ព័ត៌មាន
រដ្ឋមន្រ្តីសុខាភិបាល៖ «សូមឱ្យអគារសម្ពោធនេះ ដែលប្រកបដោយក្តីស្រឡាញ់ ស្មារតីមនុស្សធម៌ ក្តីសង្ឃឹម បម្រើសេវាជូនប្រជាពលរដ្ឋ ជាពិសេសកុមារកម្ពុជា និងក្រុមគ្រួសារកាន់តែបានទូលំទូលាយ»
ភ្នំពេញ ៖ ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយឯកឧត្តម AtSushi Ueno ឯកអគ្គរដ្ឋទូតនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលព្យាបាលកុមារអាស៊ី នៃអង្គការបេះដូងជប៉ុន នៅមន្ទីរពេទ្យបង្អែកជ័យជំនះ ខេត្តកណ្ដាល។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានថ្លែងថា សមិទ្ធផលដ៏ធំធេងនាពេលនេះ កើតចេញក្រោមការដឹកនាំប្រកបដោយស្មារតីបុរេសកម្ម និងចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលរក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ការរក្សាកំណើនសេដ្ឋកិច្ច និងលំនឹងជីវភាពប្រជាជន ការលើកកម្ពស់កិត្យានុភាពកម្ពុជានៅលើឆាកតំបន់ និងអន្តរជាតិ។
ឯកឧត្តមសាស្ត្រាចារ្យ សង្ឃឹមថា សមិទ្ធផលថ្មីនេះ នឹងរួមចំណែកក្នុងការសម្រេចបានគោលបំណងរួមបញ្ចូលគ្នា និងប្រកបដោយនិរន្តរភាពក្នុងការប្រយុទ្ធនឹងជំងឺមហារីក ក្នុងការ ១) ពិនិត្យ និងរកឱ្យឃើញទាន់ពេល ធ្វើរោគវិនិច្ឆ័យទាន់ពេលវេលា ២) បំពាក់ឧបករណ៍ក្នុងបន្ទប់ពិសោធន៍ និងក្រុមវេជ្ជសាស្ត្រជាមួយនឹងបច្ចេកវិទ្យាទំនើប ផ្ដល់សេវាវិនិច្ឆ័យច្បាស់លាស់ និងរហ័ស ៣) ព្យាបាលកម្រិតខ្ពស់ និងការថែទាំដែលមានគុណភាព ជាមួយគ្រូពេទ្យមានបទពិសោធន៍ ៤) តាមដានបន្ត និងការស្ដារនីតិសម្បទា ធានានូវការថែទាំជាបន្តបន្ទាប់ ការគាំទ្រផ្នែកចិត្តសាស្ត្រ។ ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានផ្ដល់អនុសាសន៍សំខាន់ៗ ដល់ថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យទាំងអស់ដូចខាងក្រោម៖
១- រួមសហការជាមួយក្រុមគ្រូពេទ្យ គ្រូពេទ្យជំនាញ និងអ្នកស្ម័គ្រចិត្តជប៉ុន ក្នុងការបម្រើសេវាពិនិត្យ និងព្យាបាលអ្នកជំងឺដោយយកចិត្តទុកដាក់ខ្ពស់បំផុត។
២- បន្តអភិវឌ្ឍជំនាញបច្ចេកទេសព្យាបាលអ្នកជំងឺតាមបែបទំនើប និងមានប្រសិទ្ធភាពខ្ពស់។
៣- បង្កើនសកម្មភាពពិគ្រោះជំងឺក្រៅ និងធ្វើរោគវិនិច្ឆ័យឱ្យបានកាន់តែប្រសើរឡើង។
៤- លើកកម្ពស់គុណតម្លៃក្រមសីលធម៌ ក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺ ដើម្បីកសាងទំនុកចិត្ត។
៥- បង្កលក្ខណៈងាយស្រួលដល់អ្នកជំងឺ និងធានាការបម្រើសេវាពេញលេញ ២៤/២៤ម៉ោង។
៦- ជួយផ្សព្វផ្សាយ និងអប់រំ អ្នកជំងឺពីវិធីបង្ការ និងថែទាំសុខភាព ដើម្បីកាត់បន្ថយអត្រាឈឺ។
៧- បន្តបណ្ដុះបណ្ដាលដល់ក្រុមគ្រូពេទ្យឱ្យប្រកបដោយសមត្ថភាព និងមានគុណវុឌ្ឍគ្រប់គ្រាន់ ក្នុងការអប់រំព្យាបាលថែទាំជំងឺមហារីក។
មុននឹងបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ជាពិសេសស្ថាបនិក បុគ្គលិក នៃអង្គការបេះដូងជប៉ុន ដែលបានកៀរគរថវិកាពីសប្បុរសជនជប៉ុន និងសប្បុរសជនកម្ពុជា ដែលបានសាងសង់អគារមជ្ឈមណ្ឌលព្យាបាលកុមារអាស៊ីនៃអង្គការបេះដូងជប៉ុន ជូនប្រជាពលរដ្ឋក្នុងខេត្តកណ្ដាល និងខេត្តផ្សេងទៀតជាប់នឹងខេត្តកណ្ដាល។
សូមបញ្ជាក់ថា អគារមជ្ឈមណ្ឌលព្យាបាលកុមារអាស៊ី នៃអង្គការបេះដូងជប៉ុន នៃមន្ទីរពេទ្យបង្អែកជ័យជំនះ គ្របដណ្តប់លើផ្ទៃដីប្រមាណ ១៥,០០០ម៉ែត្រការ៉េ និងអគារកម្ពស់ ៣ ជាន់ មានផ្ទៃសរុបស្មើ ១៣,១៥៥ម៉ែត្រការ៉េ មានចំនួនបន្ទប់ ១០០ បន្ទប់ និងលទ្ធភាពផ្ទុកគ្រែចំនួន២០០គ្រែ ដែលជាជំនួយថវិកាមកពីសប្បុរសជនជប៉ុន និងសប្បុរសជនក្នុងប្រទេសកម្ពុជា។ មជ្ឈមណ្ឌលថ្មីនេះ នឹងក្លាយជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខ ក្នុងការថែទាំជំងឺមហារីក សម្រាប់កុមារនៅកម្ពុជា ហើយក៏ជាតំណាងឱ្យភាពរីកចម្រើនដ៏សំខាន់ ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជា ក្នុងការពង្រឹងការការពារ និងការប្រយុទ្ធនឹងជំងឺមហារីក ពិសេសសម្រាប់កុមារ ស្របតាមផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០ របស់ក្រសួងសុខាភិបាល។
ក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងនៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ប្រធានមន្ទីរពេទ្យជាតិ មន្ត្រីរាជការ បុគ្គលិកមន្ទីរសុខាភិបាល ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ស្ថាបនិកនិង បុគ្គលិកនៃអង្គការបេះដូងជប៉ុន ព្រមទាំងបងប្អូនប្រជាពលរដ្ឋ សរុបចំនួន ៦៥០នាក់៕
អត្ថបទ រដ្ឋា




















-
ព័ត៌មាន1 week agoដើម្បីជួយសម្រាលជីវភាពពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេបញ្ចុះតម្លៃអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាសូត
-
PR NEWS6 days agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន1 week agoសម្ដេចធិបតីអបអរទិវាពិភពលោក ទឹក និងឧតុនិយម ខណៈ «ទឹក» គឺជាប្រភពនៃជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាព
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ រាជរដ្ឋាភិបាល បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសកម្មភាពកងកម្លាំងថៃ ឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា
-
ព័ត៌មាន7 days agoកម្ពុជា និងសហភាពអឺរ៉ុប ត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត
-
ព័ត៌មាន1 week agoលិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក
-
ព័ត៌មាន6 days agoកម្ពុជាស្នើស្នើសហភាពអឺរ៉ុបបន្តគាំទ្រចក្ខុវិស័យឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបោសសម្អាតយុទ្ធភណ្ឌគ្រឿងបន្សល់ទុកដោយយោធាថៃ
-
ព័ត៌មាន5 days agoរដ្ឋមន្រ្តីជំរុញឱ្យមន្រ្ដីសុខាភិបាលរាជធានី ខេត្តយកចិត្តទុកដាក់លើមរណភាពមាតា និងទារកពេលបង្កកំណើត