ព័ត៌មាន
កម្ពុជា-តួកគីយ៉េ ប្តេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យបាន១ពាន់លានដុល្លារក្នុងពេលអនាគត
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម បានលើកឡើងថា កម្ពុជា-តួកគីយ៉េ បានប្តេជ្ញាជំរុញពាណិជ្ជកម្មទេ្វភាគីឱ្យឈានដល់កម្រិត ១ពាន់លានដុល្លារ នៅក្នុងពេលអនាគតខាងមុខ ហើយក្រសួងពាណិជ្ជកម្មកម្ពុជា បានអញ្ជើញពាណិជ្ជករនិងអ្នកវិនិយោគតួកគីយ៉េ ឱ្យមកស្វែងរកកាលានុវត្តន៍ភាពធុរកិច្ច និងដៃគូរពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា។
ការប្តេជ្ញានេះ ត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក Gürsel BARAN ប្រធានសភាពាណិជ្ជកម្មអង់ការ៉ា និងសហការី កាលពីព្រឹកថ្ងៃទី៣ ខែវិចិ្ឆកា ឆ្នាំ២០២៥ នៅទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ។នេះបើតាមបណ្តាញសង្គមរបស់ក្រសួងពាណិជ្ជកម្មបានផ្សាយនៅថ្ងៃទី៤ វិច្ឆិកានេះ។
ជាកិច្ចចាប់ផ្តើម លោក Gürsel BARAN ប្រធានសភាពាណិជ្ជកម្មអង់ការ៉ា បានបង្ហាញនូវសេចក្តីសោមនស្សរីករាយ និងការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះលោកជំទាវរដ្ឋមន្រ្តី និងគណៈប្រតិភូកម្ពុជា ដែលបានអញ្ជើញមកទស្សនកិច្ចនៅសភាពាណិជ្ជកម្មអង់ការ៉ា ដែលនេះជាដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា ដំបូងបំផុតមកកាន់សភាពាណិជ្ជកម្មអង់ការ៉ា និងជាឱកាសដ៏វិសេសវិសាលសម្រាប់ពង្រីកនូវកិច្ចសហប្រតិបត្តិការលើការជំរុញពាណិជ្ជកម្មរវាងកម្ពុជា និងតួកគីយ៉េ។
នៅក្នុងកិច្ចពិភាក្សានោះផងដែរ លោកជំទាវរដ្ឋមន្រ្តី និងលោកប្រធានសភាពាណិជ្ជកម្ម បានកត់សម្គាល់នូវវឌ្ឍនភាពពាណិជ្ជកម្មទ្វេភាគីកម្ពុជា-តួកគីយ៉េ និងបានផ្លាស់ប្តូរយោបល់គ្នាលើយន្តការនៃការជំរុញពាណិជ្ជកម្មទេ្វភាគីឱ្យឈានដល់កម្រិត ១ពាន់លានដុល្លារ នៅក្នុងពេលអនាគតខាងមុខ។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកជំទាវរដ្ឋមន្រ្តីបានរំលេចនូវវិស័យអាទិភាពចំនួន៤ ដែលជាសក្តានុពលក្នុងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក្នុងនោះរួមមានវិស័យបរិក្ខាសុខាភិបាល វិស័យទេសចរណ៍ សុខភាព វិស័យវាយនភណ្ឌនិងសម្លៀកបំពាក់ និងវិស័យសំណង់ និងបានអញ្ជើញពាណិជ្ជករនិងអ្នកវិនិយោគតួកគីយ៉េ ឱ្យមកស្វែងរកកាលានុវត្តន៍ភាពធុរកិច្ចលើវិស័យទាំងនេះ និងដៃគូរពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា។
ជាការឆ្លើយតប លោកប្រធានសភាពាណិជ្ជកម្ម បានសន្យាថានឹងរៀបចំនូវដំណើរទស្សនកិច្ចរបស់ពាណិជ្ជករ និងអ្នកវិនិយោគតួកគីយ៉េទៅកាន់ប្រទេសកម្ពុជានាដើមឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីរៀបចំនូវព្រឹត្តិការណ៍ផ្គូរផ្គងអាជីវកម្មជាមួយនឹងក្រុមហ៊ុន-សហគ្រាសនៅប្រទេសកម្ពុជា។
សូមគូសបញ្ជាក់ផងដែរថា សភាពាណិជ្ជកម្មអង់ការ៉ាត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩២៣ និងមានសមាជិកជាក្រុមហ៊ុននិងសហគ្រាស ចំនួនជាង ១៧០,០០០ ដែលធ្វើឱ្យស្ថាប័ននេះក្លាយជាស្ថាប័នដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ជាពិសេសនៅក្នុងរដ្ឋធានីអង់ការ៉ា ប្រទេសតួកគីយ៉េ៕





-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព