ព័ត៌មាន
អ្នកឧកញ៉ា លាង ម៉េង ចុះប្រមូលទិញស្រូវពីគ្រួសារកងទ័ពជួរមុខនៅខេត្តព្រះវិហារ និងបានប្រកាសបន្ដទិញជារៀងរាល់ឆ្នាំ ក្នុងបរិមាណ៥ពាន់តោនពីកសិករ!
កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក ជីបម៉ុង គ្រុប និងជាប្រធានក្រុមអគ្គនាយកនៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានដឹកនាំក្រុមការងារ ចុះមកដល់ភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដេីម្បីផ្សព្វផ្សាយ និងប្រមូលទិញផលស្រូវពីបងប្អូនប្រជាកសិករ គ្រួសារវីរៈកងទ័ពជួរមុខ ដែលកំពុងតែប្រឈមនឹងបញ្ហាតម្លៃស្រូវធ្លាក់ចុះនៅក្នុងរដូវប្រមូលផលនេះ។
ដោយបានមើលឃើញពីទុក្ខលំបាករបស់កសិករ ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស បានសម្រេចចិត្តចូលរួមចំណែកទិញស្រូវពីគ្រួសារកងទ័ពទាំងនោះ ក្នុងតម្លៃខ្ពស់ជាងទីផ្សារ ពោលគឺ ១,០០០ រៀល ក្នុងមួយគីឡូក្រាម សម្រាប់បរិមាណសរុប ៥,០០០ តោន ក្នុងមួយឆ្នាំ ជារៀងរាល់ឆ្នាំ។ ការទិញក្នុងតម្លៃនេះ គឺខ្ពស់ជាងតម្លៃទីផ្សារបច្ចុប្បន្នស្ទើរតែ ទ្វេដង ខណ:បច្ចុប្បន្ននេះ តម្លៃទីផ្សារស្រូវនៅក្នុងខេត្តព្រះវិហារ មានតម្លៃត្រឹមតែចន្លោះពី ៥៥០៛ ទៅ ៦០០៛ ក្នុងមួយគីឡូក្រាម ជាតម្លៃជាក់ស្ដែងដែលឈ្មួញទិញពីកសិករ។
ថ្លែងក្នុងឱកាសនោះ អ្នកឧកញ៉ា លាង ម៉េង បានលើកឡើងថា ក្នុងនាមលោកជាថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ជីបម៉ុង ពិតជាសប្បាយចិត្តខ្លាំងណាស់ដែលបានចុះមកផ្ទាល់ ជួបជាមួយប្រជាកសិករ ជាពិសេសបងប្អូនដែលជាភរិយារបស់គ្រួសារវីរៈកងទ័ពនៅតំបន់នេះ។ លោកបានបន្ថែមថា ក្នុងនាមយើងជាខ្មែរដូចគ្នា ជាក់ស្ដែងដូចរូបលោកផ្ទាល់គឺជាចលករមួយ ដើម្បីចូលរួមផ្សព្វផ្សាយថា នៅពេលកសិករយើងជួបបញ្ហាអ្វីមួយ យើងអាចចេញមុខមកជួយដល់ពួកគាត់ឱ្យបានទាន់ពេលវេលា។ លោកបានបញ្ជាក់ទៀតថា ការសម្រេចចិត្តទិញស្រូវក្នុងតម្លៃនេះ ក៏ជាការលើកទឹកចិត្ត និងថ្លែងអំណរគុណ ដល់ការលះបង់របស់វីរៈកងទ័ព ដែលបានការពារបូរណភាពទឹកដី និងថែរក្សាសុខសន្តិភាពផងដែរ។
គួរបញ្ជាក់ផងដែរថា ការប្រកាសទិញស្រូវក្នុងតម្លៃខ្ពស់នេះ មិនត្រឹមតែជួយសម្រួលដល់ជីវភាពគ្រួសារកងទ័ពជួរមុខដែលកំពុងជួបការលំបាកប៉ុណ្ណោះទេ តែវាក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស តាមរយៈលោកអ្នកឧកញ៉ា លាង ម៉េង ផងដែរ។ សកម្មភាពមនុស្សធម៌នេះ គឺជាគំរូដ៏ល្អមួយក្នុងការចូលរួមដោះស្រាយបញ្ហាសង្គម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាកសិករនៅតាមតំបន់ដាច់ស្រយាល ដោយធានាបាននូវប្រាក់ចំណេញសមរម្យសម្រាប់ពួកគាត់។









-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព