ព័ត៌មាន
ឯកឧត្តមរដ្ឋមន្រ្តី ចាយ បូរិន ទទួលជួបស្វាគមន៍ គណៈប្រតិភូវៀតណាម និងគណៈប្រតិភូឡាវ ក្នុងឱកាសអញ្ជើញចូលរួម កិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា កម្ពុជា ឡាវ វៀតណាម លើកទី៣ នារាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ ៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញទទួលជួបស្វាគមន៍ជាមួយ ឯកឧត្តមបណ្ឌិត ងៀន ហាយជុង (H.E. Dr. Nguyen Hai Trung) អនុរដ្ឋមន្ត្រីក្រសួងកិច្ចការ ជនជាតិ និងសាសនា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះតេជគុណ ធិច ហ្វិថុង (Most Venerable Thich Hue Thong) ព្រះអនុប្រធានក្រុមប្រឹក្សាប្រតិបត្តិ និងជាព្រះប្រធានគណៈកម្មាធិការមជ្ឈិមកិច្ចការនីតិកម្ម នៃព្រះពុទ្ធសាសនាវៀតណាម ព្រមទាំង គណៈប្រតិភូ ព្រះមន្រ្តីសង្ឃវៀតណាម ក្នុងឱកាសអញ្ជើញចូលរួម កិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា កម្ពុជា ឡាវ វៀតណាម លើកទី៣ ក្រោមប្រធានបទ “សុខដុមនីយកម្មព្រះពុទ្ធសាសនាដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព” ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នាទីស្តីការក្រសួងធម្មការនិងសាសនា។
ឯកឧត្តម អនុរដ្ឋមន្ត្រីក្រសួងកិច្ចការ ជនជាតិ និងសាសនា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានមានប្រសាសន៍ថា ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី និង កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយប្រកបដោយចីរភាព យូរអង្វែង និង ស្វែងរកឱកាសបង្កើនកិច្ចសហប្រតិបត្តិការថ្មីៗ បន្ថែមទៀត ដើម្បីជាផលប្រយោជន៍រវាងប្រទេស និងប្រជាជន កម្ពុជា-វៀតណាម ។ ឯកឧត្តម ប្រធានគណៈប្រតិភូវៀតណាមបានបញ្ជាក់ថា កាលពីឆ្នាំ២០២៣ ប្រទេសវៀតណាម បានធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា កម្ពុជា ឡាវ វៀតណាម លើកទី២ ទទួលបានជោគជ័យជាទីមោទនៈ ដែលបានផ្លាស់ប្តូរទស្សនៈអំពី តួនាទីរបស់ព្រះពុទ្ធសាសនាក្នុងការលើកកម្ពស់សន្តិភាព សុខដុមរមនា និងការការពារបរិស្ថាននៅក្នុងតំបន់ ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម រដ្ឋមន្រ្តី ចាយ បូរិន បានមានប្រសាសន៍ ស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តមបណ្ឌិត ងៀន ហាយជុង (H.E. Dr. Nguyen Hai Trung) និងគណៈប្រតិភូព្រះមន្រ្តីសង្ឃជាន់ខ្ពស់វៀតណាមទាំងអស់ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ចាយ បូរិន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់លើកកម្ពស់ចំណងមិត្តភាព លើគ្រប់បណ្តាប្រទេសជាមិត្ត ដែលបង្ហាញពីមិត្តភាព ដ៏ជិតស្និទ្ធ និងទំនាក់ទំនងដ៏រឹងមាំ ជាប្រពៃណីរវាង ប្រទេស និង ប្រជាជន។
ឯកឧត្តម រដ្ឋមន្រ្តី បានសម្តែងនូវក្តីសង្ឃឹមថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម នឹងកាន់តែមានការរីកចម្រើន ពិសេសលើវិស័យព្រះពុទ្ធសាសនា ហើយឈានទៅដល់ការយោគយល់គ្នាកាន់តែច្រើនឡើង តាមរយៈកិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា កម្ពុជា ឡាវ វៀតណាម លើកទី៣ពេលនេះ នឹងពិភាក្សាយ៉ាងផុលផុសដើម្បីឲ្យកិច្ចប្រជុំនាឱកាសនេះទទួលបានផ្លែផ្កាកាន់តែល្អប្រសើរឡើងថែមទៀត។
ឯកឧត្តម រដ្ឋមន្រ្តី សូមជូនពរ ដល់ឯកឧត្តម និងគណៈប្រតិភូព្រះមន្រ្តីសង្ឃសាធារណរដ្ឋសង្គមនិយមវៀតណាមទាំងអស់ទទួល បាននូវសុខសុវត្ថិភាព និងភាពរីករាយក្នុងការស្នាក់នៅបំពេញបេសកកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ។
បន្ទាប់ពីទទួលសំណេះសំណាលជាមួយគណៈប្រតិភូវៀតណាម ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញបន្តទទួលជួបសំណេះសំណាលជាមួយ ឯកឧត្តមបណ្ឌិត ខឿងខឹម កែវនូចាន់ (H.E. Dr. Kheungkham Keonuchan) អនុរដ្ឋមន្ត្រី និងជានាយករងទីស្តីការនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ និងព្រះតេជគុណ ថាវ័ន តៈផនប៉ាក់សឺត (Most Venerable ThavoneTaphonepaseuth) ជំនួយការព្រះប្រធានស្តីទីសមាគមព្រះពុទ្ធសាសនាមជ្ឈិម នៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិត ព្រមទាំងគណៈប្រតិភូព្រះមន្រ្តីសង្ឃឡាវ ក្នុងឱកាសអញ្ជើញចូលរួម កិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា កម្ពុជា ឡាវ វៀតណាម លើកទី៣ ក្រោមប្រធានបទ “សុខដុមនីយកម្មព្រះពុទ្ធសាសនាដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព” ។
ព្រះតេជគុណ ថាវ័ន តៈផនប៉ាក់សឺត បានមានព្រះថេរដីការថា កិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា កម្ពុជា ឡាវ វៀតណាម លើកទី១ បានប្រារព្ធឡើងនៅប្រទេសឡាវ ដោយមានការយាងចូលរួមជាកិត្តិយសដ៏ខ្ពង់ខ្ពស់អំពី សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
ជាកិច្ចស្វាគមន៍ ឯកឧត្តម រដ្ឋមន្រ្តី សម្ដែងនូវការពេញចិត្តយ៉ាងខ្លាំង ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងជាប្រពៃណី ជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងប្រទេសទាំងពីរ កម្ពុជា-ឡាវ ដែលសម្រេចបាននូវភាពសុខដុមនីយកម្មនៅវិស័យព្រះពុទ្ធសាសនាផងដែរ ។ ឯកឧត្តម ចាយ បូរិន សង្ឃឹមថា តាមរយៈ កិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា កម្ពុជា ឡាវ វៀតណាម លើកទី៣ ក្រោមប្រធានបទ “សុខដុមនីយកម្មព្រះពុទ្ធសាសនាដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព” នាថ្ងៃស្អែកនេះ នឹងមានការជជែក ពិភាក្សាយ៉ាងផុសផុល ដើម្បីធ្វើឲ្យវិស័យព្រះពុទ្ធសាសនាកាន់តែមានភាពរីកចម្រើន និងភាពសុខដុមនីយកម្មសាសនាកាន់តែទូលំទូលាយ ។
នាឱកាសនេះឯកឧត្តម រដ្ឋមន្រ្តី សូមជូនពរ ដល់ឯកឧត្តម និងគណៈប្រតិភូព្រះមន្រ្តីសង្ឃនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវទាំងអស់ ទទួលបាននូវសុខសុវត្ថិភាព និងភាពរីករាយក្នុងការស្នាក់នៅបំពេញបេសកកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ។
សូមជប្រាបជូនថា កិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា កម្ពុជា ឡាវ វៀតណាម លើកទី៣ ក្រោមប្រធានបទ “សុខដុមនីយកម្មព្រះពុទ្ធសាសនាដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព” និងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ដោយមានគណៈប្រតិភូនិងព្រះមន្រ្តីសង្ឃជាន់ខ្ពស់មកពីប្រទេសឡាវ និងវៀតណាម អញ្ជើញចូលរួម។
កិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា កម្ពុជា ឡាវ វៀតណាម នេះ មានការប្រារព្ធធ្វើឡើងរយៈពេល២ឆ្នាំម្តង ដោយកិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា កម្ពុជា ឡាវ វៀតណាម លើកទី១ បានប្រារព្ធធ្វើនៅប្រទេសឡាវ លើកទី២នៅប្រទេសវៀតណាម និង នៅឆ្នាំ២០២៥នេះ ជាវេនរបស់ព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕
អត្ថបទ រដ្ឋា














-
ព័ត៌មាន1 week agoដើម្បីជួយសម្រាលជីវភាពពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេបញ្ចុះតម្លៃអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាសូត
-
PR NEWS6 days agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន1 week agoសម្ដេចធិបតីអបអរទិវាពិភពលោក ទឹក និងឧតុនិយម ខណៈ «ទឹក» គឺជាប្រភពនៃជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាព
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ រាជរដ្ឋាភិបាល បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសកម្មភាពកងកម្លាំងថៃ ឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា
-
ព័ត៌មាន7 days agoកម្ពុជា និងសហភាពអឺរ៉ុប ត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត
-
ព័ត៌មាន1 week agoលិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក
-
ព័ត៌មាន6 days agoកម្ពុជាស្នើស្នើសហភាពអឺរ៉ុបបន្តគាំទ្រចក្ខុវិស័យឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបោសសម្អាតយុទ្ធភណ្ឌគ្រឿងបន្សល់ទុកដោយយោធាថៃ
-
ព័ត៌មាន5 days agoរដ្ឋមន្រ្តីជំរុញឱ្យមន្រ្ដីសុខាភិបាលរាជធានី ខេត្តយកចិត្តទុកដាក់លើមរណភាពមាតា និងទារកពេលបង្កកំណើត