ព័ត៌មាន
យុវជនទាំងអស់ត្រូវអភិវឌ្ឍខ្លួនឯង ដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិឱ្យបានរឹងមាំ
កណ្ដាល ៖ ក្នុងនាមជា យុវជន ក្មួយៗសិស្សានុសិស្សទាំងអស់ មិនចាំបាច់កាន់អាវុធនៅសមរភូមិនោះទេ ប៉ុន្តែក្មួយៗត្រូវ “មិនស្ងៀម” ក្នុងការខិតខំរៀនសូត្រ “មិនស្ងៀម” ក្នុងការអភិវឌ្ឍខ្លួនឯង “មិនស្ងៀម” ក្នុងការចូលរួម អភិវឌ្ឍសង្គមជាតិឱ្យបានរឹងមាំ នោះហើយគឺជាការគាំទ្របុព្វហេតុការពារជាតិដ៏ពិតប្រាកដបំផុត។
ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាលមានប្រសាសន៍ក្នុងពិធីបិទជំរំយុវជនខេត្តកណ្តាល ក្រោមប្រធានបទ “ជំរំយុវជន គាំទ្របុព្វហេតុការពារជាតិមាតុភូមិកម្ពុជា” ឆ្នាំ២០២៥ នៅកីឡដ្ឋានខេត្តកណ្ដាល នារសៀលថ្ងៃទី១០ ខែវិច្ចិកា ឆ្នាំ២០២៥នេះថា៖ ប្រធានបទ «ជំរំយុវជន គាំទ្របុព្វហេតុការពារជាតិមាតុភូមិ» ឆ្នាំនេះ គឺជាការដាស់តឿនរំឭកដល់ក្មួយៗយុវជនគ្រប់រូប អំពីតម្លៃនៃសន្តិភាពដែលយើង កំពុងមានសព្វថ្ងៃ ដែលត្រូវបានដោះដូរមកដោយការលះបង់ដ៏ធំធេងរបស់វីរកងទ័ពយើង ព្រមទាំងជាការឆ្លុះបង្ហាញនូវតម្រូវការចាំបាច់របស់សង្គមជាតិយើង ដែលកំពុងត្រូវការ ធនធានមនុស្សជំនាន់ថ្មី ប្រកបដោយសមត្ថភាព បញ្ញា ស្មារតី សុខភាពល្អ និងជាពិសេស គឺមានបេះដូងស្នេហាជាតិយ៉ាងជ្រាលជ្រៅ។ ហើយការបោះជំរំនេះ ជារូបភាពតូចមួយនៃការត្រៀមខ្លួន ការរៀនរស់នៅក្នុងលក្ខខណ្ឌលំបាក ការហ្វឹកហាត់វិន័យ និងការកសាងស្មារតីសាមគ្គី គឺដើម្បី ឱ្យក្មួយៗយល់ថា បុព្វហេតុការពារជាតិ ចាប់ផ្តើមចេញពីការកសាងខ្លួនឯងឱ្យក្លាយជាពលរដ្ឋដ៏រឹងមាំ ប្រកបដោយសមត្ថភាព និងមានបេះដូងស្នេហាជាតិ។
ឯកឧត្ដមអភិបាល បន្ថែមថា៖ ការបោះជំហានចាកចេញពីភាពងាយស្រួល និងការថ្នាក់ថ្នមនៅផ្ទះសម្បែងដើម្បីមកទទួលយកបទពិសោធន៍ថ្មីនៅជំរំយុវជនគឺហាក់ប្រៀបបាននឹងការសាកល្បងនូវភាពក្លាហាន និងភាពរឹងមាំទាំងផ្លូវកាយ និងផ្លូវចិត្តដែលក្មួយៗបានយកឱកាសនេះអភិវឌ្ឍបំណិនជីវិត ប្រែក្លាយការនឿយហត់ជាបទពិសោធន៍ បញ្ហាប្រឈមជាមេរៀន និងមនុស្សប្លែកមុខទៅជាមិត្ត។ ស្មារតីក្លាហានពុំខ្លាចការលំបាកនេះហើយ ដែលបានឆ្លុះបញ្ចាំងថា ក្មួយៗពិតជាទំពាំងស្នងឬស្សីដ៏រឹងមាំនិងជាយុវជនគាំទ្របុព្វហេតុការពារជាតិមាតុភូមិយើង។
ឯកឧត្ដម អភិបាលខេត្ត បានផ្ដាំផ្ញើរដល់យុវជនទាំងអស់ ត្រូវមានក្តីស្រមៃ និងគោលដៅសម្រាប់អនាគតរបស់ខ្លួនច្បាស់លាស់, ឧស្សាហ៍ព្យាយាម ស្វ័យសិក្សា ស្រាវជ្រាវបន្ថែម ជាពិសេសត្រៀមខ្លួន មុនឆ្ពោះទៅកាន់ឧត្តមសិក្សា និងសង្គមការងារ, ចេះអភិវឌ្ឍសមត្ថភាពខ្លួន ស្របតាមយុគសម័យ ជាពិសេសជំនាញឌីជីថល, ចេះបន្តបង្កើតទំនាក់ទំនងល្អ និងបំពេញការងារជាក្រុម, បន្តចូលរួមការងារសង្គម ការងារស្ម័គ្រចិត្ត និងការងារយុវជន ជាបទពិសោធន៍អភិវឌ្ឍជំនាញទន់, ក្លាយជាយុវជនគំរូក្នុងសង្គម ប្រកបដោយគុណធម៌ សីលធម៌ និងសមត្ថភាពជា“កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ”, យល់ដឹងច្បាស់អំពីផែនទី ភូមិសាស្ត្រព្រំដែនកម្ពុជានិងចែករំលែកផ្សព្វផ្សាយការយល់ដឹងបន្តជូនដល់អ្នកជុំវិញខ្លួន, ចេះប្រុងប្រយ័ត្នការពារខ្លួនលើប្រព័ន្ធអនឡាញ ជៀសវាងការកេងប្រវ័ញ្ចកុមារ និងជៀសឆ្ងាយពីអំពើអបាយមុខ លុបបំបាត់ឱ្យអស់នូវក្រុមបងតូចបងធំ ក្មេងទំនើង និងអំពើហិង្សា។
អត្ថបទ ៖ សៅ យ៉ាម៉ង់











-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន4 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន4 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន1 week agoគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
-
ព័ត៌មាន1 week agoមន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
-
ព័ត៌មាន5 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
PR NEWS16 hours agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!