ព័ត៌មាន
រដ្ឋសភាបារំាង បានវាយតម្លៃខ្ពស់ និងចូលរួមអបអរសាទរចំពោះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ
ប្រធានរដ្ឋសភាបារំាង លោកជំទាវ យ៉ាឯល ប្រូន-ពីវេ (Yaël Braun-Pivet) បានវាយតម្លៃខ្ពស់និងចូលរួមអបអរសាទរចំពោះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្រ្តីនៃប្រទេសទំាងពីរ កាលពីថ្ងៃទី២៦តុលា ថ្មីៗនេះ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅប្រទេសម៉ាឡេស៊ី ក្រោមវត្តមាននិងធ្វើជាសាក្សីដោយប្រធានអាស៊ាននិងប្រធានាធិបតីសហរដ្ឋអាមេរិក។
ការអបអរសាទររបស់ប្រធានរដ្ឋសភាបារំាង បានធ្វើឡើងនៅក្នុងឱកាសលោកជំទាវ បានជួបពិភាក្សាការងារជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ក្នុងពេលសម្តេចប្រធានរដ្ឋសភាអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមវេទិកាសន្តិភាពប៉ារីសលើកទី៨ នៅទីក្រុងប៉ារីសនៃសាធារណរដ្ឋបារំាង។
សម្តេចប្រធានរដ្ឋសភា មានក្តីសោមន្សរីករាយ ដែលបានជួបលោកជំទាវជាថ្មីម្តងទៀតបន្ទាប់បានជួបពិភាក្សាការងារជាមួយគ្នា អំឡុងពេលចូលរួមកិច្ចប្រជុំកំពូលប្រធានសភាស្រ្តីសាកលលោក កាលពីខែមីនា ឆ្នាំ២០២៤ កន្លងទៅ។ សម្តេចបានថ្លែងកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់លោកជំទាវ ដែលជាជនឆ្នើមផ្នែកសមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី។ កាលពីឆ្នាំមុន ប្រធានសភាស្រ្តីមកពីជុំវិញពិភពលោកបានមកជួបជុំគ្នា ដើម្បីបង្ហាញពីឆន្ទៈនយោបាយ និងការប្តេជ្ញាចិត្តរួមគ្នាជាមួយនឹងសកម្មភាពជាក់ស្តែងក្នុងការពង្រឹងសមភាពយេនឌ័រ និងការលើកកម្ពស់សិទ្ធអំណាចដល់ស្រ្តី។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណរដ្ឋសភាបារំាងដែលជានិច្ចកាលតែងតែគំាទ្ររដ្ឋសភាកម្ពុជា ពិសេសការផ្តល់ជំនួយបច្ចេកទេសដូចជាការគំាទ្រដំណើរអភិវឌ្ឍន៍ស្ថាប័នរដ្ឋសភា ទៅជាសភាឌីជីថល ។ គម្រោងគាំទ្រ ផ្នែកកសាងសមត្ថភាពនេះ កំពុងត្រូវបានដំណើរការយ៉ាងសកម្ម ហើយទទួលបានលទ្ធផលផ្លែផ្កាជាបណ្តើរៗ។ ការកែទម្រង់សភាឌីជីថលពិតជាមានសារៈសំខាន់ក្នុងការជំរុញ និងលើកកម្ពស់ការផ្តល់សេវាសំខាន់នានាជូនប្រជាពលរដ្ឋកាន់តែប្រសើរឡើង ដែលនេះជាផ្នែកមួយនៃការពង្រឹងអភិបាលកិច្ចល្អ ដោយធានាបាននូវគណនេយ្យភាព និងតម្លាភាព។
លោកជំទាវ យ៉ាឯល ប្រូន-ពីវេ បានថ្លែងការកោតសរសើរយ៉ាងក្រៃលែងចំពោះតួនាទីរបស់កម្ពុជា ក្នុងអង្គការអន្តរជាតិនៃប្រទេសនិយាយភាសាបារាំង ជាពិសេសការរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦។លោកជំទាវ ប្រធានរដ្ឋសភាបានគូសបញ្ជាក់ថារដ្ឋសភាបារំាង បានបង្កើតក្រុមការងារដើម្បីចួលរួមរៀបចំកិច្ចប្រជុំកំពូលនេះឱ្យទទួលបានជោគជ័យ។ លោកជំទាវ យ៉ាឯល ប្រូន-ពីវេ បានបញ្ជាក់ថា ហ្រ្វង់កូហ្វូនី មិនមែនជារបស់ប្រទេសណាមួយនោះទេគឺជារបស់រួមទំាងអស់គ្នា។
ប្រធានរដ្ឋសភាកម្ពុជានិងបារំាងបានពិភាក្សាគ្នាជាច្រើនអំពីសន្តិភាព។ សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ក្នុងបរិបទពិភពលោកបច្ចុប្បន្ន យន្តការការទូតសភា កាន់តែមានតួនាទីសំខាន់ខ្លាំងឡើង។ ការផ្លាស់ប្តូរទស្សនកិច្ច ការជួបពិភាក្សាគ្នា ការចូលរួម និងការគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ពិតជាមានសារៈសំខាន់ក្នុងការពង្រឹងនូវការជឿទុកចិត្តគ្នា ការគាំទ្រគ្នា និងការយល់យោគគ្នា ឈានទៅកសាងពិភពលោកមួយដែលមានសុខសន្តិភាព ស្ថិរភាព និងវិបុលភាពរួម។
សម្តេចរដ្ឋសភាធិបតី ឃូន សុដារី បានគូសបញ្ជាក់ថា កម្ពុជាស្រឡាញ់សន្តិភាព។ ដូច្នេះកិច្ចព្រមព្រៀងសន្តិភាព ដែលបានចុះហត្ថលេខារវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ពិតជាមានតម្លៃណាស់។ កម្ពុជាមិនចង់ឃើញសង្រ្គាមសាជាថ្មី ដូចដែលបានជួបប្រទះនោះទេ។ ដូច្នេះកម្ពុជាតែងតែសំណូមពរដល់អន្តរជាតិជួយលើកទឹកចិត្តឱ្យការអនុវត្តកិច្ចព្រមព្រៀងកម្ពុជា-ថៃ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋប្រទេសទំាងពីរជាយូរអង្វែងតទៅ។
សម្តេចប្រធានរដ្ឋសភា បានអញ្ជើញលោកជំទាវ យ៉ាអែល ប្រូន-ភីវេ ដឹកនាំគណៈប្រតិភូរដ្ឋសភាបារាំងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ពិសេសស្ថាប័ននីតិប្បញ្ញត្តិ ឱ្យកាន់តែល្អប្រសើរ និងរឹងមាំឡើងថែមទៀត៕






-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
PR NEWS1 day agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន4 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន5 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន5 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន3 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប