ព័ត៌មាន
ឯកឧត្តម ស៊ុន ចាន់ថុល ស្នើក្រុមហ៊ុន Medline ពិចារណាពង្រីកការទិញផលិតផលបរិក្ខាពេទ្យ ដែលផលិតនៅកម្ពុជាបន្ថែម និងពិនិត្យលទ្ធភាពដាក់ទុនវិនិយោគបង្កើតរោងចក្រនៅកម្ពុជាដោយផ្ទាល់
កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបន្តដឹកនាំគណៈប្រតិភូកម្ពុជា រួមមាន ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ីកូ និងគណៈប្រតិភូ សមាគមឧកញ៉ាកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Rob Calia អនុប្រធានក្រុមហ៊ុន និងជាប្រធានផ្នែកកិច្ចការជាមួយរដ្ឋាភិបាល របស់ក្រុមហ៊ុន Medline ដែលជាក្រុមហ៊ុនឯកជនដ៏ធំបំផុតមួយរបស់សហរដ្ឋអាម៉េរិក មានឯកទេសក្នុងការផលិត និងចែកចាយបរិក្ខារពេទ្យ និងផលិតផលថែទាំសុខភាពជាង ៣៣៥ពាន់មុខ ព្រមទាំងជាអ្នកផ្តល់ដំណោះស្រាយខ្សែចង្វាក់ផ្គត់ផ្គង់ ជូនស្ថាប័នថែទាំសុខភាពទូទាំងពិភពលោកផងដែរ។
ជំនួបនេះបានផ្តោតសំខាន់ក្នុងការជំរុញវិនិយោគលើវិស័យឧស្សាហកម្មផលិតសម្ភារ និងបរិក្ខារពេទ្យនៅកម្ពុជា ដោយក្នុងនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញអំពីឧត្តមភាពវិនិយោគជូនថ្នាក់ដឹកនាំ Medline រួមមានជាអាទិ៍៖ សក្តានុពលរបស់កម្ពុជាក្នុងការក្លាយជាមជ្ឈមណ្ឌលផលិតកម្មសម្រាប់ការនាំចេញ ដោយយោងលើច្បាប់វិនិយោគថ្មី ដែលផ្តល់ការលើកទឹកចិត្តខ្ពស់សម្រាប់វិស័យបច្ចេកវិទ្យាទំនើប និងសុខាភិបាល, ការចូលទៅកាន់ទីផ្សារសំខាន់ៗ ដូចជាសហរដ្ឋអាម៉េរិក(GSP) សហភាពអឺរ៉ុប(EBA) ចិន(FTA) និងកូរ៉េ(FTA), ព្រមទាំងមូលធនមនុស្ស ដែលមានវ័យក្មេងអាចបណ្តុះបណ្តាល ដើម្បីបំពេញតម្រូវការក្នុងវិស័យផលិតកម្មវេជ្ជសាស្ត្របាន។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសំណូមពរទៅកាន់ក្រុមហ៊ុន Medline ឱ្យពិចារណាពង្រីកការទិញនូវផលិតផលបរិក្ខាពេទ្យ ដែលផលិតនៅកម្ពុជាបន្ថែមទៀត និងពិនិត្យលទ្ធភាពក្នុងការបណ្តាក់ទុនវិនិយោគ បង្កើតរោងចក្រផលិតបរិក្ខារពេទ្យនៅកម្ពុជាដោយផ្ទាល់ ជាពិសេសផលិតផលដែលមានតម្រូវការខ្ពស់ដូចជា ស្រោមដៃ ឧបករណ៍វះកាត់សម្រាប់ការប្រើតែម្តងគត់ (Non-woven surgical supplies for single use only) និងសម្ភារៈការពារប្រភេទ PPE ដើម្បីជាការធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់របស់ក្រុមហ៊ុននៅអាស៊ីអាគ្នេយ៍។ ឯកឧត្តម បានបន្ថែមថា ការវិនិយោគរបស់ Medline នឹងមិនត្រឹមតែបង្កើតការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការអភិវឌ្ឍវិស័យសុខាភិបាលរបស់កម្ពុជា តាមរយៈការផ្ទេរបច្ចេកទេសផលិតគុណភាពខ្ពស់ផងដែរ៕




-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព