ព័ត៌មាន
រដ្ឋសភារៀបចំសិក្ខាសាលា ដើម្បីរៀបចំសេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៦
នៅវិមានរដ្ឋសភា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទសិក្ខាសាលាសភា ស្តីពី “ការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ក្នុងការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦។ ឯកឧត្តមអនុប្រធានទី១ បានសង្កត់ធ្ងន់ថា សិក្ខាសាលានេះគឺជាវេទិកាមួយដ៏មានសារៈសំខាន់បំផុតសម្រាប់តួអង្គពាក់ព័ន្ធទាំងអស់ក្នុងការទទួលបាននូវព័ត៌មានសម្រាប់ធ្វើជាមូលដ្ឋានក្នុងការសិក្សា វិភាគ និងវាយតម្លៃបន្ថែមលើសេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៦។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម បានគូសបញ្ជាក់ថា កម្ពុជាបានធ្វើដំណើរលើមាគ៌ាដ៏វែងឆ្ងាយពីជម្លោះ និងការបែកបាក់ មកកាន់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ ការផ្លាស់ប្ដូរប្រទេសជាតិដ៏ស៊ីជម្រៅនេះអាចសម្រេចទៅបានតាមរយៈនយោបាយ ឈ្នះ-ឈ្នះ ជាប្រវត្តិសាស្ត្រ និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងអង់អាចរបស់ សម្ដេចតេជោ ហ៊ុន សែន ដែលជាឯកស្ថាបនិកនៃការបង្រួបបង្រួមជាតិ និងសុខសន្តិភាពយូរអង្វែង សម្រាប់មាតុភូមិកម្ពុជា។ ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ កម្ពុជាសម្រេចបាននូវវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចដ៏គួរឱ្យចាប់អារម្មណ៍រួមមាន កំណើនសេដ្ឋកិច្ចរឹងមាំ, ការកាត់បន្ថយភាពក្រីក្របានយ៉ាងច្រើនសន្ធឹកសន្ធាប់, សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងសកលកាន់តែស៊ីជម្រៅ។ វឌ្ឍនភាពនេះ មិនត្រឹមតែបានធ្វើឱ្យប្រសើរឡើងនូវកម្រិតជីវភាពរស់នៅ និងធានាបាននូវស្ថិរភាពសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានលើកកម្ពស់មុខមាត់របស់កម្ពុជានៅលើឆាកអន្តរជាតិផងដែរ។
ឯកឧត្តមអនុប្រធានទី១ មានប្រសាសន៍បន្តថា ខណៈដែលកម្ពុជាកំពុងឈានទៅមុខក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ការរៀបចំសេចក្តីព្រាង ច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៦ នឹងបម្រើជាឧបករណ៍យុទ្ធសាស្ត្រ ដើម្បីធានាថា ស្ថាបត្យកម្មសារពើពន្ធរបស់យើងនឹងគាំទ្រដល់អាទិភាពជាតិសំខាន់ៗ រួមមាន៖ ការការពារអធិបតេយ្យភាពជាតិ និងសន្តិភាព ការធានាស្ថិរភាពសង្គម-សេដ្ឋកិច្ច និងម៉ាក្រូសេដ្ឋកិច្ច ការអភិវឌ្ឍធនធានមនុស្ស និងស្ថាប័ន និងការបង្កើនសមត្ថភាពប្រកួតប្រជែងជាតិ។
ឯកឧត្តម បានរំលេចបន្ថែមថា ទោះបីជារយៈពេល ៣ ឆ្នាំ កន្លងមកនេះ ប្រទេសកម្ពុជាសម្រេចបាននូវវឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗគួរជាទីមោទនៈយ៉ាងណាក្តី តែយើងក៏នៅមានបញ្ហាប្រឈមនានាជាច្រើន ដែលតម្រូវឱ្យយើងទាំងអស់គ្នា ត្រូវតែខិតខំ ប្រឹងប្រែង សហការគ្នាឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំបន្ថែមទៀត ដោយផ្អែកលើស្មារតីសាមគ្គីភាព ឯកភាពជាតិជាធ្លុងមួយ ដើម្បីឈានទៅដោះស្រាយបញ្ហាប្រឈមទាំងអស់នោះបាន។ នៅក្នុងន័យនេះ ក្នុងនាមស្ថាប័ននីតិប្បញ្ញត្តិ ឯកឧត្តមអនុប្រធានទី១ បានចូលរួមផ្ដល់ជាអនុសាសន៍បន្ថែមមួយចំនួនដល់អង្គសិក្ខាសាលា ក្នុងនោះរួមមាន៖ (១) ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនៅតែជាមូលដ្ឋានគ្រឹះនៃទំនុកចិត្តរបស់វិនិយោគិន និងវឌ្ឍនភាពសង្គម (២) សារៈសំខាន់នៃការពង្រឹងភាពធន់នៃសារពើពន្ធ ជាពិសេសត្រូវផ្តោតទៅលើការបន្តកំណែទម្រង់ក្នុងការគ្រប់គ្រងពន្ធ និងគយ (៣) គុណភាព និងតម្លាភាពក្នុងការវិនិយោគសាធារណៈគឺមិនអាចខ្វះបាន (៤) បរិវត្តកម្មឌីជីថលនៅតែជាផ្នែកសំខាន់មួយនៃអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព (៥) ធនធានមនុស្សគឺជាចំណុចស្នូលនៃកំណើនរយៈពេលវែងរបស់កម្ពុជា (៦) ក្របខ័ណ្ឌគ្រប់គ្រងហិរញ្ញវត្ថុនាពេលអនាគតរបស់យើងត្រូវតែរួមបញ្ចូលវិធានការដែលអនុញ្ញាតឱ្យប្រទេសកម្ពុជាទប់ទល់នឹងផលប៉ះពាល់ពីខាងក្រៅ រួមទាំងបញ្ហាប្រឈមអាកាសធាតុ ភាពចលាចលភូមិសាស្ត្រនយោបាយ និងការរំខានដល់បច្ចេកវិទ្យា និងចុងក្រោយ (៧) ត្រូវយកចិត្តទុកដាក់លើថាមវន្តក្នុងតំបន់ ដែលពេលខ្លះអាចមានឥទ្ធិពលលើបរិយាកាសផ្ទៃក្នុងរបស់កម្ពុជា។
លើសពីនេះទៀត ឯកឧត្តមអនុប្រធានទី១ មានអនុសាសន៍បន្ថែមថា ការរៀបចំច្បាប់គ្រប់គ្រងហិរញ្ញវត្ថុឆ្នាំ ២០២៦ គួរតែឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះរបៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព (SDGs) និងភាពបន្ទាន់នៃការជំរុញសកម្មភាពអាកាសធាតុ ព្រមទាំងសេចក្តីប្រាថ្នារយៈពេលវែងរបស់កម្ពុជា រួមទាំងចក្ខុវិស័យរបស់យើងក្នុងការចេញផុតពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចបំផុត ដើម្បីសម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៥០។
នៅចុងបញ្ចប់ ឯកឧត្តមអនុប្រធានទី១ បានថ្លែងអំណរគុណចំពោះគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងព្រឹទ្ធសភា ព្រមទាំងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានសហការរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង ព្រមទាំងថ្លែងអំណរគុណដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានសភាទាំងពីរ––ព្រឹទ្ធសភា និងរដ្ឋសភា និងភាគីពាក់ព័ន្ធ ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមក្នុងសិក្ខាសាលាសភានៅព្រឹកនេះ៕




-
ព័ត៌មាន3 days agoសមាគមគីមីកម្ពុជា ត្រៀមបង្កើតក្លឹបគីមីនៅតាមវិទ្យាល័យនានា ដើម្បីជួយបង្រៀនសិស្សបន្ថែម
-
ព័ត៌មាន3 days agoកងពលតូចដឹកជញ្ជូនលេខ៩៩បន្តបើកវគ្គហ្វឹកហ្វឺនបើករថយន្តធុនធ្ងន់លើជំនាញផ្លូវឆ្ងាយ និងតំបន់ព្រៃភ្នំដល់នាយទាហានជំនាន់ទី១០
-
ព័ត៌មាន5 days ago សម្ដេចតេជោ ហ៊ុន សែន រម្លឹក បកស្រាយប្រវត្តិ និងអ្នកនិពន្ធពិត នៃចម្រៀង “ឱ! ភ្នំពេញអើយ”
-
ព័ត៌មាន5 days agoថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលទស្សនាស្វែងយល់ពីសមុច្ច័យក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង
-
ព័ត៌មាន1 week agoនគរបាលរាជធានី នឹងចាប់ផ្តើមចុះរឹតបន្តឹងច្បាប់ចរាចរណ៍តាមរយៈការអប់រំ ដោយមិនផាកពិន័យ នៅថ្ងៃទី០១ ធ្នូខាងមុខ
-
ព័ត៌មាន5 days agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ «ការលើកស្ទួយធុរកិច្ចស្រ្តីនឹងជំរុញឱ្យសេដ្ឋកិច្ចជាតិកើនឡើង»
-
ព័ត៌មាន5 days agoរដ្ឋបាលខេត្តកំពង់ឆ្នាំង ស្នើអង្គភាពនានាចូលរួមទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ
-
ព័ត៌មាន5 days agoមន្ទីរកសិកម្ម បន្តនាំយកស៊ុតទា និងបន្លែ ផ្ដល់ជូនវីរកងទ័ពប្រចាំការនៅគោលដៅទិសខេត្តឧត្តរមានជ័យ