ព័ត៌មាន
ពិព័រណ៍កសិកម្មចូលរួមទចូលរួមទាក់ទាញវិនិយោគិនមកធ្វើពាណិជ្ជកម្មវិស័យកសិកម្មនៅកម្ពុជា
ខណៈដែលវេទិកានិងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) បានកំពុងដំណើរការ មន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា មិនមែនត្រឹមតែជា CAFE25 នោះទេ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីធ្វើឱ្យកម្ពុជាក្លាយជាទិសដៅដ៏ទាក់ទាញក្នុងតំបន់សម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគក្នុងវិស័យកសិស្បៀងអាហារផងដែរ។
ឯកត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ CAFE25 ក្រៅពីជាថ្នាលដ៏សំខាន់សម្រាប់កសិករ អ្នកកែច្នៃ ពាណិជ្ជករ អ្នកវិនិយោគ និងអ្នកតាក់តែងគោលនយោបាយ ក្នុងការចែករំលែកគំនិត បង្កើតភាពជាដៃគូ និងស្វែងរកឱកាសថ្មីៗសម្រាប់ការកសាងភាពជាដៃគូយូរអង្វែងនេះ។ លក្ខណៈពិសេសរបស់ព្រឹត្តិការណ៍ ក៏មិនបញ្ចប់ត្រឹមតែព្រឹត្តិការណ៍ប៉ុន្នោះទេ ប៉ុន្តែមានសកម្មភាពបន្តជាច្រើនទៀត ដើម្បីអនុញ្ញាតឱ្យភាគីពាក់ព័ន្ធបន្តទំនាក់ទំនង ចូលរួមសកម្មភាព និងសហការជាមួយគ្នា ដើម្បីស្វែងរក និងអនុវត្តចក្ខុវិស័យរួមសម្រាប់វិស័យកសិស្បៀងអាហារនៅកម្ពុជា។
ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងបន្តថា កម្ពុជាសម្រេចបានការនាំចេញផលិតផលកសិកម្មរាប់លានតោនជារៀងរាល់ឆ្នាំទៅកាន់ទីផ្សារពិភពលោក ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពប្រជាកសិករនៅទូទាំងប្រទេស ទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ និងចូលរួមធានាសន្តិសុខស្បៀងពិភពលោកថែមទៀតផង។ ឯកឧត្តមគូសបញ្ជាក់ទៀតថា គិតក្នុងរយៈពេល៩ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញផលិតផលកសិកម្មជាង ១១លានតោន ដែលកើនឡើងប្រមាណ ៣០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ និងដែលបញ្ជាក់ពីគុណភាព និងភាពទាក់ទាញនៃផលិតផលកសិកម្មកម្ពុជា។
លោកស្រី Rebekah Bell តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) បានលើកឡើងថា ព្រឹត្តិការណ៍ CAFE25 ពិតជាបង្ហាញពីស្មារតីនៃកិច្ចសហការ ដោយនាំទាំងរដ្ឋាភិបាល វិស័យឯកជន ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងសហគមន៍មកជួបជុំគ្នា ដើម្បីភ្ជាប់ទំនាក់ទំនង ផ្លាស់ប្តូរគំនិត និងនាំយកឱកាសថ្មីៗ សម្រាប់អនាគតកសិ-ម្ហូបអាហារ របស់ប្រទេសកម្ពុជា។
លោកស្រី ឃន សុខចាន់ ម្ចាស់សិប្បកម្មខាងផ្នែកែច្នៃគ្រឿងផ្សំធម្មជាតិទៅជាផលិតផលសុខភាព ដែលបានចូលរួមតាំងបង្ហាញលក់ផលិតផល ក៏ដូចជាស្វែងរកដៃគូពាណិជ្ជកម្មបន្ថែម នៅក្នុងពិព័រណ៍កសិកម្មនេះ បានសម្តែងការអរគុណដល់រាជរដ្ឋាភិបាល ដែលតែងតែបំផុសគំនិតថ្មីៗហើយល្អៗដល់ប្រជាពលរដ្ឋ ក៏ដូចជាវិស័យឯកជន តាមរយៈការជួយជាគំនិត បច្ចេកទេស ហិរញ្ញវត្ថុ និងការស្វែងរកទីផ្សារជាដើម ដែលជួយលើកកម្ពស់ជីវភាពរបស់ប្រជាកសិករ ទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។ បន្ថែមពីនេះទៀត គឺបានបង្កើតឱកាសការងារយ៉ាងសម្បូរបែបជូនដល់ពលរដ្ឋក្នុងស្រុកដែរ។
សូមបញ្ជាក់ថា វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ មានស្ដង់ប្រមាណជាង៤០០ បានដាក់តាំងបង្ហាញផលិតផលកសិកម្ម គ្រឿងចក្រកសិកម្មទំនើបៗ បច្ចេកវិទ្យាដ្រូនកសិកម្ម បច្ចេកវិទ្យាកែច្នៃ ធាតុចូលកសិកម្ម និងសេវាកម្មផ្សេងៗជាច្រើនថែមទៀត៕ អត្ថបទ៖ ឈិត បូរ៉ាវី










-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព