ព័ត៌មាន
វេទិកា និងពិព័រណ៍កសិកម្មកម្ពុជានឹងចាប់ផ្តើមផ្លូវការនៅថ្ងៃទី១៣ ខែវិច្ឆិកាស្អែកនេះ នៅកោះពេជ្រ
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំកម្មវិធីវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ហៅកាត់ថា កាហ្វេ២៥ (CAFE25) រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីបង្ហាញសក្តានុពលដ៏សម្បូរបែបនៃកសិកម្មកម្ពុជា ពិសេសចង់ជំរុញឱ្យកសិករបានយល់ដឹងអំពីសក្តានុពលនៃផលិតផលកសិកម្ម និងជាឱកាសផ្គូរផ្គងកសិករ និងដៃគូពាណិជ្ជកម្ម។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ពិធីបើកព្រឹត្តការណ៍នេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ព្រឹត្តិការណ៍នេះ នឹងក្លាយជាវេទិកាដ៏រស់រវើក មានគោលបំណងលើកកម្ពស់ពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ និងជំរុញការច្នៃប្រឌិត ក្នុងវិស័យកសិស្បៀងអាហារនៅកម្ពុជា។
ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ព្រឹត្តិការណ៍កាហ្វេ២៥ មិនមែនគ្រាន់តែជាពិព័រណ៍ ឬវេទិកាប៉ុណ្ណោះទេ ប៉ុន្តែជាថ្នាលដ៏សំខាន់សម្រាប់កសិករ អ្នកកែច្នៃ ពាណិជ្ជករ អ្នកវិនិយោគ និងអ្នកតាក់តែងគោលនយោបាយ ក្នុងការចែករំលែកគំនិត បង្កើតភាពជាដៃគូ និងស្វែងរកឱកាសថ្មីៗសម្រាប់ការកសាងភាពជាដៃគូយូរអង្វែង។ លក្ខណៈពិសេសរបស់ព្រឹត្តិការណ៍នេះ នឹងមិនបញ្ចប់ត្រឹមតែព្រឹត្តិការណ៍ប៉ុណ្ណោះទេ ប៉ុន្តែនឹងមានសកម្មភាពបន្តជាច្រើនទៀត ដើម្បីអនុញ្ញាតឱ្យភាគីពាក់ព័ន្ធបន្តទំនាក់ទំនង ចូលរួមសកម្មភាព និងសហការជាមួយគ្នា ដើម្បីស្វែងរក និងអនុវត្តចក្ខុវិស័យរួមសម្រាប់វិស័យកសិស្បៀងអាហារនៅកម្ពុជា។ ហើយកិច្ចសហការនេះ មានគោលបំណងដើម្បីធ្វើឱ្យកម្ពុជាក្លាយជាទិសដៅដ៏ទាក់ទាញក្នុងតំបន់សម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគក្នុងវិស័យកសិស្បៀងអាហារ។
សូមបញ្ជាក់ថា វេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៥ នឹងមានមានស្តង់ចំនួនប្រមាណ ៤០០ស្តង់ ដែលដាក់តាំងបង្ហាញផលិតផលកសិកម្ម គ្រឿងចក្រកសិកម្មទំនើបៗ បច្ចេកវិទ្យាដ្រូនកសិកម្ម បច្ចេកវិទ្យាកែច្នៃ ធាតុចូលកសិកម្ម និងសេវាកម្មផ្សេងៗ។ ម្ចាស់អាជីវកម្មកសិកម្ម អ្នកវិនិយោគ និងកសិករ នឹងត្រូវបានផ្សាភ្ជាប់គ្នាតាមរយៈកម្មវិធីផ្គូផ្គងពាណិជ្ជកម្ម ការសាកល្បង និងទទួលបទពិសោធន៍ផ្ទាល់ជាមួយបច្ចេកវិទ្យាកសិកម្មទំនើបៗ និងចូលរួមសិក្ខាសាលាអប់រំដែលរៀបចំឡើងសម្រាប់ចែករំលែកចំណេះដឹង និងបង្កើនជំនាញ៕ អត្ថបទ៖ ឈិត បូរ៉ាវី








-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព