ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងការងារ៖ ដើម្បីឆ្លើយតបនឹងបម្រែបម្រួលឌីជីថលនីយកម្ម និងស្វ័យប្រវត្តិកម្ម ការពង្រឹងជំនាញ TVET និងជំនាញបច្ចេកវិទ្យា គឺជាកត្តាចាំបាច់បំផុត
ព្រឹត្តិការណ៍ប្រចាំឆ្នាំលើកទី១៥ នៃពិធីបើកពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលកោះពេជ្រ ដែលមានអ្នកចូលរួមមកពីគ្រប់មជ្ឈដ្ឋាន ប្រមាណជាង ១ ៨០០នាក់ គឺជាវេទិកាដើម្បីពង្រឹងទំនាក់ទំនងល្អ និងកាន់តែជិតស្និទ្ធរវាងរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និយោជក រោងចក្រ សហគ្រាស កម្មករនិយោជិត គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) សិស្ស និស្សិត យុវជន និងអ្នកស្វែងរកការងារធ្វើ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកពីសារៈសំខាន់ដែលផ្តើមចេញពីកត្តាគ្រឹះនៃការរក្សាបាននូវសុខសន្តិភាព ដែលផ្តល់ឱកាសឱ្យប្រទេសកម្ពុជាអាចទាក់ទាញជំនឿទុកចិត្តពីអ្នកវិនិយោគទុន បង្កើតការងារ រក្សាការងារ និងបង្កើនការងារជូនប្រជាពលរដ្ឋ ជាពិសេសយុវជនក្រោមការដឹកនាំប្រកបដោយភាពឆ្លាតវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

វេទិកានេះ បានផ្តល់ឱកាសឱ្យអ្នកស្វែងរកការងារ អាចជួបដោយផ្ទាល់ និងសម្ភាសន៍ភ្លាមៗជាមួយនិយោជក ដែលកំពុងមានតម្រូវការជ្រើសរើសកម្លាំងពលកម្មជាក់ស្តែងចំនួនជាង ៣ម៉ឺនកន្លែង។ ទន្ទឹមនេះ វាគ្មិនជាច្រើនរូប នឹងចែករំលែកបទពិសោធក្នុងការចាប់យកអាជីព ចំណេះដឹង ចំណេះធ្វើ សំដៅដល់ការបណ្តុះផ្នត់គំនិត កែប្រែឥរិយាបថ និងបង្កើនការយល់ដឹងអំពីផលិតភាព និងការប្រកួតប្រជែង។

កន្លងទៅនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បាននិងកំពុងបន្តកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត អាជ្ញាធរមូលដ្ឋាន ក្នុងការសម្របសម្រួលរកការងារជូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនពលករដែលវិលត្រឡប់ពីប្រទេសថៃ ដោយគិតមកត្រឹមខែតុលានេះ សរុបប្រមាណ ៤៦ម៉ឺនកន្លែង និងមានអ្នកទទួលបានការងារសរុបប្រមាណ ២៧ម៉ឺននាក់។
ឯកឧត្តម បានបញ្ជាក់ថា បច្ចុប្បន្នដើម្បីឆ្លើយតបនឹងបម្រែបម្រួលយ៉ាងលឿន ជាពិសេសឌីជីថលនីយកម្ម និងស្វ័យប្រវត្តិកម្ម ការលើកកម្ពស់ផលិតភាព ដោយប្រែក្លាយកម្លាំងពលកម្មជំនាញ និងមានផលិតភាពខ្ពស់ តាមរយៈការពង្រឹងជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងជំនាញបច្ចេកវិទ្យា គឺជាកត្តាចាំបាច់បំផុត។

ឯកឧត្តមរដ្ឋមន្រ្តី បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមក្នុងកិច្ចការនេះឱ្យទូលំទូលាយ ទាំងកម្រិតជាតិ កម្រិតវិស័យឯកជន កម្រិតសហគ្រាស គ្រឹះស្ថាន និងកម្រិតកម្មករនិយោជិតម្នាក់ៗ។ នៅកម្រិតវិស័យឯកជនដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចសហការគ្នា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពខ្សែច្រវាក់ផ្គត់ផ្គង់ ចាប់យកមកអនុវត្តនូវស្តង់ដា និងការអនុវត្តល្អៗ ព្រមទាំងផ្តល់ការបណ្តុះបណ្តាលលើកកម្ពស់ជំនាញកម្លាំងពលកម្មជាក់លាក់តាមវិស័យនីមួយៗ។ នៅកម្រិតសហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុននីមួយៗជាអ្នកនាំមុខ ក្នុងការផ្តួចផ្តើមដើម្បីចាប់យកផ្នត់គំនិតបត់បែនលឿន និងភាពស្របគ្នាល្អ, ការធ្វើនវានុវត្តន៍ និងវិនិយោគលើបច្ចេកវិទ្យា សំដៅឱ្យការប្រកួតប្រជែងកាន់តែមានប្រសិទ្ធភាព។ រីឯកម្មករនិយោជិតវិញ ត្រូវប្រកាន់យកនូវឥរិយាបថ និងផ្នត់គំនិតក្នុងការបន្តលើកកម្ពស់ និងពង្រីកជំនាញ ឱ្យមានភាពបត់បែនលឿន ឆ្លើយតបទាន់ទៅនឹងការប្រែប្រួលយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា។ លើសពីនេះទៀត សហជីពក៏មានតួនាទីយ៉ាងសំខាន់ ក្នុងការជួយកម្មករនិយោជិតឱ្យទទួលបានជំនាញថ្មី និងរក្សាទំនាក់ទំនងវិជ្ជាជីវៈប្រកបដោយភាពសុខដុមរមនា។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍រយៈពេលពីរថ្ងៃនេះ សហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA), សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រាជធានីភ្នំពេញ, សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC), មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF), ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA), និងដៃគូដែលមិនអាចខ្វះបាន គឺអង្គការអន្តរជាតិខាងការងារ (ILO) ដែលមានការជួយឧបត្ថម្ភគាំទ្រដោយក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួនប្រមាណ ១៥០ និងមានស្តង់ចំនួន ១៨៧៕



-
ព័ត៌មាន1 week agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន1 week agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន6 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន1 week agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន6 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន6 days agoថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត
-
ព័ត៌មាន1 week agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន1 week agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា