ព័ត៌មាន
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋសភានិវត្តន៍មកកាន់មាតុប្រទេសវិញ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសហុងគ្រី និងចូលរួមវេទិកាសន្តិភាពប៉ារីស នៅប្រទេសបារំាង
នៅរសៀលថ្ងៃទី១ ខែវិចិ្ឆកាឆ្នាំ២០២៥ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុប្រទេសវិញប្រកបដោយសុវត្ថិភាព និងទទួលបានលទ្ធផល ជាទីមោទនៈក្នុងការបំពេញបេសកកម្មការទូតសភា នាំមកនូវផលប្រយោជន៍ជូនប្រទេសជាតិ និងប្រជាពលរដ្ឋ។
អំឡុងពេលបំពេញទស្សនកិច្ចនេះ សម្តេចប្រធានរដ្ឋសភាបានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម តាម៉ាស ស៊ូលយ៉ូក (Tamás Sulyok) ប្រធានាធិបតីហុងគ្រី បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្ដម ឡាស្លូ កូវឺរ ប្រធានរដ្ឋសភាហុងគ្រី និងថ្នាក់ដឹកនាំរដ្ឋសភាហុងគ្រីមួយចំនួនទៀត។ រដ្ឋសភាប្រទេសទំាងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួនពីរ នៅក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរដ្ឋសភាកម្ពុជា នៅក្នុងប្រទេសហុងគ្រីនេះ។
អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូសភារវាងរដ្ឋសភា និង អនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការ រវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទំាងពីរ។ អនុស្សរណៈនៃការយោគយល់គ្នានេះ មានសារៈសំខាន់បំផុត នៅក្នុងការលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរ នៅគ្រប់កម្រិតទំាងក្នុងកម្រិតរដ្ឋសភា និងអគ្គលេខាធិការដ្ឋាន ដូចជាការជំរុញឱ្យមានការផ្លាស់ប្ដូរទស្សនកិច្ចទៅវិញទៅមក ការចែករំលែកបទពិសោធន៍ និងព័ត៌មាន ការលើកកម្ពស់ភាពជាដៃគូ និងការបណ្តុះបណ្តាល ការកសាងសមត្ថភាពមន្រ្តីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភានៃប្រទេសទាំងពីរជាដើម។
ចំពោះការចូលរួមវេទិកាសន្តិភាពប៉ារីសលើកទី៨ នៅប្រទេសបារំាងវិញ សម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូបានអញ្ជើញចូលរួមកិច្ចប្រជុំពាក់ព័ន្ធជាច្រើន ដូចជាកិច្ចប្រជុំពេញអង្គ ក្រោមមូលបទ «សម្ព័ន្ធភាពថ្មី ដើម្បីសន្តិភាព មនុស្ស និងភពផែនដី» មានដូចជាកិច្ចពិភាក្សាតុមូល ស្តីពី «ចំពោះមុខការបែកបាក់៖ អធិបតេយ្យក្នុង សណ្តាប់ធ្នាប់ពិភពលោកដែលមានការបែកខ្ញែក » កិច្ចពិភាក្សា «ការបែកបាក់ និងការប្រឈមមុខដាក់គ្នា៖ ការផ្លាស់ប្តូរភូមិសាស្រ្តនយោបាយនៅអាស៊ី» ជាដើម។
សារសំខាន់របស់កម្ពុជានៅក្នុងវេទិកាសន្តិភាពប៉ារីសលើកទី៨គឺ តម្លៃសន្តិភាព និងការចង់ឃើញពិភពលោកមានសុខសន្តិភាពដូចៗគ្នា។ កម្ពុជាបានប្រកាន់យកនូវគោលនយោបាយការបរទេស “មិត្តជាមួយគ្រប់ប្រទេសទាំងអស់ ដោយមិនយកប្រទេសណាមួយជាសត្រូវ”។ គោលនយោបាយការបរទេសរបស់កម្ពុជាគឺចាក់ឫសយ៉ាងជ្រៅនៅក្នុងគុណតម្លៃនៃសន្តិភាព សុខដុមរមនា និងច្បាប់អន្តរជាតិ។
ចំពោះមុខសហគមន៍អន្តរជាតិ សម្តេចប្រធានរដ្ឋសភាបានបញ្ជាក់ សារជាថ្មីពីតម្លៃធំធេង នៃកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា កន្លងមកនេះ ក្រោមវត្តមានជាសាក្សីរបស់ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី។ កិច្ចព្រមព្រៀងសន្តិភាព គឺជំហានដ៏សំខាន់ ដើម្បីស្តារឡើងវិញនូវប្រក្រតីភាព និងសន្តិភាពយូរអង្វែងរវាងព្រះរាជាណាចក្រទាំងពីរ។ ក៏ប៉ុន្តែដំណើរការនេះស្ថិតនៅលើផ្លូវដ៏វែងឆ្ងាយ។ ក្នុងន័យនេះ កម្ពុជាសូមអំពាវនាវដល់សហគមន៍អន្តរជាតិ ដើម្បីចូលរួមតាមដានយ៉ាងជិតដិតក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនេះ។
សម្តេចប្រធានរដ្ឋសភាបានបញ្ជាក់ថា កម្ពុជាបានប្តេជ្ញាចិត្តចំពោះគោលការណ៍ សន្តិសហវិជ្ជមាន គឺភាពជាអ្នកជិតខាងល្អ និង មិត្តភាពនិងមជ្ឈភាពអាស៊ាន ព្រមទាំងបានផ្តល់អាទិភាពចំពោះអ្នកជិតខាងភូមិផងរបងជាប់គ្នានៅក្នុងការចូលរួមជាមួយតួអង្គខាងក្រៅ។
ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នៅប្រទេសហុងគ្រី ក៏ដូចជាការចូលរួមវេទិកាសន្តិភាពប៉ារីសលើកទី៨ នៅសាធារណរដ្ឋបារំាង គឺជាបុរេសកម្មនៃការងារការទូតសភា ក្នុងការស្វែងរកផលប្រយោជន៍ជូនប្រជាពលរដ្ឋក៏ដូចជាការចូលរួមចំណែកលើកកម្ពស់សុខសន្តិភាពជូនពិភពលោក។ ការទូតសភារបស់កម្ពុជាក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ត្រូវបានមជ្ឈដ្ឋានអន្តរជាតិ វាុយតម្លៃខ្ពស់ពីតួនាទីសំខាន់របស់កម្ពុជា ក្នុងការលើកកម្ពស់សុខសន្តិភាព វិបុលភាព ប្រកបដោយបរិយាបន្នជូនប្រជាពលរដ្ឋ៕
-
PR NEWS1 week agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
PR NEWS3 days agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
កីឡា1 week agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
-
ព័ត៌មាន6 days agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦
-
ព័ត៌មាន6 days agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
ព័ត៌មាន3 days agoអ្នកនាំពាក្យក្រសួងបរិស្ថាន៖ អ្នកផលិតមាតិកា ជាអ្នកចេះដឹងគួរតែនិយាយ និងជំរុញការការពារសត្វព្រៃ ជាជាងលើកទឹកចិត្តឱ្យបរិភោគដែលផ្ទុយនឹងច្បាប់
-
ព័ត៌មាន1 week agoមន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជាជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា