ព័ត៌មាន
សហជីពនៅកម្ពុជា៖ ក្រសួងការងារសកម្មក្នុងការរកការងារជូនពលករខ្មែរដែលទើបត្រឡប់មកពីថៃ និងអំពាវនាវពលករមិនទាន់មានការងារចូលរួមពិព័រណ៍ការងារស្អែកនេះ
ក្រុមសហជីពធំៗនៅកម្ពុជា បានកោតសរសើរនូវភាពសកម្ម និងវិធានការច្បាស់លាស់របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល ក្នុងការរកការងារជូនដល់បងប្អូនពលករខ្មែរដែលបានត្រឡប់មកពីថៃ និងអំពាវនាវដល់បងប្អូនអតីតពលករទាំងអស់ដែលមិនទាន់មានការងារធ្វើ សូមចូលរួមពិព័រណ៍ការងាររបស់ក្រសួងការងារដែលបន្តរៀបចំជាបន្តបន្ទាប់។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា ប្រាប់នៅថ្ងៃទី១២ ខែវិច្ឆិកានេះថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានយកចិត្តទុកដាក់ជាខ្លាំងក្នុងការសម្របសម្រួល ចំពោះការធ្វើដំណើរវិលត្រឡប់របស់បងប្អូនពលករមកពីថៃ ធ្វើយ៉ាងណាឱ្យពួកគាត់ទទួលបានសុវត្ថិភាព ទាំងនៅតាមច្រកព្រំដែន ក៏ដូចជាការធ្វើដំណើរទៅកាន់ស្រុកកំណើត។ បន្ទាប់មកក្រសួងការងារ ក៏បានដាក់ចេញនូវវិធានការជាច្រើន ដើម្បីផ្ដល់ឱកាសការងារជូនពួកគាត់ ហើយគិតត្រឹមចុងខែតុលា ពលករខ្មែរត្រឡប់មកពីថៃជាង ៣៤ម៉ឺននាក់ហើយ បានទទួលការងារធ្វើ ដែលជាចំនួនដ៏ច្រើនសន្ធឹកសន្ធាប់។

លោក សំ សឿន បានថ្លែងថា «ក្នុងនាមសហជីព ក៏សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ថ្លែងអំណរគុណដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះប្រជាពលរដ្ឋ និងកម្មករ-និយោជិត ក៏ដូចជាពលករត្រឡប់មកពីប្រទេសថៃ ជាពិសេសការទទួលបាននូវឱកាសការងារថ្មីៗ ជាង៣៤ម៉ឺននាក់»។

ចំណែកលោក គង់ អាទិត្យ ប្រធានសហភាពការងារកម្ពុជា មើលឃើញថា ក្រសួងការងារ បានដាក់ចេញនូវវិធានការជាច្រើន ដើម្បីជួយសម្របសម្រួលដល់បងប្អូនពលករខ្មែរត្រឡប់មកពីថៃវិញ ដោយទទួលបានប្រសិទ្ធភាពល្អប្រសើរ។ លោកថា «យើងឃើញថា ការជួយរកការងារឱ្យក្នុងរយៈពេលខ្លីបាន៣៤ម៉ឺននាក់ហ្នឹង គឺជាលទ្ធផលជាក់ស្ដែងលើសពីការរំពឹងទុក ព្រោះយើងដឹងហើយថា ភ្លាមៗវាមិនជារឿងដែលស្រួលក្នុងការទៅរកការងារជូនមនុស្ស៣០ម៉ឺននាក់ជាងនោះទេ ចឹងខាងសហជីពយើងយល់ឃើញថា នេះជាលទ្ធផលល្អ»។

រីឯលោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ បានកត់សម្គាល់ឃើញថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការសម្របសម្រួលដល់បងប្អូនពលករដែលត្រឡប់មកពីប្រទេសថៃ។
លោក អ៊ុន ដារ៉ា បានបន្ថែមថា ក្រសួងការងារ បានបែងចែកវិធានការតាមជំហាននីមួយៗ និងផែនការច្បាស់លាស់ ក្នុងជួយស្វែងរកការងារឱ្យបងប្អូនពលករធ្វើ។ លោកថា «យើងមើលឃើញថា រដ្ឋមន្ត្រីក្រសួងការងារ ពិតជាបានរៀបចំផែនការយ៉ាងច្បាស់លាស់ ហើយដែលអាចធ្វើឱ្យបងប្អូនយើងដែលមកពីប្រទេសថៃវិញ ទទួលបានការងារល្អ ហើយកិច្ចការដែលធ្វើទៅមានប្រសិទ្ធភាពខ្ពស់»។

សម្រាប់លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា ក៏បានកត់សម្គាល់ឃើញថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលមានឯកឧត្ដម ហេង សួរ ជារដ្ឋមន្ត្រី បានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីជួយសម្រួលដល់បងប្អូនពលករត្រឡប់មកពីថៃ ចាប់តាំងពីមកដល់ព្រំដែនរហូតដល់ពួកគាត់មានការងារធ្វើ។
លោក ហង្ស រ៉ាវី បានបន្ថែមថា «ឯកឧត្ដមរដ្ឋមន្ត្រី គាត់មានទស្សនវិស័យវែងឆ្ងាយ ក៏ដូចជាសកម្មភាពការងារសកម្ម អញ្ចឹងគ្រាន់តែបងប្អូនពលករយើងមកភ្លាម មកដល់ពេលនេះគ្រាន់តែទទួលបានការងារធ្វើជាង៣៤ម៉ឺននាក់ ហើយខ្ញុំគិតថា ខ្លាំងមែនទែនការដឹកនាំរបស់ឯកឧត្ដម ហេង សួរ ដែលជាសេនាធិការរបស់សម្ដេចធិបតី»។
គួរឱ្យដឹងថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ចេញនូវវិធានការជាច្រើន ដើម្បីឱ្យបងប្អូនពលករខ្មែរត្រឡប់មកពីថៃ ទទួលបានការងារធ្វើក្នុងស្រុក។ តាមរយៈវិធានការទាំងនោះ ទើបរយៈពេល៣ខែមកនេះ បងប្អូនពលករត្រឡប់មកពីថៃជាង៣៤ម៉ឺននាក់ បានទទួលការងារធ្វើ ដោយក្នុងនោះប្រមាណ២៧ម៉ឺននាក់ បានចូលធ្វើការនៅក្នុងក្រមហ៊ុន សហគ្រាស និងរោងចក្រផ្លូវការ ហើយប្រមាណ ៧ម៉ឺននាក់ផ្សេងទៀត បានទទួលការងារនៅតាមសហគ្រាសខ្នាតតូច និងមធ្យម សិប្បកម្ម ភោជនីយដ្ឋាន និងនៅតាមការដ្ឋានសំណង់ ជាដើម៕





-
PR NEWS3 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នកខេត្តស្វាយរៀង ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន4 days agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
-
កីឡា7 days agoក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីថ្ងៃនេះ
-
ព័ត៌មាន1 week agoសម្តេចធិបតី៖ រាជរដ្ឋាភិបាលបានគិតគូយ៉ាងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ដោយបានដាក់ចេញនូវវិធានការចាំបាច់ចំនួន ៣ ក្នុងការដោះស្រាយសម្រាប់បងប្អូនជនភៀសសឹក
-
ព័ត៌មាន1 week agoពិធីបុណ្យមាឃបូជានៅវត្តបន្ទាយដែកឆ្នាំនេះ មានពុទ្ធបរិស័ទ និងសិស្សានុសិស្ស ចូលរួមកុះករជាងឆ្នាំមុន
-
ព័ត៌មាន5 days agoមន្រី្តជាន់ខ្ពស់សុខាភិបាល លើកទឹកចិត្តដល់អ្នកជំនាញ សូមបន្តរួមគ្នាអភិវឌ្ឍន៍បច្ចេកទេសព្យាបាលថ្មីៗ
-
កីឡា5 days agoMan City ឈ្នះ Newcastle ឡើងជួប Arsenal វគ្គផ្តាច់ព្រ័ត្រ EFL Cup នៅ Wembley