ព័ត៌មាន
រដ្ឋសភាកម្ពុជា និងរដ្ឋសភាហុងគ្រី ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាចំនួនពីរ ស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានិងអគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទំាងពីរ
បន្ទាប់ពីជំនួបពិភាក្សារងារទ្វេភាគី រវាងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម ឡាស្លូ កូវឺរ (László Kövér) ប្រធានរដ្ឋសភាហុងគ្រី នៅព្រឹកថ្ងៃទី២៧ ខែតុលាឆ្នាំ២០២៥នេះ រួចមក ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរបានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នានិងបានអញ្ជើញធ្វើជាអធិបតីភាព ក្នុងការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា រវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទំាងពីរ ផងដែរ។
អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូសភារវាងរដ្ឋសភានៃប្រទេសហុងគ្រី និងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងឯកឧត្ដម ឡាស្លូ កូវឺរ (László Kövér) ប្រធានរដ្ឋសភាហុងគ្រី។
ចំណែក អនុស្សារណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការ រវាងអគ្គលេខាធិការដ្ឋាន រដ្ឋសភាប្រទេសទំាងពីរ បានចុះហត្ថលេខាដោយឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការរដ្ឋសភា តំណាងឱ្យ ឯកឧត្តម ឡេង ប៉េងុង អគ្គលេខាធិការរដ្ឋសភាកម្ពុជានិង ឯកឧត្តម ជឺរជី ស៊ុច (György Such) អគ្គលេខាធិការរដ្ឋសភា ប្រទេសហុងគ្រី។
អនុស្សារណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខានាពេលនេះ មានសារៈសំខាន់បំផុត នៅក្នុងការលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរ នៅគ្រប់កម្រិត ទំាងក្នុងកម្រិតរដ្ឋសភានិងអគ្គលេខាធិការដ្ឋាន ដូចជាក្នុងការជំរុញឱ្យមានការផ្លាស់ប្ដូរទស្សនកិច្ច ការចែករំលែកបទពិសោធន៍ ចែករំលែកព័ត៌មានគ្នាទៅវិញទៅមក ការបណ្តុះបណ្តាល និងការលើកកម្ពស់ភាពជាដៃគូ និងការបណ្តុះបណ្តាលកសាងសមត្ថភាពមន្រ្តី នៃរដ្ឋសភាប្រទេសទំាងពីរជាដើម។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងឯកឧត្ដម ឡាស្លូ កូវឺរ ចាត់ទុកអនុស្សារណៈនៃការយោគយល់គ្នា ដែលរដ្ឋសភាប្រទេសទំាងពីរបានចុះហត្ថលេខានាពេលនេះ ជាទំព័រប្រវត្តិសាស្រ្តថ្មីមួយ នៃទំនាក់ទំនងល្អរវាងប្រទេសទំាងពីរដែលមានតំាងពីយូរណាស់លុងណាស់ហើយនោះ។ អនុស្សារណៈនៃការយោគយល់គ្នានាពេលនេះ នឹងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋប្រទេសទំាងពីរ ក្នុងការលើកកម្ពស់ការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ពីព្រោះរដ្ឋសភាប្រទេសទំាងពីរ ជាស្ថាប័នតំណាងឱ្យប្រជាពលរដ្ឋ៕




-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព