ព័ត៌មាន
ឥណ្ឌូនេស៊ី បើកផ្សាររាត្រីនៅកម្ពុជាដើម្បីជំរុញវិស័យទេសចរណ៍ និងពាណិជ្ជកម្មប្រទេសទាំងពីរ
សាធារណរដ្ឋឥណ្ឌូណេស៊ី តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅប្រទេសកម្ពុជា បានប្រកាសបើកដំណើរការ “ផ្សាររាត្រីឥណ្ឌូណេស៊ី” ស្ថិតនៅបរិវេណផ្លូវដើរចតុមុខទីក្រុងភ្នំពេញ ក្នុងគោលបំណងដើម្បីជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌ និងពាណិជ្ជកម្ម ពិសេសគាំទ្រដល់គំនិតផ្តួចផ្តើមទេសចរណ៍ និងពាណិជ្ជកម្មកាន់តែទូលំទូលាយបន្ថែមទៀតរវាងប្រទេសទាំងពីរ។
នៅក្រោយពិធីបើកជាផ្លូវការ “ផ្សាររាត្រីឥណ្ឌូណេស៊ី” នៅយប់ថ្ងៃទី១៥ និង១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមការអញ្ជើញចូលរួមរបស់ ឯកឧត្តម កាតូ ម៉ូហាម៉ាដ ណូសរី រដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា, លោក អ៊ីមរ៉ាន ហាសាន់ អភិបាលរងរាជធានីភ្នំពេញ និងភ្ញៀវកិត្តិយសជាច្រើនរូបផ្សេងទៀត ឯកឧត្តម សាន់តូ ដាម៉ូស៊ូម៉ាតូ ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំនៅកម្ពុជា បានមានប្រសាសន៍ប្រាប់បណ្តាញអ្នកសារព័ត៌មានកម្ពុជា ឱ្យដឹងថា ព្រឹត្តិការណ៍នេះជារាត្រីនៃការអបអរសាទរមិត្តភាព ដោយសង្កត់ធ្ងន់លើបរិយាកាសកក់ក្តៅ និងរស់រវើកនៃផ្សាររាត្រីឥណ្ឌូនេស៊ី។ ឯកឧត្តម បានអញ្ជើញអ្នកទស្សនា ឱ្យរីករាយនឹងទីកន្លែងនេះ ដែលជាកន្លែងជួបជុំ ចែករំលែករឿងរ៉ាវ និងពង្រឹងចំណងសហគមន៍។
ឯកឧត្តម ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី សង្ឃឹមថា ព្រឹត្តិការណ៍នេះនឹងធ្វើឱ្យចំណងមិត្តភាព មិនត្រឹមតែរវាងជនជាតិឥណ្ឌូណេស៊ី និងជនជាតិកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមួយសហគមន៍អន្តរជាតិដ៏ទូលំទូលាយ ក្នុងរាជធានីភ្នំពេញផងដែរ។
សូមបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ “ផ្សាររាត្រីឥណ្ឌូណេស៊ី” នេះ ភ្ញៀវកិត្តិយសត្រូវបានស្វាគមន៍ដោយរបាំ និងតន្ត្រីប្រពៃណីឥណ្ឌូណេស៊ីដោយនិស្សិតនៃមជ្ឈមណ្ឌលវប្បធម៌ឥណ្ឌូណេស៊ីនៅភ្នំពេញ ការសម្តែងរបាំឌាំងឌុតដ៏ស្វាហាប់ និងការសម្តែងពិសេសបែបឥណ្ឌូណេស៊ី-ខ្មែរ។ ការលេងល្បែងអន្តរកម្ម ក៏ផ្តល់ឱកាសឱ្យភ្ញៀវទេសចរឈ្នះរង្វាន់ដែលមានផលិតផលឥណ្ឌូណេស៊ីផងដែរ។ ជាផ្នែកមួយនៃការទូតវប្បធម៌របស់ឥណ្ឌូណេស៊ី ផ្សាររាត្រីឥណ្ឌូណេស៊ី បម្រើជាវេទិកាមួយ ដើម្បីលើកកម្ពស់ការយោគយល់គ្នាទៅវិញទៅមក និងអបអរសាទរតម្លៃរួមរវាងឥណ្ឌូណេស៊ី និងកម្ពុជា៕ អត្ថបទ៖ ឈិត បូរ៉ាវី









-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព