ព័ត៌មាន
ក្រសួងមហាផ្ទៃសម្រេចចាត់តាំងនគរបាលជាន់ខ្ពស់១២រូប ឱ្យចូលរួមអនុវត្តផែនការសកម្មភាពទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាមួយនគរបាលភូមិន្ទថៃ
ភ្នំពេញ៖ ក្រសួងមហាផ្ទៃសម្រេចចាត់តាំងសមាសភាពនាយនគរបាលជាន់ខ្ពស់ចំនួន១២រូបចូលរួមអនុវត្តផែនការសកម្មភាព សម្រាប់កិច្ចសហប្រតិបត្តិការលើការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការជួញដូរមនុស្ស រវាងនគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ។ នេះបើតាមការបញ្ជាក់នៅក្នុង សេចក្តីប្រកាសព័ត៌មានរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃនៅថ្ងៃទី១ ខែវិច្ឆិកានេះ។
អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ អគ្គស្នងការដ្ឋាន នគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានសម្រេចចាត់តាំងសមាសភាពនាយនគរបាលជាន់ខ្ពស់ចំនួន ១២រូប ដឹកនាំដោយអគ្គស្នងការរងនគរបាលជាតិ ០១រូប ដើម្បីចូលរួមអនុវត្តផែនការសកម្មភាព សម្រាប់កិច្ចសហ ប្រតិបត្តិការលើការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង ការជួញដូរមនុស្ស រវាងនគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ ដែលបានចុះហត្ថលេខារួមគ្នាកាលពី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥។
សេចក្តីសម្រេចនេះរៀបចំឡើងតាមខ្លឹមសារនៃផែនការសកម្មភាព ចំណុចទី៨ ស្តីពី “ក្រុមការងារ ដើម្បីអនុវត្តផែនការសកម្មភាព” និងបានផ្ញើជូន ឯកឧត្តម នាយឧត្តមសេនីយ៍ KITTHARATH PUNPETCH អគ្គស្នងការនគរបាលភូមិន្ទថៃ ជាផ្លូវការរួចហើយ ដោយអនុលោមតាមស្មារតីកិច្ចប្រជុំពិសេសលើកទី១ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង និងកិច្ចប្រជុំពិសេសលើកទី២ របស់គណៈកម្មាធិការ ព្រំដែនទូទៅ GBC កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
គួរបញ្ជាក់ផងដែរថា ផែនការសកម្មភាពសម្រាប់កិច្ចសហប្រតិបត្តិការលើការទប់ស្កាត់ និងបង្ក្រាប បទល្មើសឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការជួញដូរមនុស្ស រវាងនគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ ធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើស ឆ្លងដែនឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល តាមរយៈការចែករំលែកព័ត៌មាន និងការគាំទ្រគ្នាទៅវិញទៅមក លើបច្ចេកទេសស៊ើបអង្កេត វត្ថុតាង និងការអនុវត្តវិធានការច្បាប់ចំពោះជនសង្ស័យ ដោយគោរពតាម គោលការណ៍ច្បាប់នៃប្រទេសទាំងពីរ។ ការបង្កើតក្រុមការងារនេះ ភាគីទាំងពីរត្រូវជូនដំណឹងជាផ្លូវការឱ្យគ្នា ទៅវិញទៅមក នូវសមាសភាពក្រុមការងារ ដើម្បីអាចចាប់ផ្តើមអនុវត្តផែនការសកម្មភាពភ្លាមៗ៕

-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន6 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន5 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន1 day agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន