ព័ត៌មាន
អន្តរគណៈកម្មការនៃរដ្ឋសភា ប្រជុំពិភាក្សាលើសេចក្ដីព្រាងច្បាប់ចំនួន ៣ជាមួយតំណាងរាជរដ្ឋាភិបាល
អន្តរគណៈកម្មការរដ្ឋសភា ដឹកនាំដោយឯកឧត្តម សួស យ៉ារ៉ា ប្រធានគណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) និងឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម (គណៈកម្មការទី២) ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ តំណាងគណ:កម្មការជំនាញនានា នៃរដ្ឋសភា នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានជួបប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុព្រមទាំងសហការី ដើម្បីពិនិត្យលើសេចក្តីព្រាងច្បាប់ចំនួន៣ នៅវិមានរដ្ឋសភា។
សេចក្តីព្រាងច្បាប់ដែលត្រូវបានលើកយកមកពិភាក្សារួមមាន៖១.កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ
២.កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋហ៊្វីលីពីន ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ
៣.ពិធីសារទី២ដើម្បីធ្វើវិសោធនកម្មលើ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសិង្ហបុរីស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានធ្វើការពន្យល់អំពីសេចក្តីព្រាងច្បាប់ម្តងមួយៗដល់គណ:កម្មការជំនាញរដ្ឋសភា។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានពន្យល់ថា កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នាគឺមានគោលដៅកាត់បន្ថយនូវផលប៉ះពាល់នានាដែលអាចកើតឡើងពាក់ព័ន្ធនឹងការយកពន្ធនេះ។ នៅក្នុងការចរចា កម្ពុជាប្រកាន់ខ្ជាប់នូវ ជំហររបស់ខ្លួន ស្របតាមក្របខ័ណ្ឌគោលនយោបាយដែលបានដាក់ចេញ ដើម្បីការពារឱ្យបានជាអតិបរមានូវ សិទ្ធិយកពន្ធរបស់ខ្លួន ដែលក្នុងនោះកម្ពុជាសម្រេចបាននូវ៖
១- លក្ខខណ្ឌទូលំទូលាយដែលផ្តល់ប្រយោជន៍ដល់កម្ពុជាក្នុងការកំណត់ពន្ធតាមរយៈគ្រឹះស្ថានអចិន្ត្រៃយ៍
២- ការយកពន្ធលើបុព្វលាភធានារ៉ាប់រងដែលលក់ដោយសហគ្រាសអនិវាសនជន
៣- ការយកពន្ធលើការដឹកជញ្ជូនអន្តរជាតិតាមផ្លូវទឹក
៤- ការយកពន្ធតាមរយៈសួយសារលើការជួលឧបករណ៍ឧស្សាហកម្ម ពាណិជ្ជកម្ម និងវិទ្យាសាស្ត្រ
៥- ការយកពន្ធកាត់ទុកលើកម្រៃសេវាបច្ចេកទេស
៦- ការរក្សាបាននូវអត្រាពន្ធកាត់ទុកខ្ពស់ ចៀសវាងបាននូវផលប៉ះពាល់ខ្លាំងលើចំណូលពន្ធជាតិ
៧- ការយកពន្ធលើចំណូលផ្សេងៗរបស់អនិវាសនជន
៨- ការដាក់បញ្ចូលបទប្បញ្ញត្តិស្តីពីការផ្តល់ឥណទានពន្ធចំពោះពន្ធដែលទទួលបានការអនុគ្រោះ សម្រាប់គម្រោងវិនិយោគដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ ក្នុងគោលបំណងផ្តល់ប្រយោជន៍ សម្រាប់ធានាភាពទាក់ទាញនៃការវិនិយោគផ្ទាល់មកពីបរទេសតាមរយៈការផ្តល់ការលើកទឹកចិត្ត ផ្នែកពន្ធដារ ដែលមានចែងក្នុងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។ បទប្បញ្ញត្តិដែលកម្ពុជាទាមទារបានខាងលើនេះមានលក្ខណៈពិសេសដោយសារជាទូទៅបណ្តាប្រទេសដទៃមិនធ្លាប់ទាមទារបានឡើយ។ មួយវិញទៀតដើម្បីបំពេញកាតព្វកិច្ចក្រោមក្របខ័ណ្ឌ អាស៊ានដូចបានរៀបរាប់នេះ និងដើម្បីទាក់ទាញនិងសម្រួលការវិនិយោគនិងពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងទប់ស្កាត់និងបង្ក្រាបការគេចវេះពន្ធទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ ព្រះរាជាណាចក្រកម្ពុជាបាន និងកំពុងចរចាកិច្ចព្រមព្រៀងស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការ ការគេចវេះពន្ធនិងការចៀសវាងពន្ធជាមួយបណ្តារដ្ឋសមាជិកអាស៊ាន អាស៊ានបូកបី និងបណ្តាប្រទេសឬយុត្តាធិការមួយចំនួនទៀត ផងដែរ។
ឯកឧត្តម សួស យ៉ារ៉ា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងសហការី ដែលបានយកចិត្តទុកដាក់លើការកសាងសេចក្តីព្រាងច្បាប់ក៏ដូចជាកិច្ចព្រមព្រៀងមួយចំនួនពាក់ព័ន្ធនឹងពន្ធត្រួតស៊ីគ្នាដើម្បីតម្កល់ផលប្រយោជន៍ជាតិជាធំ។
សេចក្តីព្រាងច្បាប់ទាំងបី ត្រូវបានគណៈកម្មការជំនាញនៃរដ្ឋសភា សម្រេចឯកភាពជាមួយតំណាងរាជរដ្ឋាភិបាល ដោយគណៈកម្មការនឹងធ្វើសេចក្តីរាយការណ៍ជូនសម្តេចប្រធានរដ្ឋសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីគោរពស្នើសុំដាក់បញ្ចូលសេចក្តីព្រាងច្បាប់ទាំងនេះ ទៅក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភានាពេលខាងមុខនេះ៕








-
PR NEWS2 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នក កំពង់ស្ពី ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន4 days agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អំណោយមនុស្សធម៌ជាបន្ទាន់ដើម្បីជួយសម្រាលការលំបាកជូនប្រជាជនភៀសសឹកចំនួន ២.៨៨០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយទឹកភ្លៀងនៅជំរំសុវត្ថិភាព
-
ព័ត៌មាន7 days agoអង្គភាព CMAC ទទួលបានគ្រឿងចក្រកម្ទេចមីនថ្មីទំនើបពីរដ្ឋាភិបាលជប៉ុន
-
ព័ត៌មាន5 days agoអ្នកនយោបាយលើកឡើងពីជោគជ័យដ៏ធំធេងរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុប
-
ព័ត៌មាន5 days agoអគ្គលេខាធិការសមាគមអតីតយុទ្ធជន អញ្ជើញពិនិត្យការសាងសង់ផ្ទះជូនអតីតយុទ្ធជន ក្នុងខេត្តបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចធិបតីអញ្ជើញសម្ពោធអាគារសិក្សាថ្មី និងចែកសញ្ញាបត្រដល់សមណនិស្សិត-និស្សិត នៃពុទ្ធិកសាកលវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
-
ព័ត៌មាន1 week agoអង្គទូត និងអង្គការអរន្តជាតិចំនួន២១ស្ថាប័នចុះពិនិត្យជាក់ស្ដែងនៅទីតាំងយោធាថៃឈ្លានពានចូលកម្ពុជាដោយដាក់ទូកុងតឺន័រ និងបន្លាលួសក្នុងភូមិសាស្រ្ដ ភូមិជោគជ័យ
-
ព័ត៌មាន2 days agoជនភៀសសឹកបង្ហាញក្តីឈឺចាប់ពីការឈ្លានរបស់ថៃស្របពេលអគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនីចុះសួរសុខទុក្ខ