈអំណោយផលដល់ប្រទេសកំពុងអភិវឌ្ឍ ដូចជាកម្ពុជា។ រហូតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានកិច្ចព្រមព្រៀង DTA ជាមួយប្រទេសនិងយុត្តាធិការ ចំនួន ១១ រួមមាន សិង្ហបុរី ចិន ព្រុយណេ ថៃ វៀតណាម ឥណ្ឌូណេស៊ី តំបន់រដ្ឋបាលពិសេសហុងកុង ម៉ាឡេស៊ី សាធារណរដ្ឋកូរ៉េ តំបន់រដ្ឋបាលពិសេសម៉ាកាវ និងតួកគី។
គួរបញ្ជាក់ថា ជាមួយគ្នានេះ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក៏បានពិភាក្សា ឆ្លង និងអនុម័តរបៀបវារៈសំខាន់ៗផ្សេងទៀត ដូចជា៖
– សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦
– សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤
– សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ ៕









-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន5 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន6 days agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន4 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ