ព័ត៌មាន
សន្និសីទគ្រូបង្រៀនឆ្នាំ២០២៥ ផ្ដោតលើ ការស្រាវជ្រាវ ការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងបញ្ញាសិប្បនិម្មិត AI
នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធី បើកសន្និសីទគ្រូបង្រៀនថ្នាក់ជាតិឆ្នាំ២០២៥ ក្រោមប្រធានបទ “គ្រូបង្រៀនជាបេះដូងនៃកំណែទម្រង់វិស័យអប់រំ៖ ការស្រាវជ្រាវ គោលនយោបាយ និងការអនុវត្តសម្រាប់ការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងបញ្ញាសិប្បនិម្មិតប្រកបដោយក្រមសីលធម៌” ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និង កីឡា តំណាងដៃគូអភិវឌ្ឍ អ្នកសិក្សាជាគណៈគ្រប់គ្រងសាលារៀន គ្រូបង្រៀននៃកម្មវិធីលើកកម្ពស់គុណវុឌ្ឍមកពីអនុវិស័យបឋមសិក្សា និងមធ្យមសិក្សា ចូលរួមផ្ទាល់ចំនួន ២០០នាក់ និងតាមប្រព័ន្ធអនឡាញប្រមាណ ៥០០នាក់។
ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីសារៈសំខាន់នៃ សន្និសីទគ្រូបង្រៀនថ្នាក់ជាតិឆ្នាំ២០២៥ ដែលបានលើកយក ប្រធានបទ “គ្រូបង្រៀនជាបេះដូងនៃកំណែទម្រង់វិស័យអប់រំ៖ ការស្រាវជ្រាវ គោលនយោបាយ និងការអនុវត្តសម្រាប់ការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងបញ្ញាសិប្បនិម្មិតប្រកបដោយក្រមសីលធម៌” ដ៏មានអត្ថន័យជ្រាលជ្រៅ បង្ហាញអំពីទិសដៅគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការកសាងមូលដ្ឋានគ្រឹះរបស់គ្រូបង្រៀន ឆ្លើយតបទៅនឹងបរិវត្តកម្មវិស័យអប់រំនៅកម្ពុជា ផ្តោតលើការប្រើប្រាស់ និងការចេះទាញយកអត្ថប្រយោជន៍ជាអតិបរិមានៃការរីកចម្រើនបច្ចេកវិទ្យាទំនើប និងបញ្ញាសិប្បនិម្មិត (AI) ក្នុងការលើកកម្ពស់គុណភាពអប់រំ តាមរយៈការអភិវឌ្ឍបំណិនឌីជីថលដល់គ្រូបង្រៀននៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថលក្នុងតំបន់ និងពិភពលោក ដែលនឹងនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានយ៉ាងច្រើនដល់វិស័យអប់រំនៅកម្ពុជា។ បច្ចុប្បន្ន វិទ្យាស្ថានគរុកោសល្យ និងសាលារៀនជំនាន់ថ្មី បានចាប់ផ្តើមធ្វើសមាហរណកម្មបច្ចេកវិទ្យាអប់រំ (EdTech) និងបញ្ញាសិប្បនិម្មិត (AI) ក្នុងការបង្រៀនដោយមើលឃើញថា នវានុវត្តន៍ និងការធ្វើសមាហរណកម្មពិតជាផ្តល់នូវភាពងាយស្រួលដល់ការបង្រៀន ការរៀន និងការស្រាវជ្រាវ ក៏ដូចជាការងាររដ្ឋបាលសិក្សា និងរង្វាយតម្លៃការសិក្សាជាដើម។
ការអភិវឌ្ឍគ្រូបង្រៀន ត្រូវការនូវគោលនយោបាយអប់រំគ្រូបង្រៀនដែលគ្រប់ជ្រុងជ្រោយ និងឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៃតម្រូវការអប់រំជាតិ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការលើកកម្ពស់ឋានៈរបស់គ្រូបង្រៀននៅក្នុងសង្គម។ ហេតុដូចនេះហើយ ទើបគោលនយោបាយស្តីពី គ្រូបង្រៀន ត្រូវបានអភិវឌ្ឍ និងកែលម្អជាបន្តបន្ទាប់ ដើម្បី៖ ១. ទាក់ទាញ និងលើកទឹកចិត្តអ្នកមានសមត្ថភាពឱ្យប្រកបវិជ្ជាជីវៈជាគ្រូបង្រៀន ២. ធានាការបណ្តុះបណ្តាលមុនពេលបម្រើការងារជាគ្រូបង្រៀន ៣. ធានាការអភិវឌ្ឍវិជ្ជាជីវៈគ្រូបង្រៀនក្នុងពេលបម្រើការងារជាប់ជាប្រចាំ និង ៤. ធានាលក្ខខណ្ឌចាំបាច់ចំពោះគ្រូបង្រៀនក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។
ជាថ្មីម្តងទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍ និងអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានគាំទ្រដល់កំណែទម្រង់គ្រូបង្រៀន ជាពិសេសបានរៀបចំសន្និសីទដ៏មានសារៈសំខាន់នេះឡើង ដោយសូមលើកទឹកចិត្តឱ្យមានការចែករំលែកជាអតិបរមាពីវាគ្មិនជំនាញ តាមរយៈកិច្ចពិភាក្សា និងបទបង្ហាញ ដែលពោរពេញទៅដោយទស្សនាទានល្អៗសម្រាប់យកទៅអនុវត្តដាក់ចេញជាសកម្មភាពជាក់ស្ដែងនៅក្នុងថ្នាក់រៀនប្រកបដោយប្រសិទ្ធភាព និងសង្ឃឹមថា សន្និសីទនេះជាប្រភពនៃគំនិតថ្មីៗ កិច្ចសហប្រតិបត្តិការថ្មីៗ និងជំរុញទឹកចិត្តអ្នកគ្រូបង្រៀនទាំងអស់ឱ្យបន្តបេសកកម្មផ្តល់នូវការអប់រំប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន ក្នុងបុព្វហេតុកសាងធនធានមនុស្សរឹងមាំសម្រាប់ប្រទេសជាតិ។
គួរបញ្ជាក់ សន្និសីទនេះរៀបចំឡើងក្នុងគោលបំណង៖ ១. លើកកម្ពស់ឧត្តមានុវត្តន៍ តាមរយៈការចែករំលែក និងពិភាក្សាអំពីឧត្តមានុវត្តន៍នៃយុទ្ធសាស្រ្ត និងវិធីសាស្រ្តបង្រៀន ដែលមានប្រសិទ្ធភាពក្នុងការលើកកម្ពស់ការសិក្សារបស់សិស្ស ២. ផ្សារភ្ជាប់ ការស្រាវជ្រាវទៅនឹងការអនុវត្ត ដោយមានការធ្វើបទបង្ហាញអំពីការសិក្សាថ្មីៗ និងផលជះ ជាក់ស្តែង ៣. ការអប់រំឌីជីថល រួមមានបង្ហាញការរួមបញ្ចូលឧបករណ៍ និងធនធានឌីជីថល ទៅក្នុងការបង្រៀននិងរៀន ដើម្បីបង្កើនការចូលរួម និងលើកកម្ពស់លទ្ធផលសិក្សាសិស្ស ៤. គំនិតផ្តួចផ្តើមសហការរួមគ្នា តាមរយៈការផ្តល់នូវវេទិកាសម្រាប់ការចែករំលែកលទ្ធផលស្រាវជ្រាវរួមគ្នា ដំណើរការរៀបចំគោលនយោបាយ ទស្សនៈវិស័យសាលារៀន និងការបង្រៀនក្នុងការកែទម្រង់សាលារៀន និង ៥. ស្ថានភាពនិងវិជ្ជាជីវៈគ្រូបង្រៀន តាមរយៈការ ស្វែងរកយុទ្ធសាស្ត្រកែលម្អ គុណវុឌ្ឍិគ្រូបង្រៀន ការគាំទ្រជាប្រព័ន្ធ ការពង្រាយគ្រូបង្រៀន និងលក្ខខណ្ឌការងាររបស់គ្រូបង្រៀន៕













-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន4 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន4 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន1 week agoគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
-
ព័ត៌មាន1 week agoមន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
-
ព័ត៌មាន4 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
PR NEWS11 hours agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!