ព័ត៌មាន
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់សហការីចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាជនងាយរងគ្រោះបំផុត ៨៥០គ្រួសារ នៅខេត្តរតនគិរី
កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្ដុង្គឧត្តមនៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងក្រោមការដឹកនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាជនរងគ្រោះ និងងាយរងគ្រោះបំផុត ប្រជាជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ គ្រប់ស្រទាប់វណ្ណៈដោយគ្មានការរើសអើងណាមួយឡើយ តាមពាក្យស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។
ជាក់ស្តែងឆ្លើយតបតាមការស្នើសុំរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី នៅថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីទីស្នាក់ការកណ្តាល និងសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាជនងាយរងគ្រោះបំផុតចំនួន ៨៥០គ្រួសារ ដែលរស់នៅក្នុង ៤សង្កាត់ នៃក្រុងបានលុង និង៧ឃុំ នៃស្រុកអូរជុំ ខេត្តរតនគិរី។
ពិធីជួបសំណេះសំណាល និងចែកអំណោយខាងលើនេះ ប្រព្រឹត្តទៅក្រោមវត្តមាន ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, ឯកឧត្តម ណាប់ ប៊ុនហេង អនុប្រធានគណៈកិត្តិយសសាខា និងឯកឧត្តម ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ដែលបានធ្វើឡើងនៅទីតាំងចំនួន២ គឺ៖
ទីតាំងទី១ នៅបរិវេណសាលាស្រុកអូរជុំ ស្ថិតក្នុងភូមិអូរជុំ ឃុំអូរជុំ ស្រុកអូរជុំ សម្រាប់ប្រជាជនងាយរងគ្រោះបំផុត ៣៩០គ្រួសារ ដែលភាគច្រើនជាបងប្អូនជនជាតិដើមភាគតិចទំពួន និងគ្រឹង មកពី៧ឃុំ គឺឃុំកាឡៃ ឃុំអូរជុំ ឃុំប៉ូយ ឃុំល្អក ឃុំសាមគ្គី ឃុំឯកភាព និងឃុំចាអ៊ុង។
ទីតាំងទី២ នៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តរតនគិរី ស្ថិតក្នុងភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង សម្រាប់ប្រជាជនងាយរងគ្រោះបំផុតចំនួន ៤៦០គ្រួសារ មកពី៤សង្កាត់ គឺ សង្កាត់បឹងកន្សែង សង្កាត់ឡាបានសៀក សង្កាត់យក្សឡោម និងសង្កាត់កាចាញ។
មានមតិស្វាគមន៍នាឱកាសនោះ ឯកឧត្តម ញ៉ែម សំអឿន មានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានចាត់ឱ្យឯកឧត្តមអគ្គលេខាធិការរងទី២ និងសហការី អញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា នាឱកាសនេះ ដែលមានគោលបំណងជួយសម្រាលការលំបាកផ្នែកជីវភាពរស់នៅរបស់បងប្អូនប្រជាជនងាយរងគ្រោះបំផុតចំនួន ៨៥០គ្រួសារ មានដូចជា ចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយមានកូនច្រើន ជនពិការ គ្រួសារក្រីក្រ ពិសេសគ្រួសារ យោធិនពិការដោយសារសង្គ្រាម និងអ្នកផ្ទុកមេរោគអេដស៍។ល។ជាមួយគ្នានេះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានអំពាវនាវឱ្យបងប្អូនប្រជាជនទាំងអស់ចូរប្រុងប្រយ័ត្នចំពោះគ្រោះមហន្តរាយនានា ពីព្រោះថាមកដល់ពេលនេះគ្រោះមហន្តរាយនៅតែមាន និងគួរឱ្យព្រួយបារម្ភ ដែលកាលពីថ្មីៗនេះខេត្តរតនគិរី បានជួបគ្រោះទឹកជំនន់រហ័ស និងបានឆក់យកអាយុជីវិតមនុស្សចំនួន៥នាក់ផងដែរ។ មួយវិញទៀត សូមបងប្អូនរក្សាអនាម័យ សុខភាព និងភាពស្អាតក្នុងជីវិតប្រចាំថ្ងៃ ត្រូវសម្អាតបរិស្ថានឱ្យបានស្អាត បង្ការសត្វអាសិរពិសនានា ខិតខំដាំដុះដំណាំរួមផ្សំ ដើម្បីបង្កើនគុណភាពជីវិត និងការរស់នៅប្រកបដោយសុវត្ថិភាព។ សូមបងប្អូនមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាព ត្រូវបរិភោគអាហារណាដែលសម្បូរជីវជាតិពិសេសអាហារដែលផ្ទុកជាតិដែក និងទៅទទួលយកថ្នាំទម្លាក់សត្វល្អិតនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដើម្បីទទួលបានសុខភាពល្អ។ បន្ថែមលើនេះឯកឧត្តមបានឱ្យដឹងថា ខេត្តរតនគិរី មានការខ្វះខាតកម្លាំងពលកម្មជាច្រើន ដោយសារប្រជាពលរដ្ឋនៅក្នុងខេត្តមានចំនួនតិចនៅឡើយ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ បានពាំនាំប្រសាសសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកនៅថ្ងៃនេះ ដោយក្តីនឹករលឹក ការស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុត។ជាមួយគ្នានេះ ឯកឧត្តម បានពាំនាំនូវសារអំពាវនាវពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ ជូនចំពោះបងប្អូនប្រជាជនងាយរងគ្រោះទាំងអស់ ជាពិសេសក្មួយៗ ដែលជាស្ត្រីមានផ្ទៃពោះ ស្ត្រីទើបសម្រាលកូនរួច ស្ត្រីដែលមានកូនតូច ត្រូវថែរក្សាអនាម័យឱ្យបានល្អ ហើយទៅពិនិត្យសុខភាពឱ្យបាន៤ដងយ៉ាងតិច។ ជាពិសេសដែលមានកូនតូចៗនាំកូនទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ចំនួន ដើម្បីការពារសុខភាពកូនយើងផង និងដើម្បីក្លាយជាធនធានមនុស្សដ៏រឹងមាំដែលមានសុខភាពល្អផង។ ជាមួយគ្នានេះត្រូវប្រុងប្រយ័ត្នចំពោះជំងឺមិនឆ្លងចំនួន៤មុខ ជំងឺសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែម ជំងឺមហារីក និងជំងឺរលាកផ្លូវដង្ហើមរ៉ាំរៃ ដោយអនុវត្តតាមសាររបស់ក្រសួងសុខាភិបាល តាមរយៈតិចស្ករ តិចអំបិល តិចខ្លាញ់ និងសូមចូលរួមហាត់ប្រាណទាំងអស់គ្នាឱ្យបានទៀងទាត់យ៉ាងតិចឱ្យបាន១៥នាទីជារៀងរាល់ថ្ងៃ ដើម្បីទទួលបានសុខភាពល្អ រស់នៅបានយូរអង្វែង។
សូមបញ្ជាក់ថា គ្រួសាររងគ្រោះនីមួយៗទទួលបានអំណោយរួមមាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប និងឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់។
សូមជម្រាបជូនថា បន្ទាប់ពីកម្មវិធីចែកអំណោយនៅក្នុងខេត្តរតនគិរីរួច នៅថ្ងៃទី១១ និងទី១២ ខែវិច្ឆិកាខាងមុខនេះ ក្រុមការងារពីទីស្នាក់ការកណ្តាល នឹងបន្តដំណើរចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនប្រជាជនងាយរងគ្រោះបំផុតចំនួន ៩៣៣គ្រួសារទៀតដែលរស់នៅក្នុងខេត្តមណ្ឌលគិរី៕
















-
PR NEWS3 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នកខេត្តស្វាយរៀង ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន4 days agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
-
កីឡា1 week agoក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីថ្ងៃនេះ
-
ព័ត៌មាន1 week agoពិធីបុណ្យមាឃបូជានៅវត្តបន្ទាយដែកឆ្នាំនេះ មានពុទ្ធបរិស័ទ និងសិស្សានុសិស្ស ចូលរួមកុះករជាងឆ្នាំមុន
-
ព័ត៌មាន5 days agoមន្រី្តជាន់ខ្ពស់សុខាភិបាល លើកទឹកចិត្តដល់អ្នកជំនាញ សូមបន្តរួមគ្នាអភិវឌ្ឍន៍បច្ចេកទេសព្យាបាលថ្មីៗ
-
កីឡា5 days agoMan City ឈ្នះ Newcastle ឡើងជួប Arsenal វគ្គផ្តាច់ព្រ័ត្រ EFL Cup នៅ Wembley
-
ព័ត៌មាន4 days agoព្រះមហាក្សត្រកម្ពុជា ព្រះអង្គទ្រង់ប្រឈួនពុំអាចបំពេញព្រះរាជកិច្ចបាន ប្រគល់ភារកិច្ចជូនសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរដ្ឋស្តីទី ឱ្យទទួលស្វាគមន៍ឯកឧត្តម ថងលូន ស៊ីសូលីត នៅក្នុងព្រះបរមរាជវាំង