ព័ត៌មាន
យោធាថៃបានបាញ់ប្រហារប្រជាពលរដ្ឋខ្មែរជាបន្តបន្ទាប់ ខណៈពួកគាត់ប្រកបកិច្ចការជាប្រក្រតី
សន្និសីទសារព័ត៌មាន ស្តីពី «ស្ថានការណ៍ចុងក្រោយនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ» នារាត្រីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ទាហានថៃបានបាញ់ប្រហារមកលើប្រជាជនខ្មែរដែលជាជនស៊ីវិលស្លូតត្រង់ ជាបន្តបន្ទាប់ ដែលធ្វើឱ្យប្រជាជនខ្មែរ១រូបបាត់បង់អាយុជីវិត និង ៣នាក់ទៀតរងរបួស ខណៈពួកគាត់ប្រកបកិច្ចការជាប្រក្រតី។
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឱ្យដឹងថា នៅវេលាម៉ោង ១៥ និង ៥០នាទី មានប្រជាពលរដ្ឋចំនួន ៣នាក់ បានដើរនៅលើខ្នងប្រឡាយ ជាទីតាំងពួកគាត់តែងធ្វើដំណើរជាធម្មតា។ វត្តមានកងកម្លាំងកម្ពុជាដែលមិនប្រដាប់អាវុធ ក៏អង្គុយនៅទីតាំងនោះដែរ ចម្ងាយប្រហែល ១០ម៉ែត្រ ពីប្រជាពលរដ្ឋ ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ។ បន្តិចមក ពួកគាត់បានលើស្នូរផ្ទុះអាវុធពីភាគីថៃ ដែលបាន បាញ់សំដៅប្រជាជនកម្ពុជា ៣នាក់ កំពុងធ្វើដំណើរលើខ្នងប្រឡាយជាធម្មតា នាំឱ្យប្រជាពលរដ្ឋកម្ពុជាស្លូតត្រង់របួស ២នាក់។ បន្ទាប់មកកងកម្លាំងកម្ពុជាដែលមិនប្រដាប់ដោយអាវុធបានធ្វើអន្តរគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋទាំងនោះ។
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឱ្យដឹងបន្ថែមថា លើសពីនេះ យោធាថៃបានបន្តបាញ់ប្រហារលើគោលដៅផ្សេងទៀត សំដៅលើប្រជាពលរដ្ឋស៊ីវិល កំពុងអង្គុយជុំគ្នាលេង បណ្ដាលឱ្យ ពលរដ្ឋម្នាក់រងរបួសបន្ថែម និងមួយនាក់ទៀត ត្រូវបាត់បង់ជីវិតនៅនឹងកន្លែងភ្លាមៗ។
គួរបញ្ជាក់ថា នៅក្នុងហេតុការណ៍ខាងលើ កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចចម្រុះរបស់កម្ពុជា ដែលមិនប្រដាប់ដោយអាវុធ ក៏មានវត្តមាននៅទីកន្លែងកើតហេតុនោះផងដែរ ដើម្បីការពារសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋយើង ដោយប្រកាន់ខ្ជាប់បំផុតនូវការគោរព និងការអនុវត្តបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួម ស្តីពី កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ រួមទាំង គោលការណ៍ដែលបានឯកភាពគ្នា រវាងភាគីកម្ពុជា-ថៃ ដោយឈរលើមូលដ្ឋាន នៃការដោះស្រាយ រាល់បញ្ហាដោយសន្តិវិធី ត្រឹមត្រូវ និងស្រប តាមច្បាប់អន្តរជាតិ។
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ ដ៏សាហាវឃោរឃៅនេះ ហើយនេះបង្ហាញយ៉ាងច្បាស់កាលដែលភាគីថៃបានរំលោភបំពានលើ ”សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ” ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ ក្រោមសាក្សីរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន។ ក្នុងន័យនេះ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ៕




-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន5 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន6 days agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន4 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦