Connect with us

ព័ត៌មាន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន៖ ឆ្នាំ២០២៦ សេដ្ឋកិច្ចកម្ពុជាព្យាករអាចនឹងសម្រេចកំណើន ៥% ខណៈរយៈពេល៩ខែឆ្នាំនេះ ស្ថានភាពសេដ្ឋកិច្ចសម្រេចបានកំណើនក្នុងរង្វង់ ៥,២%

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុបានថ្លែងបញ្ជាក់ថា សម្រាប់ឆ្នាំ ២០២៦, សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា អាចនឹងសម្រេចបាន កំណើន ៥% ដូចគ្នាទៅនឹងការរំពឹងទុកក្នុងក្របខណ្ឌ MTFF, ប៉ុន្តែ មានការកែសម្រួលនូវ អត្រាកំណើន ទៅតាមវិស័យ និង អនុវិស័យនីមួយៗ ខណៈរយៈពេល ៩ ខែដើមឆ្នាំ ២០២៥នេះស្ថានភាពសេដ្ឋកិច្ចកម្ពុ សម្រេចបានកំណើនក្នុង រង្វង់ ៥,២%, ពោលគឺ ដូចគ្នាទៅនឹងការវាយតម្លៃក្នុងក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម (MTFF) កាលពីខែ មេសា ឆ្នាំ ២០២៥ កន្លងទៅ ។

ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ថ្លែងបញ្ជាក់បែបនេះ ក្នុងសិក្ខាសាលា ស្តីពីការស្វែងយល់អំពីការកសាងក្របខណ្ឌ គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុ សាធារណៈ សម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៦ ថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ២០២៥នេះ នៅវិមានរដ្ឋសភា។

ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ បានថ្លែងថា ជាបរិការណ៍រួម នៃការរៀបចំក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ឆ្នាំ ២០២៦ ក្របខណ្ឌគោលនយោបាយម៉ាក្រូ-សេដ្ឋកិច្ច ឆ្នាំ ២០២៦ ត្រូវបានរៀបចំឡើង ក្នុងបរិការណ៍ដែលសេដ្ឋកិច្ចកម្ពុជា បន្តត្រូវបានហ៊ុមព័ទ្ធ ដោយអន្តរកាលនៃពហុវិបត្តិ ដែលមិនចំណុះនឹងការគ្រប់គ្រងរបស់កម្ពុជា នោះឡើយ, ជាអាទិ៍៖ ការប្រែប្រួលយ៉ាងរហ័សនៃរបត់គោលនយោបាយពាណិជ្ជកម្មសកល ដែលកាន់តែមានទំនោរទៅរកចរន្តគាំពារនិយម និង ឯកតោនិយម តាមរយៈ គោល-នយោបាយពន្ធគយបដិការ, ការបន្តបិទខ្ទប់ព្រំដែនគោក រវាងកម្ពុជា-ថៃ ។ល។ ក្នុង បរិការណ៍នេះ, ទស្សនវិស័យសេដ្ឋកិច្ច, ទាំងក្នុងកម្រិតសកល, តំបន់, និង រួមទាំងកម្ពុជា ផង, ហាក់មានទំនោរទៅជួបប្រឈមនឹងហានិភ័យ ច្រើនជាងកាលានុវត្តភាព, ដែល ទាមទារនូវការតាមដានឲ្យបានជាប្រចាំ និង កាន់តែខ្ជាប់ខ្ជួនបំផុត អំពីការវិវត្តនៃស្ថាន-ភាពសង្គម-សេដ្ឋកិច្ច, ជាពិសេស ការគិតគូរអំពីកម្មវិបាក និង បច្ច័យ មកលើស្ថានភាព ម៉ាក្រូសេដ្ឋកិច្ចក្នុងស្រុក, សម្រាប់តម្រែតម្រង់ទិសដៅគោលនយោបាយ និង រៀបចំវិធានការ ឆ្លើយតប ឲ្យបានទាន់ពេល ប្រកបដោយប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាពខ្ពស់ ក្នុងករណី ចាំបាច់ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានបន្តថា ផ្អែកតាមការវិវត្តជាបន្តបន្ទាប់ ក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២៥ នេះ, ក្រុម-ការងារនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានវាយតម្លៃឡើងវិញ លើស្ថានភាពសេដ្ឋកិច្ច ដោយរំពឹងថា ជារួម, សេដ្ឋកិច្ចកម្ពុជា ឆ្នាំ ២០២៥ អាចនឹងសម្រេចបានកំណើន ក្នុង រង្វង់ ៥,២%, ពោលគឺ ដូចគ្នាទៅនឹងការវាយតម្លៃក្នុងក្របខណ្ឌហិរញ្ញវត្ថុសាធារណៈ រយៈពេលមធ្យម (MTFF) កាលពីខែ មេសា ឆ្នាំ ២០២៥ កន្លងទៅ។ ក៏ប៉ុន្តែ, កំណើន តាមវិស័យ និង អនុវិស័យមួយចំនួន មានការប្រែប្រួល, ដោយវិស័យខ្លះ ត្រូវបានវាយ-តម្លៃថា នឹងអាចសម្រេចបាន នូវកំណើនខ្ពស់ជាងការរំពឹងទុក, វិស័យខ្លះ នឹងអាច សម្រេចបាននូវកំណើន ដូចការរំពឹងទុក, និង វិស័យខ្លះទៀត នឹងអាចសម្រេចបាន នូវកំណើនទាបជាងការរំពឹងទុក, សហរដ្ឋអាម៉េរិក និង ការបន្តបិទខ្ទប់ព្រំដែនគោកកម្ពុជា-ថៃ ។ ចំពោះកំណើនលម្អិត តាមវិស័យ និង អនុវិស័យនីមួយៗ, សហការីរបស់ខ្ញុំ នឹងរាយការណ៍លម្អិត ក្នុងបទបង្ហាញ ជូនអង្គសិក្ខាសាលា នាពេលបន្តិចទៀតនេះ ។

បើតាម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទោះជាយ៉ាងនេះក្តី, ដោយសារស្ថានភាពមិនទាន់ច្បាស់លាស់មួយចំនួន, ស្ថានភាពសេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២៦ អាចជួបប្រឈមនឹងភាព-មិនប្រាកដប្រជាខ្ពស់, ដែលជាយថាហេតុ, ប្រការនេះធ្វើឲ្យកំណើនសេដ្ឋកិច្ច ជារួម អាចនឹងមិនសម្រេចបានដូចការរំពឹងទុក។ ដូច្នេះ, ក្នុងការគ្រប់គ្រងសភាពការណ៍ ដែលមានភាពមិនប្រាកដប្រជាខ្ពស់បែបនេះ, រាជរដ្ឋាភិបាល នៅតែបន្តប្រកាន់ខ្ជាប់នូវ ទស្សនវិជ្ជារួមនៃសកម្មភាពគោលនយោបាយរបស់ខ្លួន គឺ៖ «សង្ឃឹម សម្រាប់ស្ថានភាព ប្រសើរ, តែត្រៀមខ្លួន សម្រាប់ស្ថានភាពអាក្រក់» (Hope for the Best, But Prepare for the Worst) ។ ឈរលើមូលដ្ឋាននៃអភិក្រមនេះ, កម្ពុជានឹងអាចតស៊ូ ដើម្បីរស់រាន ត្បិតស្ថានភាពសេដ្ឋកិច្ច នឹងពុំអាចវិលត្រលប់ទៅរកប្រក្រតីភាពវិញភ្លាមៗ ដូចបរិបទ មុន មានការបិទខ្ទប់ព្រំដែនគោកកម្ពុជា-ថៃ នោះទេ។ ទោះជាយ៉ាងណា, ជារួម, កម្ពុជា នៅតែ រក្សាបាននូវចលនការកំណើនមួយដ៏ល្អនៅឡើយ, ដែលត្រូវបានគាំទ្រដោយវិស័យបម្រើ ការនាំចេញ គួបផ្សំនឹងការបន្តនិន្នាការល្អនៃការប្រើប្រាស់ក្នុងស្រុក និង ចរន្តងាកមក គាំទ្រ និង ប្រើប្រាស់ផលិតផលក្នុងស្រុក។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ឈរលើមូលដ្ឋាននៃការវាយតម្លៃនេះ, ផសស ថ្លៃបច្ចុប្បន្ន ឆ្នាំ ២០២៦ នឹងស្ថិតក្នុងរង្វង់ ២១៧ ០៦៣ ប៊ីលានរៀល, សម មូលនឹងប្រមាណ ៥៣ ៧៩៩ លានដុល្លារអាម៉េរិក, ខណៈដែល ផសស សម្រាប់ មនុស្សម្នាក់ ត្រូវបានរំពឹងថា នឹងកើនដល់ ៣ ០២០ ដុល្លារអាម៉េរិក ។ ជាមួយគ្នានេះ, សូចនាករផ្នែកម៉ាក្រូសេដ្ឋកិច្ចផ្សេងទៀត ក៏ត្រូវបានរំពឹងថា នឹងបន្តមានស្ថិរភាព, ក្នុងនោះ អត្រាអតិផរណា ត្រូវបានព្យាករថា នឹងស្ថិតក្នុងរង្វង់ ២,៨% ក្នុងឆ្នាំ ២០២៦ ក្រោមការរំពឹងទុកនៃការបន្តរក្សាបានស្ថិរភាពនៃថ្លៃទំនិញអន្តរជាតិ, ជាពិសេស ថ្លៃ ប្រេងឥន្ធនៈ, ស្របពេលដែលការប្រើប្រាស់ក្នុងស្រុក និង សកម្មភាពចាយវាយ នៅ បន្តមាននិន្នាការវិជ្ជមាន ។ អត្រាប្តូរប្រាក់ផ្លូវការ (រៀល/ដុល្លារអាម៉េរិក) ត្រូវបានរំពឹង ថា នឹងអាចរក្សាបានក្នុងរង្វង់ ៤ ០៣៥ រៀល/ដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០២៦ ។ ចំណែកឯ ទុនបម្រុងអន្តរជាតិសរុប ត្រូវបានរំពឹងថា នឹងបន្តកើនដល់ ២៧ ៩៨៩ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០២៦ ដែលអាចធានាការនាំចូលបាន ៧,៩ ខែ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា សម្រាប់ឆ្នាំ ២០២៦, សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា អាចនឹងសម្រេចបាន កំណើន ៥% ដូចគ្នាទៅនឹងការរំពឹងទុកក្នុងក្របខណ្ឌ MTFF, ប៉ុន្តែ មានការកែសម្រួលនូវ អត្រាកំណើន ទៅតាមវិស័យ និង អនុវិស័យនីមួយៗ ។ បើពិនិត្យជារួម, «ក្របខណ្ឌ ហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម (MTFF) ឆ្នាំ ២០២៦-២០២៨» ដែលត្រូវ បានដាក់ចេញ កាលពីខែ មេសា ឆ្នាំ ២០២៥ នៅតែមានភាពសមស្រប សម្រាប់ប្រើប្រាស់ ជាមូលដ្ឋាន ក្នុងការរៀបចំសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុ ឆ្នាំ ២០២៦ ដើម្បីធានានូវ ភាពទាន់ពេលនៃការបញ្ចប់ការរៀបចំសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ស្របតាម ប្រតិទិនកំណត់ ក្នុងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ។ ទន្ទឹមនេះ, ខ្ញុំក៏សូមជម្រាប ជូនដែរថា, ជាគោលការណ៍, លទ្ធផលជាក់ស្តែងសម្រាប់ឆ្នាំ ២០២៥ និង ការវាយតម្លៃ ឡើងវិញ អំពីកំណើនឆ្នាំ ២០២៦ នឹងត្រូវបានធ្វើឡើងម្តងទៀត នៅដើមឆ្នាំ ២០២៦ សម្រាប់ការរៀបចំ MTFF ឆ្នាំបន្ទាប់ ។

ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ថ្លែងថា ជាការពិត, កំណើនសេដ្ឋកិច្ចឆ្នាំ ២០២៦, ដែលត្រូវបានព្យាករថា អាចនឹងសម្រេច បានក្នុងអត្រា ៥% នេះ, មានកំណើនថមថយបន្តិច បើធៀបឆ្នាំ ២០២៥, ដែលឆ្លុះ-បញ្ចាំងពីកម្មវិបាក នៃការអនុវត្តពន្ធគយបដិការ មកលើវិស័យបម្រើការនាំចេញ គួបផ្សំ នឹងការរំពឹងទុក នូវបច្ច័យនៃការអូសបន្លាយនៃការបិទខ្ទប់ព្រំដែនគោក កម្ពុជា-ថៃ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia