Connect with us

ព័ត៌មាន

គណៈកម្មាធិការសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្សព្វផ្សាយ​ការចុះឈ្មោះអ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នៅ​ខេត្ត​តាកែវ

គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ បើក​យុទ្ធ​នាការ​ផ្សព្វ​ផ្សាយ​ចុះ​ឈ្មោះ​តាម​ថ្នាលឌីជីថលអ្នក សេដ្ឋកិច្ចក្រៅប្រព័ន្ធនៅខេត្តតាកែវ ដើម្បីលើកកម្ពស់ការគាំពារ និង​ការ​ពង្រឹងសមត្ថភាព ផលិតភាព និងភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងពន្លឿន​សេដ្ឋ​កិច្ច​ទៅ​ក្នុង​សេដ្ឋ​កិច្ច​ប្រព័ន្ធ។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង​ជា​ប្រធាន​គណៈកម្មាធិការ សម្របសម្រួលការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ (គ.ស.អ.ស.ក) នៅថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ អញ្ជើញចូលរួមជាអធិបតី នៃកម្មវិធី​យុទ្ធនាការ​ផ្សព្វផ្សាយ​ការ​ចុះ​ឈ្មោះ​តាម​ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅខេត្តតាកែវ យុទ្ធនាការនេះមាន គោល​បំណងផ្សព្វផ្សាយ និងជំរុញការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាផ្នែក​មួយ​នៃ​យុទ្ធ​សាស្ត្រ​របស់​រាជរដ្ឋាភិបាលកម្ពុជា ក្នុង ការថែបំប៉នអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យរីកធំធាត់ និងអាច​ឈាន​ទៅ​ក្នុងប្រព័ន្ធ។ ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធជាកិច្ចការអាទិភាព និង ចាំបាច់ ដើម្បីជំរុញ​ការ​ចូល​រួមរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងការបង្កើត​តម្លៃ​បន្ថែ​ម​ក្នុង​សកម្ម​ភាព​សេដ្ឋកិច្ចជាតិ ព្រមទាំងចូលរួមដោយផ្ទាល់ក្នុងការកាត់បន្ថយអត្រាភាពក្រីក្រ និងវិសម​ភាព​សង្គម​។

ជុំវិញយុទ្ធនានេះ គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ បាន​និង​កំពុង​ជំរុញប​ន្ត​ផ្សព្វផ្សាយនៅតាម បណ្តាខេត្តនានា ជាក់ស្តែងនៅក្នុងខេត្តតាកែវនាពេលនេះ ធ្វើយ៉ាង​ណា​ឱ្យ​អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានយល់ដឹងបន្ថែមអំពីអត្ថប្រយោ- ជន៍នៃ​ការ​ចុះ​ឈ្មោះអ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដើម្បីលើកកម្ពស់អំពីគុណតម្លៃ ការពង្រឹងសមត្ថភាព ផលិតភាព និងភាព​ធន់ នៃសេដ្ឋកិច្ច ក្រៅប្រព័ន្ធ ភាពប៉ាន់ប្រមាណបាន និងភាពរីកចម្រើនទៅមុខនៃការធ្វើធុរកិច្ច ពាណិជ្ជ​កម្ម វិនិយោគ និងការប្រកបអាជីវកម្ម មុខរបរ និងការងារចិញ្ចឹមជីវិតនៅកម្ពុជា។ សេដ្ឋកិច្ច​ក្រៅប្រព័ន្ធដើរតួនាទីសំខាន់ណាស់ ទាំងក្នុងប្រទេសកំពុងអភិវឌ្ឍ និងអភិវឌ្ឍ ក្នុង​នោះ​ការ​ប្រកបមុខរបរ និងការធ្វើការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាប្រភព​ចំណូល​ដ៏​សំខាន់​របស់​ប្រជាជន ដោយការចាប់ផ្តើមសកម្មភាព អាជីវកម្ម និងមុខរបរ និងការងារ​នៅ​ក្នុង​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​នេះ​ឯង។

សូមបញ្ជាក់ថា នៅឆ្នាំ២០២៣ កន្លងមកនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តជាតិ ស្តីពី​ការអភិវឌ្ឍក្រៅប្រព័ន្ធឆ្នំា២០២៣- ២០២៨ ដែលការដាក់ចេញនូវយុទ្ធសាស្រ្តនេះ គឺជា​ការ​សម្រេច​ចិត្តដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងជាប្រទីបបង្ហាញផ្លូវដ៏សំខាន់ ត្រួសត្រាយ​ផ្លូវ​នៅ​តាម​គន្លងមួយ ដែលពោរពេញទៅដោយភាពស្មុគស្មាញ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ការ​អភិវឌ្ឍ សេដ្ឋកិច្ច ក្រៅប្រព័ន្ធនេះ ក៏នឹងក្លាយជាកាតាលីករជួយជំរុញ និងលើក​ទឹក​ចិត្ត​ឱ្យ​បង្កើន​កិច្ច​សហប្រតិបត្តិការរវាងក្រសួងស្ថាប័នរាជរដ្ឋាភិបាល វិស័យឯកជន អង្គការជាតិនិងអន្តរជាតិ និង​សមាគមនានា ដែលបាននិងកំពុងខិតខំលើកស្ទួយសេដ្ឋកិច្ចក្រៅប្រព័ន្ធដោយផ្ទាល់ ឬ ដោយ​ប្រយោ​ល​តាមសមត្ថកិច្ចរៀងៗខ្លួន និងដាច់ដោយឡែកពីគ្នា៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia