ព័ត៌មាន
ឯកឧត្តម សាយ សំអាល់៖ ការរស់នៅបានសុខក្នុងសន្តិភាព ធ្វើឲ្យជាតិសាសន៍នានានៅកម្ពុជារួមគ្នាប្រឆាំងសង្គ្រាម
ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា ការរស់នៅប្រកបដោយភាពសុខសាន្ត ក្រោមដំបូលសន្តិភាព ធ្វើឲ្យជាតិសាសន៍នានា ដែលរស់នៅក្នុងប្រទេសកម្ពុជា បានរួមគ្នាប្រឆាំងទៅនឹងសង្គ្រាម ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ វិហារឥស្លាមម៉ាស្ជិតគៀនឃ្លាំង ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា បច្ចុប្បន្ននេះ ក្រោមការត្រួសត្រាយផ្លូវពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជាកំពុងមានភាពសុខដុមនីយកម្ម នៃសាសនានានា ដោយពលរដ្ឋម្នាក់ៗ អាចមានសិទ្ធិ ក្នុងការគោរពជំនឿសាសនារៀងៗខ្លួន មិនមានការឃាត់ឃាំង ឬការរើសអើងនោះឡើយ ។
ឯកឧត្តមបន្តថា ឆ្លើយតបទៅនឹងការផ្ដល់សិទ្ធិសេរីភាព យ៉ាងទូលំទូលាយរបស់រាជរដ្ឋាភិបាលកម្ពុជានេះហើយ ទើបធ្វើឲ្យពលរដ្ឋខ្មែរ បងប្អូនខ្មែរឥស្លាម និងគ្រិស្តបរិស័ទជាដើម មានភាពកក់ក្ដៅ រស់នៅដោយភាពសុខសាន្ត ពិសេសបានរួមគ្នាប្រឆាំងទៅនឹងសង្គ្រាម ជាក់ស្ដែងកាលពីផ្ទុះករណីថ្ងៃទី២៤ ដល់២៨ ខែកក្កដា ឆ្នាំ២០២៥ គ្រប់សាសនាទាំងអស់នៅកម្ពុជា បានរួមគ្នាប្រឆាំងនឹងអំពើឈ្លានពាន បំផ្លាញសន្តិភាពនៅកម្ពុជា ដែលនេះបង្ហាញពីសាមគ្គីភាព ។
ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនខ្មែរឥស្លាមបន្តថែទាំពូនជ្រុំសុខសន្តិភាពនៅកម្ពុជា ដើម្បីបន្តរស់នៅដោយសុខដុម មានអធ្យាស្រ័យដល់គ្នា ចេះយោគយល់គ្នា និងបន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងសូមអបអរសាទរ ចំពោះសមិទ្ធផលថ្មី របស់បងប្អូនសាសនិកមុស្លិមនៅកម្ពុជា គឺវិហារឥស្លាមម៉ាស្ជិតគៀនឃ្លាំង ជាទីកន្លែងសម្រាប់ប្រតិបត្តិសាសនា ជាទីគោរពសក្ការៈ និងការសិក្សា ។
ក្នុងឱកាសនោះ ឯកឧត្តម ឡា ឡៃ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ក្នុងនាមជាសាសនិកឥស្លាម បានសម្ដែងនូវការថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានផ្ដល់សិទ្ធិសេរីភាព ដល់បងប្អូនខ្មែរឥស្លាម អាចប្រតិបត្តិសាសនា តាមទំនៀមទម្លាប់ មិនមានការរើសអើង ។
ជាមួយនេះឯកឧត្តម ក៏បានប្ដេជ្ញាបន្តចូលរួមថែរក្សាសុខសន្តិភាព និងជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយរួបរួមសាមគ្គីជាធ្លុងមួយ ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ ប្រឆាំងនឹងអំពើឈ្លានពាន និងទប់ស្កាត់មិនឲ្យមានសង្គ្រាមនៅកម្ពុជា ។
លោក ទត ស៊ូហ្វី ដែលជាអ៊ីម៉ាំម៉ាស្ទិត បានឲ្យដឹងថា វិហារឥស្លាមម៉ាស្ជិតគៀនឃ្លាំង ស្ថិតលើដីទំហំ៤៤១ម៉ែត្រការ៉េ មានផ្ទៃអាគារចំនួន៦២៤ម៉ែត្រការ៉េ រួមទាំងបន្ទប់ទឹក ។ ស្ថាបត្យកម្មវិហារនេះមានកម្ពស់១៦.១ម៉ែត្រ មានពីរជាន់ ដែលអាចផ្ទុកសាសនិកប្រតិបត្តិពិធីសាសនាបានចន្លោះពី ២០០ ទៅ៤០០នាក់ ។ ក្រៅពីនេះ នៅជាន់ផ្ទាល់ដីក៏មានបន្ទប់សិក្សាទំហំ ៤០ម៉ែត្រការ៉េ សម្រាប់កម្មវិធីអប់រំសាសនាឥស្លាម និងបន្ទប់ដាក់ឥវ៉ាន់ទំហំ ១៦ម៉ែត្រការ៉េ ដែលមានតួនាទីគាំទ្រការប្រើប្រាស់ប្រចាំថ្ងៃរបស់ម៉ាស្ជិត ៕ អត្ថបទ បាន សុខរិទ្ធិ

-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន5 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន6 days agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន4 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ