ព័ត៌មាន
ក្រសួងអប់រំប្រជុំពិភាក្សាអំពីលទ្ធផលការប្រឡងបាក់ឌុប និងការវាយតម្លៃសាលារៀនគំរូសម្រាប់សន្និបាតអប់រំ ២០២៦
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី លទ្ធផលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការវាយតម្លៃសាលារៀនគំរូសម្រាប់សន្និបាតអប់រំ២០២៦ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។
ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារពាក់ព័ន្ធនឹងការអនុវត្តសាលារៀនគំរូ និងការរៀបចំប្រព័ន្ធអប់រំកន្លងមក។ គោលបំណងចម្បងនៃការវាយតម្លៃសាលារៀនគំរូ គឺដើម្បីស្វែងរកផ្លូវដែលត្រឹមត្រូវមួយ ក្នុងការជំរុញ និងលើកទឹកចិត្តឱ្យមានការប្រកួតប្រជែងគ្នាប្រកបដោយគុណភាពទាំងសាលាក្នុងនិងក្រៅគម្រោង។ សម្រាប់កិច្ចការដ៏មានសារៈសំខាន់នេះ ត្រូវតែកំណត់គោលការណ៍វាយតម្លៃច្បាស់លាស់ផ្អែកលើសូចនាករដែលមិនអាចប្រកែកបានដើម្បីធានាបាននូវតម្លាភាព និងភាពត្រឹមត្រូវ។ ក្នុងនោះ លទ្ធផលសិក្សារបស់សិស្ស ត្រូវបានចាត់ទុកជាអាទិភាពស្នូល ដែលត្រូវវាស់ស្ទង់តាមកម្រិតសិក្សានីមួយៗ៖ កុមារតូច ត្រូវចុះពិនិត្យផ្ទាល់លើបរិស្ថាន និងវិធីសាស្ត្របង្រៀនថ្មីៗរបស់លោកគ្រូ អ្នកគ្រូ។ សម្រាប់បឋមសិក្សា មានការវាយតម្លៃផ្អែកលើស្តង់ដាប្រឡងដូចជា SEA-PLM និង PISA និងការអនុវត្តអំណានដំបូង និងគណិតវិទ្យាដំបូង។ រីឯមធ្យមសិក្សា ត្រូវវាយតម្លៃលើលទ្ធផលសិក្សានៃសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលឆ្លុះបញ្ចាំងពីសមត្ថភាពសិស្សមុនចូលឧត្តមសិក្សា។ គោលការណ៍ទាំងអស់នេះ គឺដើម្បីធានាភាពត្រឹមត្រូវ និងគុណភាពអប់រំនៅកម្ពុជា។
គួរបញ្ជាក់ថា ឆ្នាំនេះជាលើកទី៣នៃការវាយតម្លៃសាលារៀនគំរូ ដោយការវាយតម្លៃលើកទី១ ក្នុងពេលសន្និបាតអប់រំឆ្នាំ២០២៤ មានសាលារៀនគំរូសរុប ១២០ (សាលាមត្តេយ្យសិក្សា ១០, សាលាបឋមសិក្សា ៤០, អនុវិទ្យាល័យ ១៥ និងវិទ្យាល័យ ៥៥) និងការវាយតម្លៃលើកទី២ ក្នុងពេលសន្និបាតអប់រំឆ្នាំ២០២៥ មាន សាលារៀនគំរូសរុប ១៤៤ (សាលាមត្តេយ្យសិក្សា ២៤, សាលាបឋមសិក្សា ៥០, អនុវិទ្យាល័យ ៥,វិទ្យាល័យ ៦០ និងសាលាគរុកោសល្យគំរូ ៥)។ បច្ចុប្បន្ន មានសាលារៀនគំរូ ២៦៤ (សាលាមត្តេយ្យ សិក្សា ៣៤, សាលាបឋមសិក្សា ៩០, អនុវិទ្យាល័យ ២០, វិទ្យាល័យ ១១៥និងសាលាគរុកោសល្យគំរូ ៥)។ សម្រាប់ឆ្នាំ ២០២៦ខាងមុខនេះ ក្រសួងគ្រោងវាយតម្លៃសាលារៀនគំរូ ប្រមាណ ១៥០សាលារៀន។
សម្រាប់ការលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារបន្តពិនិត្យមើលលទ្ធផលនេះដោយយកចិត្តទុកដាក់ ដើម្បីកំណត់ពីចំណុចខ្លាំង ចំណុចខ្សោយ និងតំបន់ដែលត្រូវកែលម្អបន្ថែម។ គោលការណ៍នៃការវាយតម្លៃទាំងអស់នេះ គឺដើម្បីធានាបានថា យើងកំពុងដើរលើគន្លងដែលត្រឹមត្រូវ ក្នុងការកសាងធនធានមនុស្សដែលមានគុណភាព សម្រាប់សង្គមជាតិ ឆ្លើយតបនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល៕








-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន5 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន6 days agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន4 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ