ព័ត៌មាន
ប្រមុខការពារជាតិកម្ពុជា៖កងទ័ពបានក្លាយជាឆ្អឹងខ្នង និងខឿនការពារជាតិដ៏រឹងមាំក្នុងកិច្ចការពារអធិបតេយ្យ និងបូរណភាពទឹកដី
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានលើក ឡើងថា កងយោធពលខេមរភូមិន្ទ បានក្លាយជាឆ្អឹងខ្នង និងខឿនការពារជាតិដ៏រឹងមាំក្នុងកិច្ចការពារនូវអធិបតេយ្យ និងបូរណភាពទឹកដី សុខសន្តិភាព ស្ថិរភាពនយោបាយ និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជាទាំងមូល។
ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧២ ទិវាកំណើតកងយោធពលខេមរភូមិន្ទ និងទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣-ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នាយ ឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា« ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេង របស់កងយោធពលខេមរភូមិន្ទ ដែលសម្រេចបានកន្លងមក ជាពិសេសក្នុងកិច្ចការពារជាតិមាតុភូមិ ការអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវបទបញ្ជារបស់ថ្នាក់ដឹកនាំប្រកបដោយភាពអង់អាចក្លាហាន់ តស៊ូ ប្តូរផ្តាច់ ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង និងការប្ដេជ្ញាចិត្តខ្ពស់ត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រយុទ្ធការពារឯករាជ្យភាព និងបូរណភាពទឹកដីរបស់យើងរហូត ដល់ដង្ហើមចុងក្រោយ ។ ក្រោមស្មារតីដ៏អង់អាចក្លាហាន ការប្តេជ្ញាចិត្តដ៏មុតស្រួចនេះ កងយោធពលខេមរភូមិន្ទ បានក្លាយជាឆ្អឹងខ្នង និងជាខឿនការពារជាតិដ៏រឹងមាំក្នុងកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី សុខសន្តិភាព ស្ថិរភាពនយោបាយ និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជន»។
ឯកឧត្តមនាយឧត្តមសេនីយ៍ បានបន្ថែមទៀតថា កងយោធពលខេមរភូមិន្ទបានចូលរួម អនុវត្តប្រកបដោយប្រសិទ្ធភាពនូវភារកិច្ចអន្តរជាតិ លើវិស័យមនុស្សធម៌ បំពេញបេសកកម្មជាកងកម្លាំងរក្សាសន្តិភាព ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ ដើម្បីបុព្វហេតុសន្តិភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិល្អ ដែលជាមោទនភាព និងជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់កងយោធពលខេមរភូមិន្ទ ក៏ដូចជាប្រជាជាតិកម្ពុជាយើងទាំងមូលដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រពីមុនមក និងបានធ្វើឱ្យកិត្យានុភាពរបស់ព្រះរាជាណាចក្រកម្ពុជា កាន់តែល្បីរន្ទឺនៅលើឆាកអន្តរជាតិជាដើម។
ក្នុងឱកាសនេះដែរ ប្រមុខការពារជាតិកម្ពុជា ក៏បានសម្តែងនូវការគោរពដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុ ការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជាតាំងពីអតីតកាលរហូតដល់បច្ចុប្បន្ន ជាពិសេសក្នុងជម្លោះព្រំដែនកម្ពុជា-ថៃផងដែរ។
ក្នុងឱកាសដ៏ឧត្ដុង្គឧត្តម នៃពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧២ ទិវាកំណើតកងយោធពលខេមរភូមិន្ទ និងព្រមជាមួយទិវាបុណ្យឯករាជ្យជាតិនេះដែរ នាយឧត្តមសេនីយ៍ទៀ សីហា ក៏បានផ្ញើជូននូវការសាកសួរសុខទុក្ខពោរពេញដោយមនោសញ្ចេតនានឹករលឹកយ៉ាងជ្រាលជ្រៅបំផុតចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្នុងកងយោធពលខេមរភូមិន្ទ ដែលកំពុងបំពេញភារកិច្ចនៅតាមស្ថាប័ន កងឯកភាពនានា ក៏ដូចជាសិក្ខាកាមកំពុងសិក្សាជំនាញផ្សេងៗនៅបណ្តាប្រទេសជាមិត្តមួយចំនួន ព្រមទាំងកងកម្លាំងបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ កងកម្លាំងជួរមុខដែលកំពុងឈរជើងការពារនៅតាមបណ្ដោយខ្សែរបន្ទាត់ ព្រំដែន ជាពិសេសនៅតំបន់ដែលកំពុងតែមានជម្លោះព្រំដែនកម្ពុជា-ថៃ៕
អត្ថបទ បាន ចក់







-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព