ព័ត៌មាន
អគ្គនាយក CMAC បង្ហាញរបាយការណ៍ ប្រភេទគ្រាប់បែកចង្កោមដែលបានបង្កគ្រោះថ្នាក់ថ្មីៗនេះ
ឯកឧត្ដម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នៅល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ នេះ បានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក អំពី ករណីគ្រោះថ្នាក់ផ្ទុះគ្រាប់ ស្ថិតនៅភូមិបង្គោល៨ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីវេលាម៉ោង ១៧ និង ២០នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ បានបណ្តាលឱ្យកុមារា សឿន សុវណ្ណ អាយុ១០ឆ្នាំ(កូន) បានស្លាប់ និងលោក សៀន ស៊ុន អាយុ៤៣ឆ្នាំ (ឪពុក)រងរបួសធ្ងន់។
ឯកឧត្ដម ហេង រតនា បានបញ្ជាក់បន្ថែមថា ផ្អែកតាមរបាយការណ៍ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ របស់អង្គភាព CMAC បានសន្និដ្ឋានថា គ្រាប់ដែលបង្កផ្ទុះស្លាប់ និងរបួសនេះ ជាគ្រាប់បែកចង្កោមប្រភេទ M-85 នៃគ្រាប់កាំភ្លើងធំ១៥៥មម ជាសំណល់យុទ្ធភណ្ឌសង្រ្គាមដែលកងទ័ពថៃបានបាញ់មកលើទឹកដីកម្ពុជាក្នុងសង្គ្រាមថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមជំនាញអង្គភាព CMAC បានស្រាវជ្រាវ និងកំណត់ ទីតាំងភូមិសាស្រ្ដចំណុចនេះជាចម្ការគ្រាប់បែកចង្កោមលេខ “BS18134_B1.2+”។ ការសន្និដ្ឋានខាងលើ ដោយផ្អែកលើលទ្ធផល នៃការធ្វើវិភាគសំណាកអំបែងនៅកន្លែងកើតហេតុ ស្លាកស្នាមរបួស ចុះត្រួតពិនិត្យទីតាំងភូមិសាស្ដ្ររងផលប៉ះពាល់ដោយគ្រាប់បែកចង្កោម និងការរៀបរាប់លម្អិតរបស់ អ្នកស្រី ស៊ិន ចាន់ទាង ជាម្ដាយរបស់ សឿន សុវណ្ណ អំពីភិនភាគគ្រាប់ និងសកម្មភាពពាក់ព័ន្ធក្នុងការយកគ្រាប់នោះមកដល់ផ្ទះ រហូតបង្កឲ្យមានគ្រោះថ្នាក់កើតឡើង។
ឯកឧត្ដម ហេង រតនា បានចូលរួមរំលែកទុក្ខក៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្ដាប្រុងប្រយ័ត្នខ្ពស់ ជាពិសេសនៅតាមតំបន់ស្រែចម្ការ ព្រៃ និងភូមិលំនៅដ្ឋាន ដែលទទួលរងផលប៉ះពាល់ក្នុងសង្គ្រាមកាលពីថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥។ ករណីបានឃើញគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ឬវត្ថុសង្ស័យជាគ្រាប់មិនទាន់ផ្ទុះ សូមកុំប៉ះពាល់ វាយដំ គប់លេង ឬយកទៅកែច្នៃផ្សេងៗ ដែលអាចបណ្តាលអោយផ្ទុះស្លាប់ របួស ពិការ គ្រប់ពេល និងសូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឬអង្គភាព CMAC ដើម្បីបោសសម្អាតគ្រាប់ទាំងនោះ។ សូមទាក់ទងមន្ដ្រីអង្គភាព CMAC ទិសខេត្ដឧត្ដរមានជ័យ ០៩៧ ២០០ ១១ ៤១ និងទិសខេត្ដព្រះវិហារ ០៩៧ ២២២២ ៧៣៥ ៕







-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព