ព័ត៌មាន
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ និងជាហត្ថលេខីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ អមដោយវត្តមានចូលរួមលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងជាប្រធានសមាគមសិល្ប:ករខ្មែរ នៅអគារវីងថៅវើ ដើម្បីបង្កើតភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលផ្ដោតលើការពង្រឹងការអភិវឌ្ឍកម្លាំងពលកម្មនៅកម្ពុជា លើកកម្ពស់ឱកាសការងារ លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល និងជំរុញកិច្ចសហការយ៉ាងមានប្រសិទ្ធភាពរវាងភាគីទាំងពីរ។
ថ្លែងក្នុងពិធីនេះ អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងពីកត្តាសុខសន្តិភាព បានផ្ដល់ឱកាសឱ្យក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប មានលទ្ធភាពក្នុងការអភិវឌ្ឍរីកចម្រើនទាំងការកសាងធនធានមនុស្ស ដែលជាកត្តាសំខាន់មិនអាចខ្វះបាន ដើម្បីធានាបានថា កម្លាំងពលកម្មអាចឆ្លើយតបទៅនឹងបម្រែបម្រួលយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ដែលរហូតមកបច្ចុប្បន្នក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប មានបុត្រសម្ព័ន្ធលើវិស័យជាច្រើនចំនួន២២ ក្រុមហ៊ុន។ អ្នកឧកញ៉ា ក៏បានបង្ហាញពីក្តីរីករាយដោយបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ជាពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន រួមទាំងសកម្មភាពជួយការងារសង្គម និងការងារមនុស្សធម៌ជាច្រើន ដើម្បីជួយដល់កម្មករនិយោជិត និងប្រជាជនកម្ពុជា។
នាក្នុងឱកាសនោះដែរ ឯកឧត្តម ហេង សួរ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការវិវត្តរីកចម្រើនឥតឈប់ឈររបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា ដែលជាក្រុមហ៊ុនវិនិយោគជនជាតិខ្មែរដ៏ធំជាងគេមួយចាប់ផ្តើមដំបូងនៅកម្ពុជា រហូតបង្កើតបានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើន និងបានផ្តល់ឱកាសការងារជាច្រើនជូនដល់ប្រជាពលរដ្ឋកម្ពុជា និងបានចូលរួមទាក់ទាញវិនិយោគទុនថ្មីៗជាច្រើនមកកម្ពុជាជាបន្តបន្ទាប់ ហើយក៏មានការនាំមកនូវបច្ចេកវិទ្យាថ្មីៗសម្រាប់ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានសង្កត់ធ្ងន់លើសារ:សំខាន់ ការរក្សាបាននូវសន្តិភាព គឺជាការរក្សាបាននូវក្តីសង្ឈឹម និងការអភិវឌ្ឍ។ កន្លងមកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានសហការជាមួយក្រសួងការងារជាបន្តបន្ទាប់ ក្នុងការជួយសម្រួលក្នុងការផ្តល់សេវាសាធារណៈរបស់ក្រសួង ការផ្សព្វផ្សាយ និងផ្តល់ឱកាសការងារជាដើម។ ការចុះអនុស្សរណៈនៃការយោគយល់គ្នានាពេលនេះ គឺជាការលើកកម្ពស់ភាពជាដៃគូរវាងស្ថាប័នទាំងពីរឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងចូលរួមចំណែកកាន់តែទូលំទូលាយក្នុងការពង្រឹងការអភិវឌ្ឍជំនាញសម្រាប់ប្រជាជនកម្ពុជា ដែលឆ្លើយតបទៅនឹងទស្សនវិស័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលកំណត់យកការអភិវឌ្ឍធនធានមនុស្សជាអាទិភាពចំបង។
ទាំងឯកឧត្តមរដ្ឋមន្រ្តី និងអ្នកឧកញ៉ា សុទ្ធតែមានទស្សនរួមគ្នាថា បើចង់ឱ្យគ្រួសារមួយ ក្រុមហ៊ុន ឬស្ថាប័នមួយរីកចម្រើនទៅបាន ត្រូវការចាំបាច់នូវធនធានមនុស្សប្រកបដោយជំនាញវិជ្ជាជីវ: វិវត្តន៍តាមទាន់ការរីកចម្រើននៃបច្ចេកវិទ្យា មិនអាចពឹងផ្អែកលើចំណេះដឹង និងជំនាញដែលខ្លួនមានពីមុនទេ ត្រូវអភិវឌ្ឍខ្លួនជាប្រចាំដើម្បីបង្កើនជំនាញ (upskilling) និងផ្លាស់ប្តូរជំនាញ(Reskilling)។
ជាចុងក្រោយ ឯកឧត្តមរដមន្រ្តី បានថ្លែងអំណរគុណដល់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែលបានចាប់យកក្រសួងជាដៃគូសហការ ដោយបញ្ជាក់ថា ការចុះអនុស្សរណៈនាពេលនេះ មិនមែនដើម្បីប្រយោជន៍ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប តែឯង ឬក៏មិនមែនដើម្បីប្រយោជន៍របស់ក្រសួងទេ ប៉ុន្តែដើម្បីបង្កើនភាពជាដៃគូយ៉ាងជិតស្និទ្ធថែមទៀត ក្នុងការរួមគ្នាផ្តល់ជាប្រយោជន៍សម្រាប់បងប្អូនកម្មករនិយោជិត យុវជន សិស្ស និស្សិត និងប្រជាពលរដ្ឋកម្ពុជា ក្នុងស្មារតីខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយរកការងារឱ្យខ្មែរ៕










-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព