ព័ត៌មាន
កិច្ចប្រជុំ RBC យោធភូមិភាគទី៤កម្ពុជា និងទី២ថៃ នៅថ្ងៃនេះ សម្រេចឯកភាព ចំនួន ១០ចំណុច
កិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) សម្រាប់ការកែសម្រួលអាវុធ និងយុទ្ធោបករណ៍ បំផ្លិចបំផ្លាញធុនធ្ងន់ រវាងយោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និង យោធភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ ត្រូវបានធ្វើឡើងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នៅច្រកព្រំដែន អន្តរជាតិអូស្មាច់ ខេត្តឧត្តរមានជ័យ ព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះត្រូវបានសហប្រធានដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ឧត្ដមសេនីយ៍ទោ វីរ៉ាក់យុទ្ធ រ៉ាក់ស៊ីង មេបញ្ជាការយោធភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ។ កិច្ចប្រជុំនេះត្រូវបាន ចូលរួមសង្កេតការណ៍ ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំនៅប្រទេសកម្ពុជា និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំនៅប្រទេសថៃ។
ដើម្បីអនុវត្តតាមលទ្ធផលកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) និងសេចក្តីថ្លែងការណ៍រួម តាមរយៈការកែសម្រួលអាវុធធុនធ្ងន់ជាដំណាក់កាល និងការសម្របសម្រួលវិធានការណ៍ កសាងទំនុកចិត្ត លើកកម្ពស់ការជឿទុកចិត្ត និងស្ថិរភាពគ្នានៅតាមព្រំដែនកម្ពុជា-ថៃ ភាគីទាំងពីរបានឯកភាពគ្នាចំនួន ១០ ចំណុច មានដូចខាងក្រោម៖
ក. ភាគីទាំងពីរបានឯកភាពគ្នាលើចំណាត់ថ្នាក់សព្វាវុធជា ០៣ (បី) ប្រភេទ និងកំណត់និយមន័យម ដូចខាងក្រោម៖
-ប្រភេទ ក (Type A) សំដៅទៅលើប្រព័ន្ធកាំជ្រួចហ្វូង (MLRS) ដែលមានកាណុងបាញ់ចាប់ពី ០២ (ពីរ) ឡើងទៅ។
-ប្រភេទ ខ (Type B) សំដៅទៅលើកាំភ្លើងធំគ្រប់ប្រភេទ ដែលជាប្រភេទអូសណ្ដោង ឬស្វ័យចល័ត ដែលប្រើប្រាស់ក្បាលគ្រាប់ ១០៥មីលីម៉ែត្រ ១២២មីលីម៉ែត្រ ១៣០មីលីម៉ែត្រ ១៥២មីលីម៉ែត្រ និង ១៥៥ មីលីម៉ែត្រ។
-ប្រភេទ គ (Type C) សំដៅទៅលើយុទ្ធោបករណ៍ប្រភេទពាសដែក ជាពិសេសរថក្រោះប្រយុទ្ធ (MBTs) ដែលផ្តល់នូវការការពារចល័ត កម្លាំងបាញ់សង្រ្កាប និងការគាំទ្រផ្ទាល់ដល់កម្លាំងថ្មើរជើង។
ខ. ភាគីទាំងពីរបានបញ្ជាក់ជាថ្មីពីការប្ដេជ្ញាចិត្តរបស់ខ្លួន ក្នុងការប្រកាន់ខ្ជាប់នូវ ការគោរពគ្នាទៅវិញទៅមក និងការប្រកាន់ខ្ជាប់ពេញលេញនូវលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី២ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថ (GBC) និងគោលការណ៍ដែលមានចែងក្នុង សេចក្ដីថ្លែងការណ៍រួម ស្ដីពី កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងកាឡាឡាំពួរ ដែលបានចុះហត្ថលេខា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។
គ. ភាគីទាំងពីរបានឯកភាពគ្នាក្នុងការកែសម្រួលជាដំណាក់កាលនូវអាវុធទាំងបីប្រភេទ (ប្រភេទ ក ប្រភេទ ខ និងប្រភេទ គ) ក្រោមការសង្កេតការណ៍ និងការផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អនុលោមទៅតាមផែនការសកម្មភាពដែលបានព្រមព្រៀងគ្នា។
ឃ. ភាគីទាំងពីរឯកភាពគ្នាក្នុងការសម្របសម្រួលលើការផ្ទៀងផ្ទាត់ ការចងក្រងឯកសារ និងការសង្កេតការណ៍ ជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ។
ង. ភាគីទាំងពីរបានឯកភាពគ្នាចេញសេចក្តីប្រកាសព័ត៌មាន ដើម្បីផ្ដល់ព័ត៌មានថ្មីៗអំពីវឌ្ឍនភាព និង ការផ្ទៀងផ្ទាត់ដំណើរការដកអាវុធ សំដៅធានានូវតម្លាភាព គណនេយ្យភាព និងទំនុកចិត្តសាធារណៈក្នុងការអនុវត្ត។
ច. ភាគីទាំងពីរឯកភាពគ្នាថា នៅក្នុងករណីដែលភាគីណាមួយ លាក់បាំង ឬ បំភាន់បរិមាណ ឬ ប្រភេទអាវុធ សកម្មភាពបែបនេះត្រូវបានចាត់ទុកថាជា ការកង្វះភាពស្មោះត្រង់ក្នុងការស្ដារប្រក្រតីភាព ស្ថេរភាព និង ទំនាក់ទំនងគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។
ឆ. ដំណើរការ នៃការកែសម្រួលអាវុធ បំផ្លិចបំផ្លាញធុនធ្ងន់ក្នុងដំណាក់កាលទី១ ត្រូវធ្វើឡើងក្នុងរយៈពេល ០៣ (បី) សប្តាហ៍ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់ ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ។
ជ. កិច្ចប្រជុំមួយរបស់ ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ស្តីពី ការរៀបចំផែនការ និងការអនុវត្តលម្អិតនៃដំណាក់កាលទី២ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ ការកែសម្រួលអាវុធបំផ្លិចបំផ្លាញធុនធ្ងន់ក្នុងដំណាក់កាលទី២ ត្រូវធ្វើឡើងក្នុងរយៈពេល៣សប្តាហ៍ ចាប់ពីថ្ងៃទី២២ ខែវិច្ឆិកា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់ ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ។
ឈ. កិច្ចប្រជុំរបស់ ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ស្តីពី ការធ្វើរៀបចំផែនការ និងការអនុវត្តលម្អិត ដំណាក់កាលទី៣ នឹងត្រូវធ្វើឡើងក្នុងកាលបរិច្ឆេទណាមួយ ដែលភាគីទាំងពីរបានឯកភាពគ្នា ក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ ការកែសម្រួលអាវុធ បំផ្លិចបំផ្លាញធុនធ្ងន់ក្នុងដំណាក់កាលទី៣ ត្រូវធ្វើឡើងក្នុងរយៈពេល ០៣ (បី) សប្តាហ៍ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់ ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ។





-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព