ព័ត៌មាន
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ កោះរ៉ុងកំពុងក្លាយជាកន្លែងទាក់ទាញការវិនិយោគ និងទេសចរណ៍
ព្រះសីហនុ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អះអាងថា កោះរ៉ុង ខេត្តព្រះសីហនុ នៅតែជាកន្លែងដ៏ទាក់ទាញ សម្រាប់ការវិនិយោគផ្ទាល់ពីបរទេស ពិសេសលើវិស័យទេសចរណ៍ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនឯកជន កំពុងបោះទុនបន្ថែម អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីបម្រើដល់វិស័យទេសចរណ៍ ។
ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារពហុមុខងារ និងសណ្ឋាគារប្រណិតនៃគម្រោងផត អ៊ីវស៍ ផាលេស (Port Yves Palace) របស់ក្រុមហ៊ុន MBIS Development Co.,Ltd. កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅក្នុងឆ្នេរកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ការសាងសង់នូវអគារពហុមុខងារ និងសណ្ឋាគារប្រណិត ជាការវិនិយោគដ៏ត្រឹមត្រូវបំផុត ដើម្បីស្វាគមន៍ និងទាក់ទាញភ្ញៀវទេសចរណ៍កាន់តែច្រើន ដែលមកសម្រាកលំហែកំសាន្តនៅកោះរ៉ុង ក៏ដូចជាបង្កើតការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋ ។ គម្រោងនេះមិនត្រឹមតែជាអគារពហុមុខងារ និងសណ្ឋាគារប្រណិតប៉ុណ្ណោះទេ ប៉ុន្តែនេះជានិមិត្តរូបមួយ នៃការកកើតជីវិតថ្មីមួយទៀត សម្រាប់អ្នកកោះរ៉ុង ជាសសរទ្រូង និងឆ្អឹងខ្នងសេដ្ឋកិច្ច សម្រាប់អ្នកកោះរ៉ុងផងដែរ ។
ឯកឧត្តម ក៏បានបណ្ដុះគំនិតដល់អាជ្ញាធរ និងប្រជាពលរដ្ឋ ត្រូវយល់ឱ្យបានច្បាស់អំពីប្រភេទទេសចរណ៍ ត្រូវយល់ឱ្យបានច្បាស់ពីគោលបំណង របស់អ្នកទេសចរណ៍ ដែលមកទីនេះ ត្រូវការការលំហែបែបស្ងប់ស្ងាត់ ជាមួយធម្មជាតិស្រស់ត្រកាល ស្រូបយកខ្យល់អាកាសបរិសុទ្ធពីសមុទ្រ ហើយទាំងនេះ គឺជាអ្វីដែលទាំងអស់គ្នា ជាអ្នកកោះរ៉ុងត្រូវយល់ដឹង និងគិតគូរធ្វើយ៉ាងណា ដើម្បីទាក់ទាញទេសចរណ៍ឱ្យមកកាន់ទីនេះ បានកាន់តែច្រើនថែមទៀត តាមរយៈសក្តានុពលទេសចរណ៍ដ៏សំបូរបែប ដែលមានស្រាប់ ។
ឆ្លើយតបនឹងសម្ទុះនៃការវិនិយោគ និងទេសចរណ៍ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា នឹងរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធ នៅលើកោះរ៉ុងបន្ថែមទៀត ដូចជាការធ្វើផ្លូវ ដាក់អំពូលភ្លើង បំពាក់កាមេរ៉ាសុវត្ថិភាព រៀបចំប្រព័ន្ធចម្រោះទឹកស្អាត កសាងទីតាំងស្តុកទឹកស្អាត ការគ្រប់គ្រងសំរាម រៀបចំសហគមន៍ មានការដាំបន្លែ និងចិញ្ចឹមសត្វ និងជំរុញទៅអាជ្ញាធរត្រូវពង្រឹងនូវសន្តិសុខ ដើម្បីធ្វើឲ្យអ្នកវិនិយោគ និងភ្ញៀវបរទេសមានភាពកក់ក្ដៅ និងស្នាក់នៅប្រកបដោយសុវត្ថិភាព ហើយសប្បាយរីករាយ ។
លោកស្រី IWONA MAGDA KMIECIK នាយិកាប្រតិបត្តិ M.B.I.S APSARA RESORT លើកឡើងថា គម្រោង ផត អ៊ីវស៍ ផាលេស នឹងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា ជាពិសេស រួមចំណែកចូលរួមជំរុញចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងចក្ខុវិស័យឆ្នាំ២០២៥ជាប្រទេសមានចំណូលខ្ពស់ ជាងនេះទៅទៀតផ្តល់ឱកាសការងារអចិន្ត្រៃយ៍ដល់ប្រជាពលរដ្ឋកម្ពុជាប្រមាណជា ១ ០០០កន្លែង ក្នុងអំឡុងពេលសាងសង់ និងដំណាក់កាលចាប់ផ្តើម ។
លោកស្រីបន្តថា គម្រោងនេះ ជាការកសាងនូវវប្បធម៌ ការយោគយល់ និងប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ហើយប្រតិបត្តិការនៃគម្រោងនឹងត្រូវធ្វើឡើងដោយយកចិត្តទុកដាក់ចំពោះបរិស្ថាន ដោយការការពារធម្មជាតិ និងរួមចំណែកដល់អាយុជីវិតយូរអង្វែង សម្រាប់ភពផែនដី និងរួមចំណែកដល់កំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព អាចកសាងនូវអ្វីដែលស្រស់ស្អាតសម្រាប់ប្រទេសជាតិកម្ពុជា និងសម្រាប់មនុស្សជំនាន់ក្រោយ៕ អត្ថបទ បាន សុខរិទ្ធិ









-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
PR NEWS1 day agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន4 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន5 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន5 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន3 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប