ព័ត៌មាន
សម្ដេចធិបតីរំឭកជាថ្មីដល់នាយករដ្ឋមន្រ្ដីថៃចំពោះការដោះលែងទាហានកម្ពុជាទាំង១៨រូបឱ្យបានឆាប់
ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានរំឭកជាថ្មីដល់នាយករដ្ឋមន្រ្ដីថៃឱ្យមានការដោះលែងទាហានកម្ពុជាចំនួន១៨រូបឱ្យបានឆាប់ដោយឈរលើមូលដ្ឋានមនុស្សធម៌ និងដូចដែលបានឯកភាពគ្នាក្នុងសេចក្តីថ្លែងការណ៍រួមគូឡាឡាំពួ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ នេះបើយោងតាមសេក្ដីប្រកាសព័ត៌មានលទ្ធផលនៃជំនួប។
ក្នុងជំនួបនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុតជូនឯកឧត្តម Anutin Charnvirakul ចំពោះការសោយព្រះទិវង្គតរបស់ ព្រះមហាក្សត្រិយ៍ ព្រះវររាជមាតា Sirikit។ ជាការឆ្លើយតប នាយករដ្ឋមន្ត្រី Anutin បានថ្លែងអំណរគុណ សម្តេចធិបតី ចំពោះសារលិខិតរំលែកទុក្ខ និងសេចក្តីអាណិតអាសូរដ៏ស្មោះអស់ពីដួងចិត្តរបស់កម្ពុជា ក្នុងពេលវេលានៃការកាន់មរណទុក្ខនេះ។
នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សាលើសេចក្តីថ្លែងការណ៍រួមគូឡាឡាំពួ ដែលត្រូវបានចុះ ហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០៥ និងត្រូវបានធ្វើជាសាក្សីដោយ ឯកឧត្តម Donald J. Trump ប្រធានាធិបតីនៃសហរដ្ឋអាម៉េរិក និងឯកឧត្តម Dato’ Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការគោរព និងការប្រកាន់ខ្ជាប់ចំពោះ សេចក្តីថ្លែងការណ៍រួមគូឡាឡាំពួ ដែលបានផ្តល់នូវក្របខ័ណ្ឌមួយសម្រាប់ប្រទេសទាំងពីរក្នុងការធ្វើការ ជាមួយគ្នាឆ្ពោះទៅរកសន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាព។
សម្តេចធិបតីបានគូសបញ្ជាក់ថា ការចុះហត្ថលេខានេះឆ្លុះបញ្ចាំងវឌ្ឍនភាពបន្ថែមទៀតចាប់តាំងពីមានកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលរហូតមកដល់ពេលនេះ បានជួយរក្សានូវភាពស្ងប់ស្ងាត់ និងស្ថិរភាព នៅតាមបណ្តោយព្រំដែន។ សម្តេចធិបតីបានលើកឡើងថា កិច្ចការបន្ទាន់សម្រាប់ភាគីទាំងពីរ គឺត្រូវធ្វើការជិតស្និទ្ធជាមួយគ្នា ដើម្បីធានានូវការអនុវត្តសេចក្តីថ្លែងការណ៍នេះឱ្យបានពេញលេញ និង ប្រកបដោយភាពស្មោះត្រង់។
សម្តេចធិបតីបានសង្កត់ធ្ងន់បន្ថែមថា ការអនុវត្តសកម្មភាពមានចែងក្នុងសេចក្តីថ្លែងការណ៍នេះ គឺជាការទទួលខុសត្រូវ និងកាតព្វកិច្ចរួមគ្នារបស់ភាគីទាំងពីរ។ តាមរយៈយន្តការទ្វេភាគី ប្រទេសទាំងពីរបាន ពិភាក្សាគ្នារួចមកហើយ និងបានឈានដល់ការព្រមព្រៀងនានា សម្រាប់ដំណើរឆ្ពោះទៅមុខ ដូច្នេះវាមានសារៈសំខាន់ណាស់ដែលភាគីទាំងពីរត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវការព្រមព្រៀងទាំងនេះ ដោយសុច្ចរិតភាព និងភាពស្មោះត្រង់ ដើម្បីផលប្រយោជន៍ទៅវិញទៅមក។
ក្នុងនាមជាអ្នកជិតខាងអចិន្ត្រៃយ៍ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីថា ប្រទេសទាំងពីរត្រូវ តែបន្តធ្វើការជិតស្និទ្ធជាមួយគ្នា ដើម្បីធានាថា ប្រជាជននៃប្រទេសទាំងពីរអាចរួមរស់ជាមួយគ្នាប្រកបដោយ សន្តិភាព សុខដុមរមនា និងវិបុលភាពរួមគ្នា សម្រាប់ជំនាន់ក្រោយៗទៀត៕









-
ព័ត៌មាន1 week agoដើម្បីជួយសម្រាលជីវភាពពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេបញ្ចុះតម្លៃអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាសូត
-
PR NEWS6 days agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន1 week agoសម្ដេចធិបតីអបអរទិវាពិភពលោក ទឹក និងឧតុនិយម ខណៈ «ទឹក» គឺជាប្រភពនៃជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាព
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ រាជរដ្ឋាភិបាល បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសកម្មភាពកងកម្លាំងថៃ ឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា
-
ព័ត៌មាន7 days agoកម្ពុជា និងសហភាពអឺរ៉ុប ត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត
-
ព័ត៌មាន1 week agoលិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក
-
ព័ត៌មាន6 days agoកម្ពុជាស្នើស្នើសហភាពអឺរ៉ុបបន្តគាំទ្រចក្ខុវិស័យឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបោសសម្អាតយុទ្ធភណ្ឌគ្រឿងបន្សល់ទុកដោយយោធាថៃ
-
ព័ត៌មាន5 days agoរដ្ឋមន្រ្តីជំរុញឱ្យមន្រ្ដីសុខាភិបាលរាជធានី ខេត្តយកចិត្តទុកដាក់លើមរណភាពមាតា និងទារកពេលបង្កកំណើត