ព័ត៌មាន
សភាជាង ៤៥ប្រទេស អំពាវនាវឱ្យមានការគោរព និងការអនុវត្តពេញលេញនូវ សេចក្តីប្រកាសរួមរវាងកម្ពុជា-ថៃ
សន្និសីទប្រធានសភានៃអន្តរសភា ដែលមានសមាជិកជាង ៤៥ប្រទេស បានអំពាវនាវកម្ពុជា-ថៃ គោរពយ៉ាងម៉ឺងម៉ាត់ និងអនុវត្តពេញលេញនូវគោលការណ៍ដែលបានឯកភាពគ្នា ក្នុងសេចក្តីប្រកាសរួម ដើម្បីបន្ធូរបន្ថយភាពតានតឹង ស្តារទំនុកចិត្ត និងសន្តិភាពតាមព្រំដែន ដោះស្រាយភាពខុសគ្នាដោយសន្តិភាព ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាព និងសាមគ្គីភាពព្រមទាំងសហការគ្នា ក្នុងការស្តារទំនាក់ទំនងការទូត និងផលប្រយោជន៍ទៅវិញទៅមក ដើម្បីនាំសន្តិភាព និងសន្តិសុខពេញលេញ ដល់ប្រទេសទាំងពីរ និងតំបន់ទាំងមូល។
ស្ថាប័ននេះក៏បានអំពាវនាវឱ្យថៃដោះលែងជាបន្ទាន់ នូវយុទ្ធជនកម្ពុជាទាំង ១៨រូប ដែលត្រូវបានចាប់ខ្លួន បន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់បានចូលជាធរមាន ដើម្បីបង្ហាញពីបំណង និងឆន្ទៈល្អ ក្នុងការលើកកម្ពស់ការទុកចិត្តគ្នាទៅវិញទៅមក និងការកសាងជំនឿទុកចិត្ត ដើម្បីសន្តិភាព និងស្ថិរភាពស្របតាមច្បាប់មនុស្សធម៌ និងច្បាប់អន្តរជាតិ ព្រមទាំងផ្តល់តម្លៃដល់ទស្សនៈវិស័យនៃការកសាងសហគមន៍អាស៊ាន ដែលត្រូវបានកសាងឡើងស្របតាមស្មារតីនៃសមភាព និងសន្តិសហវិជ្ជមាន។
សន្និសីទប្រធានសភានៃអន្តរសភា (ISC) នឹងបន្តតាមដានការវិវត្តន៍ថ្មីៗនៃជម្លោះព្រំដែនកម្ពុជា-ថៃ ដោយយកចិត្តទុកដាក់ ហើយប្តេជ្ញាធ្វើការជាមួយសហគមន៍អន្តរជាតិ ដើម្បីដោះស្រាយការប្រឈមរួម និងលើកកម្ពស់គោលការណ៍នៃការពឹងពាក់គ្នាទៅវិញទៅមក វិបុលភាពរួម និងគុណតម្លៃរួមជាសកល ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍ។
សេចក្តីថ្លែងការណ៍នេះធ្វើឡើងក្នុងអំឡុងសន្និសីទប្រធានសភានៃអន្តរសភា ដែលបានប្រព្រឹត្តទៅនៅទីក្រុងអ៊ីស្លាមម៉ាបាដ សាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន កាលពីថ្ងៃទី១១ និង១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម Syed Yousaf Raza Gilani ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន និងជាប្រធានស្ថាបនិកសន្និសីទប្រធានសភានៃអន្តរសភា ឯកឧត្តម Muhammad Shehbaz Sharif នាយករដ្ឋមន្ត្រីប៉ាគីស្ថាន ឯកឧត្តម លោកជំទាវជាប្រធានសភា អនុប្រធានសភា និងសមាជិកសភាមកពីជាង ៤៥ប្រទេស។
សន្និសីទបានពិភាក្សាអំពីបញ្ហាសន្តិភាព និងសន្តិសុខរបស់ពិភពលោកដែលកំពុងរងការគំរាមកំហែងពីសង្គ្រាម នៅតំបន់នានារបស់ពិភពលោក គ្រោះមហន្តរាយធម្មជាតិជាដើម ដែលបានបង្អាក់ដល់ការអភិវឌ្ឍរបស់បណ្តាប្រទេសនានា និងសកលលោកទាំងមូល។
នាឱកាសនោះ ឯកឧត្តម សួស យ៉ារ៉ា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានជម្រាបជូនអង្គសន្និសីទថា៖ សន្តិភាពជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតសម្រាប់កម្ពុជា ពីព្រោះកម្ពុជាបានឆ្លងកាត់នូវសង្គ្រាមស៊ីវិលដ៏ប្រល័យអស់ពេលជិត ៣០ឆ្នាំ មុននឹងសម្រេចបានសន្តិភាពពេញលេញ នៅចុងទសវត្សរ៍ទី៩០ ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលនេះបានបង្ហាញពីឥទ្ធិពលនៃការសន្ទនា ការផ្សះផ្សារ និងពហុភាគីនិយម។ លើសពីនេះ កម្ពុជាបានដើរតួយ៉ាងសកម្ម ក្នុងការចូលរួមចំណែកថែរក្សាសន្តិភាពរបស់សកលលោកក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។ ជាពិសេស កម្ពុជាបន្តអនុវត្តយ៉ាងម៉ត់ចត់នូវគោលការណ៍ដែលឯកភាពគ្នា នៅក្នុងសេចក្តីប្រកាសរួមសន្តិភាព នៅទីក្រុងគូឡាឡាំពួរ៕


-
ព័ត៌មាន3 days agoសមាគមគីមីកម្ពុជា ត្រៀមបង្កើតក្លឹបគីមីនៅតាមវិទ្យាល័យនានា ដើម្បីជួយបង្រៀនសិស្សបន្ថែម
-
ព័ត៌មាន3 days agoកងពលតូចដឹកជញ្ជូនលេខ៩៩បន្តបើកវគ្គហ្វឹកហ្វឺនបើករថយន្តធុនធ្ងន់លើជំនាញផ្លូវឆ្ងាយ និងតំបន់ព្រៃភ្នំដល់នាយទាហានជំនាន់ទី១០
-
ព័ត៌មាន5 days ago សម្ដេចតេជោ ហ៊ុន សែន រម្លឹក បកស្រាយប្រវត្តិ និងអ្នកនិពន្ធពិត នៃចម្រៀង “ឱ! ភ្នំពេញអើយ”
-
ព័ត៌មាន5 days agoថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលទស្សនាស្វែងយល់ពីសមុច្ច័យក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង
-
ព័ត៌មាន1 week agoនគរបាលរាជធានី នឹងចាប់ផ្តើមចុះរឹតបន្តឹងច្បាប់ចរាចរណ៍តាមរយៈការអប់រំ ដោយមិនផាកពិន័យ នៅថ្ងៃទី០១ ធ្នូខាងមុខ
-
ព័ត៌មាន5 days agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ «ការលើកស្ទួយធុរកិច្ចស្រ្តីនឹងជំរុញឱ្យសេដ្ឋកិច្ចជាតិកើនឡើង»
-
ព័ត៌មាន5 days agoរដ្ឋបាលខេត្តកំពង់ឆ្នាំង ស្នើអង្គភាពនានាចូលរួមទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ
-
ព័ត៌មាន5 days agoមន្ទីរកសិកម្ម បន្តនាំយកស៊ុតទា និងបន្លែ ផ្ដល់ជូនវីរកងទ័ពប្រចាំការនៅគោលដៅទិសខេត្តឧត្តរមានជ័យ